CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផែនដីផ្ញើពាក្យស្វាគមន៍ទៅកាន់មនុស្សភពផ្កាយ ដោយប្រើរលកសញ្ញាវិទ្យុ ឬឡាហ្សែរ

ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក កំពុងរៀបគម្រោងផ្ញើសារទៅកាន់បណ្ដាភពដែលនៅឆ្ងាយៗ ដោយ
ប្រើរលកវិទ្យុ ឬឡាហ្សែរ។

អង្គការមួយមានឈ្មោះថា METI (Messaging Extra Terrestrial Intelligence) កំពុងរៀបគម្រោង
ផ្ញើរលកសញ្ញាវិទ្យុទៅកាន់បណ្ដាភពដែលនៅឆ្ងាយ ជំនួសឱ្យការរង់ចាំមនុស្សភពផ្កាយទាក់ទង
មកកាន់ផែនដី នេះបើតាមទំព័រ Phys.Org ។

ចុងឆ្នាំ ២០១៨ គម្រោងខាងលើនឹងបញ្ជូនពាក្យស្វាគមន៍តាមរយៈរលកសញ្ញាវិទ្យុ ឬឡាហ្សែរ ទៅ
កាន់ភព Proxima b ដែលជាភពមួយវិលជុំវិញផ្កាយ Proxima Centauri ដែលនៅក្បែរព្រះអាទិត្យ
បំផុត។ ក្រោយមក នឹងផ្ញើទៅកាន់បណ្ដាភពដែលមានចម្ងាយពីផែនដីរាប់រយ ឬរាប់ពាន់ឆ្នាំពន្លឺ។

Douglas Vakoch ប្រធានអង្គការ METI ឱ្យដឹងថា “បើយើងចង់ធ្វើការផ្លាស់ប្ដូរពីជំនាន់មួយទៅ
ជំនាន់មួយ យើងត្រូវការសិក្សា និងចែករំលែកព័ត៌មាន។”

បន្ទាប់ពីបានត្រូវបង្កើតឡើងកាលពីឆ្នាំទៅ METI នឹងបើកកិច្ចប្រជុំចំនួនពីរលើកនៅឆ្នាំក្រោយ
នៅក្រុង Paris ប្រទេសបារាំង និង St. Louis អាមេរិក។ អង្គការនេះក៏មានគម្រោងរៃអង្គាសប្រាក់
១លានដុល្លារអាមេរិករៀងរាល់ឆ្នាំសម្រាប់ក្រុមសិក្សាស្រាវជ្រាវ។ ផ្នែកមួយនៃគម្រោងនេះគឺការ
ប្រមូលផ្ដុំពាក្យស្វាគមន៍ដើម្បីផ្ញើទៅកាន់មនុស្សភពផ្កាយ។

គម្រោងរបស់ METI ធ្វើឱ្យមានការជំទាស់ពីអ្នកវិទ្យាសាស្ដ្រមួយចំនួន។ យោងតាមអ្នកវិទ្យាសាស្ដ្រ
David Brin និង Stephen Hawking មនុស្សយើងមិនគួរបង្ហើបអំពីទីតាំងរបស់ខ្លួន ព្រោះមនុស្សភព
ផ្កាយអាចនឹងមានក្រុមអាក្រក់។ ពួកគេអាចនឹងមកកាន់ផែនដីក្នុងបំណងមិនល្អ។

យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួន បានអបអរសាទរចំពោះកិច្ចប្រឹងប្រែងខាងលើ។ Seth
Shostak អ្នកតារាសាស្ដ្រជាន់ខ្ពស់នៅមន្ទីរ SETI ឱ្យដឹងថា ៖ “ខ្ញុំនឹងមានការសប្បាយចិត្តនៅពេល
គម្រោងនោះត្រូវបានគេអនុវត្ត។ ខ្ញុំគិតថា យើងនឹងមានអ្វីមួយដើម្បីសិក្សា ជំនួសឱ្យការដែលគ្រាន់
តែព្រួយបារម្ភ។ យ៉ាងហោចណាស់ក៏យើងអាចដឹងថា យើងក៏មានអ្នកជិតខាងនៅក្បែរ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ sciencealert


Tags: អវកាស ផែនដី មនុស្សភពផ្កាយ រលកវិទ្យុ ពាក្យស្វាគមន៍