CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផែនដីនឹងទៅជាយ៉ាងណា ពេលព្រះអាទិត្យរីកធំជាងនេះ ១០០ដង

ការសិក្សាស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ដ្របែលហ្ស៊ិកបង្ហាញថា នៅពេលព្រះអាទិត្យរីកធំជាង
បច្ចុប្បន្ន ១០០ដង វានឹងលេបត្របាក់ភពពុធ(Mercury) និងភពសុក្រ (Venus) ហើយជីវិតនៅ
លើផែនដីនឹងក្លាយទៅជាផេះទាំងស្រុង។

ជិវិតនៅលើផែនដីនឹង​ក្លាយជាផេះ ពេលព្រះអាទិត្យ​រីកធំជាបច្ចុប្បន្ន ១០០ដង

International Business Times ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រនៅ Leuven ប្រទេសបែលហ្ស៊ិក អាចព្យាករណ៍អំពីអនាគតរបស់ប្រព័ន្ធព្រះអាទិត្យ ដោយយោងទៅលើផ្កាយនៅក្បែរព្រះអាទិត្យ
ដែលមានចម្ងាយពីផែនដី ១០៨ឆ្នាំពន្លឺ ជាមួយនឹងភពដែលកំពុងងាប់បន្តិចម្ដងៗ។

នៅក្នុងការរកឃើញដែលត្រូវបានប្រកាសនៅលើទស្សនវដ្ដី Astronomy and Astrophysicsក្រុម
អ្នកវិទ្យាសាស្ដ្របានប្រើប្រាស់តេឡេស្កូប ALMA រួមនឹងអង់តែនចំនួន ៦៦ ដើម្បីពិនិត្យមើល
ផ្កាយ L2 Puppis។ កាលពី៥ពាន់លានឆ្នាំមុន ផ្កាយនេះ មានសភាពដូចព្រះអាទិត្យបច្ចុប្បន្ន។
ប៉ុន្តែ បច្ចុប្បន្ន វាជាផ្កាយមួយដែលជិតនឹងងាប់។

សាស្ដ្រាចារ្យ Leen Decin នៅស្ថានិយតារាសាស្ដ្រ KU Leuven ឱ្យដឹងថា “បន្ទាប់ពី ៥ពាន់លាន
ឆ្នាំទៀត ព្រះអាទិត្យនឹងរីក ធំជាងបច្ចុប្បន្ន ១០០ដង។ ក្រោយរយៈពេល ៧ពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងក្លាយជាផ្កាយតូចមួយដែលមានទំហំស្មើនឹងផែនដី ប៉ុន្តែធ្ងន់ជាងទម្ងន់របស់ផែន
ដីច្រើនដង”។

អ្នកវិទ្យាសាស្ដ្រ Ward Homan ថ្លែងថា ផ្កាយ L2 Puppis មានអាយុកាលប្រហែល ១០ពាន់លាន
ឆ្នាំ។ “កាលពី៥ពាន់លានឆ្នាំមុន ផ្កាយនេះគឺមានរូបរាង និងទម្ងន់ដូចព្រះអាទិត្យ។ ១/៣នៃទំហំ
របស់វា បានត្រូវបាត់បង់ក្នុងអំឡុងពេលវិវត្តន៍។ ប្រការដូចគ្នានេះ ក៏នឹងកើតឡើងចំពោះព្រះ
អាទិត្យនាពេលអនាគតផងដែរ”។

សាស្ដ្រាចារ្យ Decin និយាយថា “យើងខ្ញុំដឹងថា ព្រះអាទិត្យនឹងកាន់តែធំឡើងៗ និងភ្លឺឡើងៗ
ដូច្នេះ វាអាចនឹងបំផ្លាញសភាវមានជីវិតនៅលើផែនដី។ ប៉ុន្តែ ស្នូលរបស់ផែនដីនឹងនៅតែមាន និងបន្តវិលជុំវិញស្នូលរបស់ព្រះអាទិត្យដែលបានក្លាយជាផ្កាយ ស តូចមួយ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ itechpost


Tags: ព្រះអាទិត្យ ផែនដី អវសាននៃផែនដី ព្រះអាទិត្យរីកធំ