(ភ្នំពេញ)៖ ជាមួយគ្នានឹងការចេញមុខ ទទួលស្នើសុំឲ្យប្រព័ន្ធតុលាការស្រុកខ្មែរ ចេញមុខជួយស្វែងរកយុត្តិធម៌ ឲ្យតារាចម្រៀងស្រី កញ្ញា ពៅ បញ្ញាពេជ្រ ដែលត្រូវបានខ្មាន់កំភ្លើងបាញ់ប្រហារហូតធ្លាក់ខ្លួនពិការ នាអំឡុងឆ្នាំ២០០៧ ព្រមទាំងសិល្បការិនីដទៃទៀតនោះ ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានលើកឡើងជាចំងល់ថា «ហេតុអ្វីរាល់រឿងរ៉ាវ ដែលកើតមកលើសិល្បករ-សិល្បការិនី ការស្វែងរកយុត្តិធម៌ ហាក់ដូចជារាវម្ជុល ក្នុងបាតសមុទ្រ ?»។
លោក សុះ ម៉ាច បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកករណីអ្នកចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ប្រៀបធៀបជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំថា ក្នុងនាមស្រ្តីខ្មែរដូចគ្នា តុលាការគួរតែស្វែងរកយុត្តិធម៌ឲ្យនាង (ពៅ បញ្ញាពេជ្រ) និងសិល្បការិនីដទៃទៀត ដែលរគ្រោះដោយការបាញ់ប្រហារ និងជះទឹកអាស៊ីតស្លាប់របួសពិកា អស់ជាច្រើនឆ្នាំមកហើយ យុត្តិធម៌ត្រូវតែមានចំពោះស្ត្រីខ្មែរទូទៅ មិនថាប្រជាពលរដ្ឋ ឬសិល្បការិនីនោះឡើយ។
ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបន្តថា «ខ្ញុំសូមគាំទ្រជានិច្ច នូវរាល់ចំណាត់ការបស់តុលាការ ក្នុងការស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព ដល់ស្ត្រីខ្មែរទូទៅ។ ក្នុងន័យប្រយោជន៍ ដើម្បីលើកស្ទួយ និងឲ្យតម្លៃដល់សុភាពស្ត្រីខ្មែរយើង»។ ជាមួយនឹងកាលើកឡើងដូច្នេះ លោក សុះ ម៉ាច ក៏បានចោទជាសំណួរទៀតថា តើមានអាថ៌កំបាំងអ្វី ? តើត្រូវពឹងប៉ាវចិន និងចាន់ចាវកុងស៊ុនឲ្យជួយឬ? ការសរសេរបញ្ចេញមតិរបស់ខ្ញុំនេះ គឺតែក្នុងដែនរង្វង់នៃអ្នកសិល្បៈតែប៉ុណ្ណោះ បើមានខុសឆ្គងសូមអភ័យទោសផង..!»។
សូមបញ្ជាក់ថា អ្នកចម្រៀងស្រីរូបស្រស់ កញ្ញា ពៅ បញ្ញាពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០០៧ ត្រូវបានឧក្រិដ្ឋជនពីររូប តាមបាញ់ប្រហារ ពេលនាងចេញពីរថយន្ត នៅចំកណ្តាលទីក្រុងភ្នំពេញ។ កញ្ញា ពៅ បញ្ញាពេជ្រ គឺជាតារាចម្រៀងសម័យដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពមួយរូប ក្នុងដើមទសវត្សរ៍ ឆ្នាំ២០០០។ កញ្ញាត្រូវបានទទួលរងការបាញ់ប្រហារ ប៉ងផ្តាច់ជីវិតលើរូបនាង ដោយគ្មានត្រាប្រណី កាលពីប្រមាណ១០ឆ្នាំមុន ។ រហូតមកទល់ពេលនេះ ការបាញ់ប្រហារលើតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ហាក់នៅតែស្ថិតក្នុងអាថ៌កំបាំង នៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង