ព្រះចន្ទសព្វថ្ងៃ អាចកើតឡើងពីការរួមបញ្ចូលគ្នារវាងព្រះចន្ទតូចៗចំនួន ២០ ផ្សេងគ្នា ក្រោយ
ពីកូនភពទាំងឡាយហោះមកបុកផែនដី កាលពីយុគសម័យដំបូង។
ព្រះចន្ទដែលយើងមើលឃើញសព្វថ្ងៃ មិនមែនជាភពរណបដំបូងរបស់ផែនដីនោះទេ ប៉ុន្តែ វា
អាចកើតឡើងដោយសារការហោះបុកគ្នា និងរួមបញ្ចូលគ្នារវាងអាចម៍ផ្កាយនានា នេះបើតាម
លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលត្រូវបានប្រកាសនៅលើទស្សនាវដ្ដី Nature Geoscience។
ការកកើតរបស់ព្រះចន្ទ គឺជាសំនួរមួយដែលរហូតមកដល់ពេលនេះ មិនទាន់មានចម្លើយ។
សម្មតិកម្មធំបំផុតត្រូវបានគេលើកឡើងកាលពីអំឡុងទសវត្សរ៍ ១៩៧០ ត្រូវបានគេហៅថា ការ
ប៉ះទង្គិចធំ (Giant Impact) នេះបើតាមទំព័រ Telegraph។ សម្មតិកម្មនេះយល់ថា ភព Theia មាន
ទំហំប៉ុនភពព្រះអង្គារ ហោះមកបុកផែនដី កាលពី ៤,៣១ពាន់លានឆ្នាំមុន បង្កបានជាពពកដ៏ធំ
មួយ ដែលមានផ្ទុកបំណែករាប់មិនអស់របស់ភព Theia ក្នុងអវកាស។ ក្រោយមក បំណែកទាំង
នោះ បានប្រមូលផ្ដុំគ្នា បង្កើតបានជាព្រះចន្ទសព្វថ្ងៃ។
ប៉ុន្តែ មានបញ្ហាចោទជាច្រើនជុំវិញសម្មតិកម្មខាងលើ។ ក្រោយពីវិភាគទៅលើថ្មរបស់ព្រះចន្ទ
ដែលត្រូវបានអ្នកអវកាសនាំយកមកកាន់ផែនដី ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា ថ្មព្រះចន្ទ
មានលក្ខណៈដូចថ្មនៅលើផែនដី។ ពោលគឺ មិនមានសញ្ញាណាបង្ហាញថា ភព Theia ហោះ
មកបុកផែនដីនោះទេ។
ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ អ៊ីស្រាអែល បានលើកឡើងនូវសម្មតិកម្មថ្មី បន្ទាប់ពីធ្វើការវិភាគនៅ
លើកុំព្យូទ័រ ស្ដីអំពីការប៉ះទង្គិចជាមួយផែនដី។ ពួកគេរកឃើញថា បើសិនផែនដីត្រូវអាចម៍ផ្កាយ
ដែលមានទំហំតូចជាភព Theia ហោះមកបុក ព្រះចន្ទតូចៗប្រហែល២០ នឹងកើតឡើងពីបំណែក
របស់ផែនដី ហើយវារួមបញ្ចូលគ្នា ទៅតាមពេលវេលា។ ក្រៅពីនេះ ការប៉ះទង្គិចខ្នាតតូចល្បឿន
លឿននឹងធ្វើឱ្យបំណែកតូចៗរបស់ផែនដីត្រូវខ្ទាតចេញមកក្រៅច្រើនជាងការប៉ះទង្គិចធំៗ។
Hagai Perets សមាជិកម្នាក់របស់ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើនិយាយថា ៖ “តាមការរកឃើញ
របស់យើងខ្ញុំ ផែនដីកាលពីមុន មានព្រះចន្ទច្រើន។ ព្រះចន្ទនិមួយៗ កើតឡើងដោយសារការ
ប៉ះទង្គិចមួយផ្សេងៗគ្នា រវាងកូនភព និងផែនដី”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ space