(អាប៊ូ ដាប៊ី)៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានប្រកាសថា ខ្លួនគ្រោងកសាងទីក្រុងនៅលើភពព្រះអង្គារ ដែលស្ថិតនៅចម្ងាយរាប់រយលានគីឡូម៉ែត្រ ពីភពផែនដី ឲ្យបាននៅឆ្នាំ២១១៧ ដែលគិតទៅគឺនឹងមានរយៈពេល ១០០ឆ្នាំទៀតឯណោះ។ នេះបើតាមការដកស្រង់ពី ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
គំរោងដ៏ធំមហិមាខាងលើនេះមានឈ្មោះថា «Mars 2117» ដែលទីក្រុងនេះនឹងរួមសហការបង្កើត ជាមួយបណ្តាប្រទេសមាន សក្តានុពលមួយចំនួនទៀតរបស់អន្តរជាតិ។ នេះបើតាមការថ្លែងរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី អេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al-Maktoum នៅក្នុងកិច្ចប្រជុំកំពូល នៃរដ្ឋាភិបាលពិភពលោកលើកទី៥ ដែលធ្វើឡើងនៅទីក្រុង ឌូបៃ ដ៏ធំបំផុត របស់ប្រទេសអារ៉ាប់មួយនេះ ដែលជាបណ្តុំកំពូលមហាសេដ្ឋី និងមានហេដ្ឋារចនាសម្ព័ន្ធអស្ចារ្យជាងគេលើលោក។
ប្រទេសអារ៉ាប់ដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនេះរំពឹងថា នឹងយកយុវជនដែលស្រឡាញ់ការស្រាវជ្រាវរបស់ខ្លួន ទៅបំពេញបេសកកម្មលើភពព្រះអង្គារ និងបង្កើតទីក្រុងបែបស្រាវជ្រាវ នៅលើនោះឲ្យបាននៅឆ្នាំ២១១៧។ សម្រាប់ដៃគូប្រកបដោយឥទ្ធិពលនោះ គឺអាចជាអង្គការ NASA របស់អាមេរិក អង្គការ ESA របស់អឺរ៉ុប ទីភ្នាក់អវកាសរុស្ស៊ី ទីភ្នាក់ងារអវកាសចិន និងទីភ្នាក់ងារអវកាសឥណ្ឌាជាដើម។
គួរបញ្ជាក់អង្គការ NASA ក៏គ្រោងនាំមនុស្សដំបូង ទៅកាន់ភពអង្គារផងដែរ នៅឆ្នាំ២០៣០ ដោយមានការសហការធំជាងគេ ជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ ភពអង្គារមិនមែនជាកម្មសិទ្ធិ របស់នរណាផ្តាច់មុខឡើយ ដូច្នេះអ្នកដែលមានគោលដៅសិក្សាស្រាវជ្រាវ ក្នុងន័យល្អ ដើម្បីផលប្រយោជន៍មនុស្សជាតិ នោះនឹងត្រូវអនុញ្ញាតដោយស្មើភាព ដើម្បីទៅកាន់ទីនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង