CamNews

តារា 

សុះ ម៉ាច រំឭក​ពី​ប្រវត្តិ​​តស៊ូ របស់​ឪពុក​ និង​អស់​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ឆ្អឹង​មក​ធ្វើ​បុណ្យ

(ភ្នំពេញ)៖ ជាការរំឭក​នឹកដល់គុណ​លោកឪពុក​ ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានសរសេរនៅលើហ្វេសប៊ុក​ ផ្ទាល់ខ្លួនថា« សំឡឹងមើលរូបថតលោកឪពុក ក្តុកក្តួលក្នុងចិត្ត ត្បិតអស់សង្ឃឹម ក្នុងការស្វែងរកឆ្អឹងរបស់គាត់ ដែលត្រូវពួកប៉ុលពតចាប់ចង យកទៅសម្លាប់ក្នុងអំឡុង ខែវិច្ឆិកា១៩៧៧ មិនដឹងថា នៅកន្លែងណា និងចង់យកឆ្អឹងរបស់គាត់មកធ្វើបុណ្យតាមប្រ​​ពៃណី។ ឪពុកខ្ញុំស្មោះត្រង់ លះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងទឹកដីច្បាំងដណ្តើម និងការពារបូរណភាពទឹកដី ពីចោរយៀកកុងឈ្លានពាន!»។

លោក សុះ​ ម៉ាច បានបន្តថា «ទីបំផុតត្រូវពួកអាវខ្មៅ ប៉ុល ពត របបខ្មែរក្រហម ដែលមានចិននៅពីក្រោយខ្នង សម្លាប់ដោយអយុត្តិធម៌ ព្រោះតែស្មោះត្រង់​នឹងខ្មែរ។ ខ្មែរក្បត់ខ្មែរ​ដោយសារមហិច្ឆតារបស់ប្រទេសជិតខាង ចង់លេបត្របាក់ដីខ្មែរ ធ្វើឲ្យខ្មែរឈ្លោះគ្នាទុកគ្នាជាសត្រូវ កាប់ស​ម្លាប់ជាតិសាសន៍ខ្លួនឯង អស់រាប់លាន​នាក់ ប្រទេសជាតិរលាយខ្ទេចខ្ទី​ នេះហើយលទ្ធផលនៃខ្មែរ​បែកបាក់!»។

ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានបន្តទៀតថា «ខ្មែរត្រូវភ្ញាក់ខ្លួនឡើង ហើយតោងគិតថា តើនរណាខ្លះមានបំណងអាក្រក់មកលើខ្មែរ ? ហើយត្រូវបែងចែកឲ្យច្បាស់ មិត្តនិងសត្រូវប្រវត្តិសាស្រ្ត ដែលនៅតែចិញ្ចឹមចិត្ត និងពុតត្បុតដ៏អាក្រក់របស់ពួកគេ មកលើយើង ។​ តើខ្មែរជ្រើសរើសយកការរួបរួមសាមគ្គី ដើម្បីការពារជាតិ និងទឹកដីឲ្យរុងរឿង ឬជ្រើសរើសយ​កការបែកបាក់ ឲ្យជីវិតខ្មែរស្លាប់និរាសព្រាត់ប្រាស ប្រទេសជាតិរលាយទៀត? »។

តារាសិល្បៈល្បីឈ្មោះ លោក សុះ ម៉ាច បានបន្ថែមថា «សូមខ្មែរគ្រប់បក្សគ្រប់ស្រទាប់វណ្ណៈខ្មែរក្នុង និង ក្រៅប្រទេសមេត្តាមានឆន្ទៈ ឧត្តមគតិ និងមនសិការស្មោះត្រង់តម្កល់រឿងជាតិឲ្យខ្ព​ស់​ជាធំ រួបរួមដោះស្រាយរឿងជាតិ ទឹកដី បញ្ឈប់ទឹកភ្នែក និងឈាមខ្មែរឲ្យឈប់ហូរតទៅទៀ​​តទៅ អាណិតប្រជាពល​រដ្ឋ និង​ប្រទេសជាតិផង។ ខ្ញុំបាទបាននិពន្ធចម្រៀងមួយបទ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឪពុកខ្ញុំ និងដើម្បីប្រទេសជាតិរបស់ខ្ញុំផងដែរ ហើយនឹងត្រៀមថត​ឆាប់ៗ នៅពេលដែលមានថវិកា​​គ្រប់គ្រាន់!»៕ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sos mach