(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន នាយកបេសកកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games រដូវក្ដៅ លើកទី៣១ នៅទីក្រុង Rio ប្រទេសប្រេស៊ីល បានឲ្យដឹងថា កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា នឹងធ្វើការប្រកួតមុនគេលើវិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រសេរីនាវេលាម៉ោង ១១យប់នេះ(ម៉ោងនៅកម្ពុជា) ខណៈអត្តពលិក ៥ផ្សេង នឹងប្រកួតនៅពេលបន្ដបន្ទាប់ទៀត។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលរូបនេះ មិនបានបញ្ជាក់ពីចំនួនគូប្រកួតរបស់កីឡាករ ពូ សុវិជ្ជា ទេ ប៉ុន្ដែគេគឺអត្តពលិកតំណាងឲ្យប្រទេសកម្ពុជាមុនគេ ដែលបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦នេះ។ លោកបានបន្ថែមថា យប់នេះប្រតិភូ និងថ្នាក់ដឹកនាំទាំងអស់ នឹងចេញដំណើរនៅទីលានហែលទឹក ដើម្បីផ្ដល់កម្លាំងចិត្តកីឡាករ ពូ សុវិជ្ជា ។
សម្រាប់កម្មវិធីប្រកួតបន្ដលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖
១/. កីឡាការិនី ហែម ថុនវិទិនី វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ប្រកួតនៅថ្ងៃទី១២ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។
២/. កីឡាការិនីអត្តពលកម្ម (រត់ប្រណាំង) លី ណារី ប្រកួតថ្ងៃទី១៤ សីហា វេលាម៉ោង ៩ព្រឹក(ម៉ោងនៅប្រេស៊ីល)។
៤/. កីឡាការិនីចំបាប់ ចូវ សុធារ៉ា វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ប្រកួតថ្ងៃទី១៧ សីហា វេលាម៉ោង ១០ព្រឹក(ម៉ោងនៅប្រេស៊ីល)។
៤/. កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី វិញ្ញាសាទម្ងន់ លើស ៦៧គីឡូក្រាម (+67Kg) ប្រកួតថ្ងៃទី២០ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។
៥/. កីឡាករអត្តពលកម្ម នីកូ ប្រកួតថ្ងៃទី២១ សីហា វេលាម៉ោង ៩៖៣០នាទីព្រឹក(ម៉ោងនៅប្រេស៊ីល)៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង