ទោះជាមានអំណះអំណាងមួយចំនួន ប៉ុន្ដែ ការដែលថា ព្រះចន្ទ Enceladus របស់ភពព្រះសៅរ៍
អាចមានជីវិតរស់នៅ មិនទាន់ត្រូវបាន NASA យល់ស្របនៅឡើយ។
Enceladus គឺជាព្រះចន្ទធំទី ៦របស់ភពព្រះសៅរ៍ ដែលត្រូវបានរកឃើញដោយតារាវិទូ William
Herschel កាលពីឆ្នាំ១៧៨៩។ ព្រះចន្ទនេះ មានអង្កត់ផ្ចិត ៥០០គីឡូម៉ែត្រ ស្មើនឹង ១/១០ នៃ
ទំហំរបស់ Titan ដែលជាព្រះចន្ទធំបំផុតរបស់ភពព្រះសៅរ៍។ Enceladus គឺជាព្រះចន្ទដែលជះ
ពន្លឺខ្លាំងបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។
កាលពីឆ្នាំ ២០០៥ អ្នកវិទ្យាសាស្ដ្រ បានរកឃើញបណ្ដាក្រហែងទឹកយក្ស នៅតំបន់ប៉ូលខាង
ត្បូងរបស់ព្រះចន្ទ Enceladus ក្នុងអំឡុងបេសកកម្មរបស់យានអវកាស Cassini-Huygens ដែល
ជាគម្រោងរបស់ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប។ ក្រហែងទឹកយក្សទាំងនេះ បានរួមចំណែក ក្នុងការបង្កើតវត្ថុធាតុថ្មីសម្រាប់ខ្សែក្រវ៉ាត់ជុំវិញភពព្រះសៅរ៍ ដោយវត្ថុទាំងនោះ មានប្រភពមក
ពីមហាសមុទ្រដែលមានកម្រាសប្រហែល ៩,៧គីឡូម៉ែត្រ ស្ថិតក្រោមផ្ទាំងទឹកកកកម្រាសពី ៣១
ទៅ ៤០គីឡូម៉ែត្រ នៅផ្នែកខាងលើនៃស្នូលថ្ម។
ចុងឆ្នាំ ២០០៨ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញចំហាយទឹកបាញ់ចេញពីផ្ទៃខាងលើនៃព្រះចន្ទ
Enceladus។ ប្រការនេះ បញ្ជាក់ថាព្រះចន្ទនេះ មានទឹក ហើយតាមរយៈទឹក វានឹងមានជីវិតរស់
នៅ។ Candice Hansen អ្នកវិទ្យាសាស្ដ្រម្នាក់នៃមន្ទីរពិសោធរបស់ NASA នៅ California បាន
ដឹក នាំក្រុមការងារមួយដើម្បីស្រាវជ្រាវអំពីធូលីគីមីនៅលើព្រះចន្ទ Enceladus ព្រះថា វាជាប់
ទាក់ទិននឹងទឹក។
Dennis Matson អ្នកវិទ្យាសាស្ដ្រនៃកម្មវិធីស្រាវជ្រាវ Cassini របស់មន្ទីរស្រាវជ្រាវ JPL របស់
NASA បានថ្លែងថានៅក្នុងដីជ្រៅនៃព្រះចន្ទខាងលើ មានសមាសធាតុសរីរាង្គចម្រុះ ប្រភព
កំដៅ និងទឹក ដែលនេះគឺជាសមាសធាតុសំខាន់សម្រាប់ជីវិតរស់នៅ។
បណ្ដាភ័ស្តុតាងពីយានអវកាស Cassini បង្ហាញថា នៅក្រោមស្រទាប់ទឹកកកលើ Enceladus
អាចមានមហសមុទ្រ។ បណ្ដាផ្ទាំងទឹកកកដែលត្រូវបានយាន Cassini វិភាគ បានបង្ហាញថា វា
គឺទឹកកកដែលកើតឡើងពីទឹកអំបិល។ អ្នកវិទ្យាសាស្ដ្រគន់គូរឃើញថា ទឹកអំបិលដ៏មហិមាបែប
នេះ គឺអាចកើតឡើងតែនៅក្នុងសមុទ្រប៉ុណ្ណោះ។ ដូច្នេះ ព្រះចន្ទ Enceladus បានក្លាយជាទីតាំង
សំខាន់ដែលអាចមានជីវិតរស់នៅក្រៅផែនដី។ ក្រៅពីនេះ ក៏មានសម្មតិកម្មមួយដែលយល់ថា
ប្រភពទឹកនៅលើព្រះចន្ទ Enceladus គឺចេញមកពីមហាសមុទ្រមួយ នៅខាងក្រោមដីនៃព្រះ
ចន្ទនេះ។
ការស្រាវជ្រាវរបស់បណ្ឌិត Paul Helfenstein បង្ហាញថា ផ្ទាំងដីនៃព្រះចន្ទ Enceladus អាចត្រូវ
បានបំបែកដោយសារកម្លាំងរបស់ទឹក។ អ្នកវិទ្យាសាស្ដ្រ Carolyn Porco ដែលបានចូលរួមសិក្សា ស្រាវជ្រាវអំពីបណ្ដាព្រះចន្ទរបស់ភពព្រះសៅរ៍ ថ្លែងថា "យើងខ្ញុំកំពុងមានភ័ស្តុតាងដែលបញ្ជាក់
ថា មានទឹកស្ថិតក្នុងសភាពរាវ នៅលើព្រះចន្ទ Enceladus"។
ទឹកបាញ់ចេញពីក្រហែងទឹកកក នៅលើព្រះចន្ទ Enceladus
អ្នកវិទ្យាសាស្ដ្រអាមេរិកមួយក្រុម កំពុងស្នើសុំជំនួយពី NASA ដើម្បីបង្កើតកូនយានអវកាសមួយ
ហោះទៅកាន់គន្លងគោចររបស់ព្រះចន្ទ Enceladus បំណងយកទឹកដែលបាញ់ពីក្រហែងដីមក
សិក្សាស្រាវជ្រាវ និងស្វែងរកជីវិតនៅទីនោះ ប្រសិនមាន។ យ៉ាងនេះក្ដី NASA មិនទាន់យល់
ព្រមនៅឡើយ ព្រោះថា សីតុណ្ហភាពរបស់ព្រះចន្ទនេះ ទាបខ្លាំងពេក ពោលគឺរហូតដល់ -២០១
អង្សាសេ។
បែបនេះក៏ដោយ ទឹកដែលបាញ់ចេញពីក្រហែងនៃព្រះចន្ទខាងលើ បានបង្ហាញថា នៅខាង
ក្រោមស្រទាប់ដីនោះ ប្រាកដជាមានទឹករាវ។ ដូច្នេះ គេនៅតែយល់ថា ព្រះចន្ទនេះ ជាកន្លែង
ប្រសើរសម្រាប់ជីវិតរស់នៅ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space/IGN