CamNews

តារា 

រ៉ូលីន និងកាតុ ដឹក​​ដៃ​​គ្នា​​ទៅ​​កើប​​ប្រាក់​​នៅ​​ប្រទេស​​បារាំង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

(ភ្នំពេញ)៖ តារាពហុជំនាញ លោក ជួប ច័ន្ទកក្តដា ហៅ រ៉ូលីន មួយរយៈនេះ ត្រូវបានមហាជនមើលឃើញថា ​នៅតែមមាញឹក ក្នុងការដើរកើបលុយពេញផ្ទៃប្រទេស ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ តាមរយៈសមត្ថភាព​សិល្បៈដ៏អស្ចារ្យ ចេះបត់បែបគ្រប់កាលៈទេសៈ ។ ទោះបីជាមាន អ្នកត្រាប់សំឡេងលោក​ស្រី ប៉ែន រ៉ន បានល្អជាងលោកក្ដី ប៉ុន្តែពួកគេមិនអាចធ្វើខ្លួនឲ្យបានល្បី ដូចលោកឡើយ ។ ម្យ៉ាង រ៉ូលីន បានចាក់ឫសក្នុងចិត្ត ប្រជាជនខ្មែរ ទើបគ្មានអ្នកណាជំនួសតំណែងលោកបានឡើយ ។

រ៉ូលីន ស្ទើរតែគ្មានពេលសម្រាកនៅផ្ទះនោះទេ ព្រោះថ្ងៃណាក៏​មានកម្មវិធី ជាប់រហូត ។ ចំណែកឯ​លុយវិញ គេស្ទើរតែលែងនិយាយដល់ ព្រោះក្នុងមួយល្ងាច លោកអាចរកបានយ៉ាងតិច ក៏បួនទៅប្រាំរយដុល្លាអាមេរិចដែរ ។ ក្រៅពី រ៉ូលីន រកលុយបានពេញៗដៃ លោកក៏ជាតារាមានទឹកចិត្ត សប្បុរធម៌មិនធម្មតាដែរ ដោយបានបរិច្ចាគ ចូលក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ជនក្រីក្រ និងកុមារកំព្រា។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើមឲ្យដឹងថា នៅដើមខែ មេសា ឆ្នាំ២០១៦ ខាងមុខនេះ រ៉ូលីន នឹងចាកចេញពីទឹកដីកម្ពុជា ទៅកើបលុយហ្រ្វង់ ពីប្រទេសបារាំង ជាមួយអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ​ព្រោះនេះជាការអញ្ជើញ ពីសំណាក់បងប្អូនខ្មែរ នៅប្រទេសបារាំង ចង់ចូលឆ្នាំថ្មី ជាមួយរ៉ូលីន ។

លោក ជួប ច័ន្ទកក្ដដា ហៅ រ៉ូលីន បានប្រាប់ Khmertalking ថា លោកនឹងចាកចេញទៅបារាំងឆាប់ៗ ខាងមុននេះហើយ អាចនឹងត្រឡប់មកវិញ ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ ដើម្បីទៅសម្ដែង នៅក្រៅប្រទេស ចំណែកឯកម្មវិធីទូរទស្សន៍ My TV លោកបានថតទុកជាច្រើនរួចហើយ រួមទាំងបទចម្រៀង ក្នុងផលិតកម្ម ថោន ផងដែរ ។

លោក រ៉ូលីន ជាតារាសិល្បៈម្នាក់ ដែលប្រកាន់អត្តចរឹតរួសរាយ និងស្លូតបូត គួរឲ្យកោតសរសើរ ចំណុចនេះហើយ ដែលលោកនៅតែមានប្រជាប្រិយភាព ក្នុងពិភពសិល្បៈ ពិសេស​លោក​បានកែប្រែ ជីវភាពគ្រួសារឲ្យល្អប្រសើរឡើង ក្នុងរយៈពេលតែប៉ុន្មានឆ្នាំ ចុងក្រោយនេះ​ប៉ុណ្ណោះ ៕

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: Rolin kato