ក្រុមអ្នកតារាសាស្ដ្រនៅអាល្លឺម៉ង់ បានរកឃើញភពមួយដែលសមស្របនឹងមានជីវិតរស់នៅ ហើយ
វាអាចនឹងមានទឹកក្នុងទម្រង់រាវ។ ភពនេះ វិលជុំវិញផ្កាយមេរបស់វា ដែលមានចម្ងាយពីព្រះអាទិត្យ
៤,២៥ឆ្នាំពន្លឺ។
បើសិនជាការពិត នោះ ភពនេះ អាចនឹងជាទីចាប់អារម្មណ៍បំផុតក្នុងវិស័យតារាសាស្ដ្រ
ចាប់តាំងពីបានបង្ហោះនៅលើអវកាសកាលពីឆ្នាំ ២០០៩ យានអវកាស Kepler របស់ទីភ្នាក់ងារ
អវកាសអាមេរិក (NASA) បានរកឃើញភពចំនួន ជាង ៤.០០០ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។
ក្នុងចំណោមនោះ មានភពចំនួន ២១៦ មានលក្ខណៈដូចផែនដី ស្ថិតនៅក្នុងតំបន់ Goldilocks
Zone (តំបន់ដែលមានកំដៅ អាចឱ្យមានទឹករាវកើតឡើង)។ ប៉ុន្តែ បណ្ដាភពនេះ នៅឆ្ងាយពីផែនដី
រាប់ពាន់ឆ្នាំពន្លឺ ដែលមនុស្សមិនអាចទៅដល់ នេះបើតាមទំព័រ News.com.au ។
ដោយការប្រើប្រាស់កែវពង្រីកនៅស្ថានីយ៍តារាសាស្ដ្រនៅភាគខាងត្បូងអឺរ៉ុប (ESO) ក្នុងប្រទេស
អាល្លឺម៉ង់ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញភពមួយដែលសមស្របក្នុងការរស់នៅ។ ភពនេះ វិល
ជុំវិញ Proxima Centauri ដែលជាផ្កាយក្រហមមួយ មានចម្ងាយពីព្រះអាទិត្យប្រហែល ៤,២៥ឆ្នាំពន្លឺ។
នេះគឺជាភពដែលអាចនឹងមានមនុស្សភពផ្កាយ ហើយវានៅក្បែរផែនដីបំផុត ពោលគឺមានន័យថា
មនុស្សអាចទៅដល់ភពនេះ។
ទំព័រ Der Spiegel របស់អាល្លឺម៉ង់ ដកស្រង់ប្រភពព័ត៌មានពី ESO ឱ្យដឹងថា “ភពដែលមិនទាន់ត្រូវ
បានគេដាក់ឈ្មោះនេះ មានលក្ខណៈដូចទៅនឹងផែនដី ហើយវិលជុំវិញផ្កាយ Proxima Centauri
នៅក្នុងតំបន់ដែលអាចមានទឹករាវហូរនៅលើផ្ទៃខាងលើ ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត។
អ្នកវិទ្យាសាស្ដ្រ មិនដែលបានរកឃើញភពណាមួយដែលដូចផែនដី និងនៅក្បែរផែនដីដូច្នេះទេ”។
មុននេះ ក្រុមអ្នកតារាសាស្ដ្រនៅស្ថានីយ៍ ESO ធ្លាប់បានអះអាងថា បានរកឃើញភពនៅខាងក្រៅ
ព្រះអាទិត្យ ដែលជិតផែនដីបំផុត កាលពីឆ្នាំ ២០១២ បើទោះក្រោយមក គេបានស្រាវជ្រាវឃើញថា
លទ្ធផលនេះ មិនគួរជាទីជឿជាក់។ ប្រភពពី ESO បានសង្កត់ធ្ងន់ថា ការរកឃើញថ្មីបំផុតនេះ មាន
លក្ខណៈប្រាកដនិយម និងជាលទ្ធផលនៃការសិក្សាស្រាវជ្រាវស៊ីជម្រៅបំផុត។ ESO សង្ឃឹមថា នឹង
អាចប្រកាសជាផ្លូវការនូវរបកគំហើញថ្មីនេះ នៅចុងខែសីហាខាងមុខ៕
ប្រែសម្រួល ៖ តារា