ការទន្ទឹងរង់ចាំរបស់អ្នកនិយមប្រើប្រាស់ទូរសព្ទទំនើប iPhone របស់ក្រុមហ៊ុន Apple ជិតមកដល់ហើយ ដោយសារតែក្រុមហ៊ុននេះ នឹងប្រកាសចេញលក់ទូរសព្ទថ្មី ៣ ម៉ូដែល អំឡុងសន្និសីទកាសែតរបស់ខ្លួន នៅខែក្រោយ នេះបើតាមការឱ្យដឹងរបស់សារព័ត៌មាន Bloomberg។ មកទល់នឹងពេលនេះ ក្រុមហ៊ុន Apple ពុំទាន់ប្រកាសកាលបរិច្ឆេទជាក់លាក់ នៅពេលខ្លួនដាក់បង្ហាញទូរសព្ទម៉ូដែលថ្មីរបស់ខ្លួនជាសាធារណៈនោះទេ ប៉ុន្ដែជាធម្មតាក្រុមហ៊ុននេះ តែងតែប្រកាសពីកាលបរិច្ឆេទច្បាស់លាស់ឱ្យសាធារណៈជនដឹង នៅដើមខែកញ្ញា។
សារព័ត៌មាន Bloomberg បានឱ្យដឹងថា បើតាមការរាយការណ៍ ក្រុមហ៊ុននេះ គ្រោងនឹងដាក់ចេញលក់ទូរសព្ទថ្មី ៣ ម៉ូដែលលើទីផ្សារ បូករួមទាំងម៉ូដែល ដែលមានទំហំអេក្រង់ ៦.៥ អ៊ីញ ជាម៉ូដែល ដែលមានអេក្រង់ធំបំផុត ដែលក្រុមហ៊ុននេះពុំធ្លាប់ផលិតពីមុនមក លើស៊េរី iPhone។ ក្រុមហ៊ុននេះ ក៏នឹងចេញលក់ក្នុងទីផ្សារផងដែរនូវម៉ូដែល ដែលមានទំហំអេក្រង់ ៥.៨ អ៊ីញ ដែលជាទំហំប៉ុននឹង iPhone X នាពេលបច្ចុប្បន្ន ព្រមទាំងម៉ូដែលតម្លៃសមរម្យ ដែលមានទំហំអេក្រង់ ៦.១ អ៊ីញ។ ដំណឹងនេះ ត្រូវនឹងរបាយការណ៍របស់អ្នកវិភាគពីខែធ្នូឆ្នាំ ២០១៧ ដែលបាននិយាយថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរសព្ទថ្មី ៣ ម៉ូដែល នៅលើទីផ្សារ នៅឆ្នាំនេះ។
ទូរសព្ទថ្មី ៣ ម៉ូដែលនេះ ត្រូវបានគេនិយាយថា ចាក់សោដោយស្គែនមុខ(Face ID) ដែលអនុញ្ញាតឱ្យអ្នកបើកសោទូរសព្ទ ដោយសំឡឹងមុខរបស់អ្នកដាក់ទូរសព្ទ ជំនួសឱ្យការស្គែនក្រយ៉ៅដៃ។
យោងតាមរបាយការណ៍បានឱ្យដឹងថា iPad Pro ស៊េរីថ្មី ដែលរួមមានម៉ូដែលអេក្រង់ ១១ អ៊ីញ និងម៉ូដែលអេក្រង់ ១២.៩ អ៊ីញ ដែលចាក់សោដោយស្គែនមុខដែរនោះ ក៏គេរំពឹងថា នឹងប្រកាសចេញលក់លើទីផ្សារ នៅរដូវភ្លៀងនេះដែរ។
Bloomberg និយាយថា ក្រុុមហ៊ុន Apple នឹងប្រកាសលក់ទូរសព្ទ iPhone ជាច្រើនពណ៌ផ្សេងគ្នា ប៉ុន្ដែមិនបានបង្ហើបថា ពណ៌ទាំងនោះ ថ្មីខុសពីពណ៌ស៊េរីបច្ចុប្បន្ន ដែលក្រុមហ៊ុន Apple បានលក់ហើយនោះទេ។ ភ្លាមៗនេះ ក្រុមហ៊ុន Apple ពុំទាន់អាចឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ ចំពោះរឿងនេះនៅឡើយទេ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ សុីអិនប៊ីសុី