CamNews

ព័ត៌មានបច្ចេកវិទ្យា 

អឺរ៉ុបនឹងបញ្ជូនយានអវកាសឡើងទៅភពព្រះអង្គារនៅសប្ដាហ៍ក្រោយ (វីដេអូ)

ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទើបតែបានចាប់ផ្ដើមកម្មវិធី ExoMars ហើយតាមរយៈនេះ យាន
អវកាស Schiaparelli នឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់អវកាស និងធ្វើដំណើរឆ្ពោះទៅកាន់
ភពព្រះអង្គារនៅថ្ងៃទី ១៩តុលាខាងមុខ។

ExoMars គឺជាបេសកកម្មទៅកាន់ភពព្រះអង្គាររបស់ ESA ត្រូវបានឧទ្ទេសនាមកាលពីថ្ងៃទី ១៤
មិនាកន្លងទៅ។ យានដំបូងរបស់បេសកកម្មនេះ គឺយានអវកាសចុះចត Schiaparelli និងយានតាម
ដានគន្លងគោចរ Trace Gas Orbiter។ នៅពេលយានតាមដានគន្លងគោចរបានទៅដល់គន្លង
គោចររបស់ភពព្រះអង្គារ ៣ថ្ងៃក្រោយមក យាន Schiaparelli នឹងត្រូវបានទម្លាក់ចុះ និងចុះចត
នៅលើភពក្រហមនេះ។

ខណៈដែលយាន Schiaparelli នឹងពិនិត្យទៅលើដីរបស់ភពព្រះអង្គារ យាន Trace Gas Orbiter 
នឹងហោះជុំវិញភពនេះ ដើម្បីពិនិត្យមើលពីចម្ងាយ និងវិភាគទៅលើបរិយាកាសរបស់ភពនេះ។

យាន Schiaparelli នឹងចុះចតនៅក្នុងតំបន់វាលរាប Meridiani Planum របស់ភពអង្ការ។ ពីគន្លង
គោចរ យាន Schiaparelli នឹងត្រូវបានទម្លាក់ចុះក្នុងល្បឿន ២១.០០០គីឡូម៉ែត្រ/ម៉ោង ក្រោយ
មកវានឹងបន្ថយល្បឿនក្នុងរយៈពេល៦នាទីដើម្បីចុះចតដោយសុវត្ថិភាព។

បន្ទាប់ពីបានចុះចតដោយសុវត្ថិភាព យាន Schiaparelli នឹងសិក្សាស្រាវជ្រាវអំពីល្បឿន និងទិស
ខ្យល់ សំណើម សម្ពាធ សីតុណ្ហភាព និងប្រការជាច្រើនទៀតអំពីភពព្រះអង្គារ។ ទិន្នន័យដែល
ប្រមូលបាននឹងត្រូវបានបញ្ជូនទៅកាន់យាន Trace Gas Orbiter ដែលកំពុងហោះហើរជុំវិញភព
អង្គារ។ នេះគឺជាបេសកកម្មទីមួយរបស់កម្មវិធី ExoMars ដើម្បីបើផ្លូវឱ្យបេសកកម្មបន្តបន្ទាប់ដែល
នឹងឡើងទៅកាន់ភពព្រះអង្គារនាពេលអនាគត៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Space


Tags: អឺរ៉ុប យាន​អវកាស ភព​ព្រះអង្គារ