CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA និយាយថា ផែនដីមិនបានត្រៀមខ្លួន សម្រាប់បញ្ចៀសការប៉ះទង្គិច ជាមួយអាចម៍ផ្កាយ

ការដែលផែនដីរបស់មនុស្ស ត្រូវប៉ះទង្គិចជាមួយភព ឬអាចម៍ផ្កាយ គឺកម្រនឹងកើតមាន ប៉ុន្តែ
តាមពិត វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ មុននឹងវាក្លាយជាការពិត។

ក្រុមអ្នកវិទ្យាសាស្ដ្រ ព្រមានថា មនុស្សមិនបានត្រៀមអ្វីឱ្យច្បាស់លាស់ជាមុន ដើម្បីទប់ទល់នឹង អាចម៍ផ្កាយដែលនឹងហោះមកបុកផែនដី។ ហើយនៅពេលវាកើតឡើង យើងហាក់មិនមានអ្វី
ដើម្បីទប់ទល់។

អ្នកវិទ្យាសាស្ដ្រម្នាក់របស់ NASA ឱ្យដឹងថា ក្ដីសង្ឃឹមធំបំផុតរបស់មនុស្ស នោះគឺពឹងទៅលើ កាំជ្រួញដើម្បីបង្វែរទិសរបស់អាចម៍ផ្កាយដែលជិតនឹងបុកផែនដី។

នៅក្នុងកិច្ចប្រជុំមួយកាលពីដើមសប្ដាហ៍នេះ បណ្ឌិត Joseph Nuth មកពី NASA បានឱ្យដឹង
ថា ៖ “បញ្ហាធំបំផុតរបស់មនុស្ស នៅពេលផែនដីជួបគ្រោះថ្នាក់ធំ នោះគឺ យើងមិនអាចធ្វើអ្វីបាន
ច្រើននោះទេ។ បណ្ដាអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ គឺជាបញ្ហាធំដែលធ្លាប់ធ្វើឱ្យដាយណូស័រត្រូវ
ដាច់ពូជ។ ពិតណាស់ អ្នកអាចនិយាយបានថា គ្រោះមហន្តរាយនេះ កម្រកើតឡើង ប៉ុន្តែ មាន
រឿងខ្លះ វាកើតឡើងភ្លាមៗ ដែលមិនអាចដឹងមុនបាន”។

កាលពីអតីតកាល ផ្កាយដុះកន្ទុយមួយបានហោះមកក្បែរផែនដី។ ឆ្នាំ ១៩៩៦ ផ្កាយដុះកន្ទុយនេះ
បានហោះទៅបុកភពព្រហស្បតិ៍ ជំនួសឱ្យផែនដី ប៉ុន្តែវាបានធ្វើឱ្យមនុស្សមានការភ័យខ្លាច។

បណ្ឌិត Nuth ឱ្យដឹងថា ជាធម្មតា បណ្ដាផ្កាយដុះកន្ទុយ ត្រូវបានគេរកឃើញនៅពេលវាហួស
ពេលទៅហើយ មនុស្សមិនមានពេលគ្រប់គ្រាន់ដើម្បីបង្វែរទិសរបស់វា។

បណ្ឌិត Nuth បានស្នើឱ្យ NASA បំពាក់កាំជ្រួចដើម្បីបាញ់បង្វែរទិសអាចម៍ផ្កាយ ឬផ្កាយដុះ
កន្ទុយ ទៅលើស្ថានិយពិនិត្យអវកាសរបស់យានអវកាស ប្រការនេះ នឹងជួយសង្គោះផែនដី
ទាន់ពេល។

នេះមិនមែនជាលើកទីមួយដែលអ្នកវិទ្យាសាស្ដ្រព្រមានអំពីបញ្ហាខាងលើ។ កាលពីឆ្នាំ ២០១២ អគ្គនាយកនៃការិយាល័យគោលនយោបាយវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា John Holdren ឱ្យដឹង
ថា “បើសិនជាមានការប៉ះទង្គិច នោះផែនដីនឹងត្រូវជួបគ្រោះថ្នាក់ធំ”។

លោក John Holdren បានលើកឡើងអំពីករណីចំនួនពីរដែលទើបនឹងកើតឡើង ធ្វើឱ្យពិភព
លោកត្រូវភ័យខ្លាច។ នោះគឺការផ្ទុះអាចម៍ផ្កាយនៅលើអាកាសនៃតំបន់ Chelyabinsk របស់រុស្ស៊ី
កាលពីឆ្នាំ ២០១៣ និងករណីដុំភ្លើងយក្ស Tunguska កាលពីឆ្នាំ ១៩០៨។ បើទោះក្រុមអ្នកវិទ្យា សាស្ដ្របានខិតខំស្វែងរកអាចម៍ផ្កាយដែលអាចហោះមកបុកផែនដី ប៉ុន្តែ លោក Holdren យល់
ថា មនុស្សនៅមានការងារជាច្រើនទៀតត្រូវធ្វើ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail



Tags: ណាសា អវកាស អាចម៍ផ្កាយ គ្រោះមហន្តរាយ