CamNews

កីឡាជាតិ 

HS-Cup៖ CMAC ទម្លាក់​វេស្ទើន តែ​ប៉ូលិស និង​សៀម​រាប បន្ដ​ក្ដី​សង្ឃឹម​រៀងៗ​ខ្លួន

(ភ្នំពេញ)៖ ក្រុមវេស្ទើន បានធ្លាក់ពីការប្រកួតជម្រុះក្នុងពូលនៃពាន Hun Sen Cup ហើយ ក្រោយបរាជ័យក្រោមថ្វីជើង​ក្រុម CMAC ដោយ​លទ្ធ​​ផល ២-១ នៅ​លើ​​ទីលានពហុកីឡដ្ឋានជាតិម្សិលមិញ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរ​បាល​ជាតិ (ប៉ូលិស) ប៉ះ​ក្រុម​ខេត្ត​សៀម​រាប បានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ទាំង​ពីរ​មាន​សង្ឃឹម​ស្វែង​រក​កៅអី​ឡើងទៅវគ្គបន្ដដូចគ្នា នៅក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ។

សម្រាប់លទ្ធផលការប្រកួតពូលC ពេលនេះបានរកឃើញក្រុមឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រហើយ គឺមានក្រុមភ្នំពេញក្រោន និង​ក្រុម CMAC ។ ភ្នំ​ពេញ​ក្រោន បាន​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កំពត ៥-១ ម្សិលមិញ ដែលធ្វើឲ្យភ្នំពេញក្រោនមាន ១២​ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ​ក្រុម​ម​ស៊ី​ម៉ាក់មាន ១២​ពិន្ទុ​ដូច​គ្នា ក្រោយ​ទម្លាក់​ក្រុម​វេស្ទើន ដើម្បី​បន្ដ​ដំណើរ​ទៅ​វគ្គ​បន្ទាប់ ។

ចំណែកដោយឡែកពូលD ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ លទ្ធផលបណ្ដោះអាសន្នរឹតតែតានតឹង ត្បិតទើបរកឃើញ ១​ក្រុម​ឡើង​វគ្គ ១/៤​ផ្ដាច់​ព្រ័ត្រ គឺ​ក្រុម​ណាហ្គាវើល ដែល​មាន ១២​ពិន្ទុ​ក្នុង​ដៃ ក្រោយ​រកបាន ៣ពិន្ទុបន្ថែម ដោយសារគូប្រកួតក្រុមព្រះវិហារ ប្រកាសបោះបង់ការប្រកួតកាលពីសប្ដាហ៍មុន ។ រីឯ ១ក្រុមទៀត នៅមិនទាន់ដឹងក្រុមណាឡើយ ព្រោះពេលនេះមាន ៣ក្រុមកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។

ក្រុមប៉ូលិស, សៀមរាប និងក្រុមខេត្តស្វាយរៀង សុទ្ធតែមានពិន្ទុប្រដេញគ្នា ដែលត្រូវចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយ ដើម្បី​កំណត់​រក​ក្រុម​ឡើង​វគ្គ​បន្ដ ។ សម្រាប់​លទ្ធផលការប្រកួតម្សិលមិញ ក្រុមប៉ុលិស ប្រកួត​ស្មើ​ខេត្ត​សៀម​រាប ១-១ ដែល​ឲ្យ​ប៉ូលិស​មាន ៨ពិន្ទុ ឯ​សៀម​រាប មាន​៧​ពិន្ទុ ។ ប៉ុន្ដែ​ក្រុម​ស្វាយ​រៀង ក៏​មាន​៧​ពិន្ទុ​ដែរ ក្រោយយកឈ្នះក្រុមខេត្តក្រចេះ ៥-១ នៅលើទឹកដីរបស់ខ្លួន ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Local news Social news Phnom Penh