CamNews

តារា 

សុះ ម៉ាច ស្នើ​​ឲ្យ​អ្នក​ចម្រៀង និង​​ផលិតករ​​​បច្ចុប្បន្ន បញ្ឈប់​​រាល់​​​ការ​​យក​​​ទំនុក​​​ភ្លេង​​មរត

(ភ្នំពេញ)៖ ដោយសង្កេតឃើញថា បច្ចុប្បន្ននេះមានតារាចម្រៀង និងផលិតករខ្មែរមួយចំនួន បានជ្រើសយ​កបទចម្រៀង​ពីជំនាន់ដើម (​មរតកដើម) មកប្តូរឬកាឡៃទំនុកច្រៀង និងសាច់ភ្លេងផ្សេ​ង​ៗគ្នានោះ ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានចេញមុខប្រកាស ដោយស្នើ​ឲ្យ​បញ្ឈប់នូវរាល់សកម្មភាពទាំងនេះ ជាបន្ទាន់ ខណៈ​កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់ចេញសេចក្តីប្រកាស ព្រមានលើករណីនេះផងដែរ។

លោក សុះ ម៉ាច​ ជាប្រធានសមាគមសិល្បករកម្ពុជា បានលើកឡើងថា «ឈប់បានគួរតែប​ញ្ឈប់ទៅ។ នេះជាពាក្យដែលខ្ញុំបាទសូមសំណូមពរ ទៅដល់ក្រសួង ផលិតករ សិល្បករសិល្បការិនីល្បីៗ ចាស់ថ្មីមួយចំនួន ដែលកន្លងមក ក៏ដូចជាសព្វថ្ងៃ បាននិងកំពុងតែយកបទចម្រៀងមរតកដើម របស់​វីរៈសិល្បករ-វិរៈសិល្បការិនី ជំនាន់មុន មកកាឡៃប្តូរទំនុកច្រៀង ពីប្រុសទៅស្រី​ ពីស្រីមកប្រុស យ៉ាងអាណាធិបតេយ្យ!»។

លោក សុះ ម៉ាច បានបញ្ជាក់ថា «គួរតែបញ្ឈប់ហើយងាកមកនាំគ្នា រួបរួមជួយអភិរក្ស និងផលិតនូ​វបទភ្លេង ទំនុកច្រៀងថ្មីឲ្យបានច្រើនវិញ នោះវាប្រសើរជាជាង។ ម៉្យាងវិញទៀត វាជួយជំ​រុ​ញឲ្យវិស័យសិល្បៈចម្រៀង​របស់យើង មានការអភិវឌ្ឍន៍ និងមានភាពរីកចម្រើនតទៅថ្ងៃមុខ។ ខ្ញុំនៅចាំបាន​ថា ​កាលពីដើមឆ្នាំ២០១៦ ក្រសួងវប្បធម៌​បានចេញសេចក្តី ប្រកាសរាល់បទច​ម្រៀងមរតកដើម ត្រូវអភិរក្សថែរក្សា ដោយហាមយកទៅចម្លង និងកាឡៃធ្វើអាជីវកម្ម។ ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់ពុំមានការយកចិត្តទុកដាក់ គោរពនិងអនុវត្តន៍ តាមការណែនាំរបស់ក្រ​សួង ពីសំណាក់ផលិតកម្ម កវី និងតារាចម្រៀងល្បីៗមួយចំនួនសោះឡើយ ហើយបែរជាបន្តបន្ថែមយកបទមរតកដើម ទាំងនោះមកកាឡៃប្តូរទំនុក ព្រោងព្រាតទៀតផង!»

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បាននិយាយទៀតថា «បើទោះបីជាបទចម្រៀ​ង​ទាំងនោះ រួមទាំងបទចម្រៀងទាំង១៣០បទ របស់លោក ស៊ីន ស៊ីសាមុត និង១បទរបស់អ្នកស្រី រស់ សេរីសុទ្ធា កំពុងតែស្ថិតនៅក្រោម ការគ្រប់គ្រងអភិរក្សកម្មសិទ្ធិបញ្ញា របស់ក្រសួងវប្បធម៌ រ​យៈពេល​១៤ ឬ ១៥ឆ្នាំ​ទៀត មុននឹងក្លាយជា​សម្បត្តិ​សាធារណៈក៏ដោយ ខ្ញុំជឿជាក់ថា អ្វីៗទាំងអស់ វាផ្តើមចេញពីឆន្ទៈ និងមនសិការរបស់យើងទាំងអស់គ្នា ដែលត្រូវរួមចំណែកគិតគូ ដល់ស្នា​ដៃរបស់ម្ចាស់ដើម!»

ជាមួយគ្នានេះ លោក សុះ ម៉ាច បានបន្ថែមថា «ខ្ញុំក៏សូមគោរពសរសើរ ដោយស្មោះអស់ពីដួង​ចិត្ត​ដល់ផលិតករ កវី តារាចម្រៀងប្រុសស្រីល្បីៗ មួយចំនួន ដែលយកចំណេះដឹង គំនិតប្រាជ្ញានិងពេលវេលា ខំបង្កើតនូវបទចម្រៀងថ្មី រហូតដល់ទទួលបាននូវការគាំទ្រ និងល្បាញល្បីទៀតផង។ ជាចុងក្រោយខ្ញុំបាទ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា លោកអ្នកក៏ដូចជាមិត្តសិល្បៈទាំងអស់គ្នា នឹងមានឆន្ទៈ មនសិការ រួមចំណែកអភិរក្ស លើកស្ទួយវិស័យសិល្បៈចម្រៀងឲ្យគង់វង្ស ស្ថិតស្ថេរ និងរីកចម្រើនមិនខាន!»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ មានផលិតកម្មធំៗ របស់ខ្មែរជាច្រើន បាននឹងកំពុងសប្បាយរីករាយ នៅក្នុងការយកបទភ្លេង ឬទំនុកច្រៀង ពីសម័យដើម ដើម្បីយកមកច្រៀងជាថ្មី ដោយបាននិពន្ធអត្ថន័យ នៃបទចម្រៀងផ្សេងពីអត្ថន័យដើម រួចហើយឲ្យតារាចម្រៀងថ្មី ល្បីក្នុងផលិតកម្មរបស់ខ្លួនច្រៀងឡើងវិញ។ ចំណុចនេះត្រូវបានមហាជនមើលឃើញ ថា មិនយូរមិនឆាប់អ្នកចម្រៀងជំនាន់ដើម ដែលបានបន្សល់ទុកបទភ្លេងជាយូរលង់មកហើយនោះ នឹងត្រូវបានបង់បន្តិចម្ដងៗ តាមសម័យកាល តាមរយៈតារាចម្រៀងថ្មីៗ ដែលយកបទរបស់តារាចម្រៀងដើមនោះ មកច្រៀង ហើយពេលនោះ កូនខ្មែរជំនាន់ក្រោយ ​នឹងលែងស្គាល់ម្ចាស់បទដើម ជាបន្តបន្ទាប់ ក៏ថាបាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sos mach