CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple នៅតែឈរលំដាប់លេខ១ លើតម្លៃម៉ាកយីហោ ថ្លៃជាងគេ លើពិភពលោក ក្នុងពេលដែល Google នៅលំដាប់ទី២

នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំ ស្តីពីតម្លៃម៉ាកយីហោរបស់ Interbrand 2016 ចំណាត់ថ្នាក់ Top 3 ដំបូង​គេ​​នៅតែរក្សាដដែល មិនមានការផ្លាស់ប្តូរទេ ក្នុងរយះពេលពីរបីឆ្នាំកន្លងទៅថ្មីៗនេះ ដែល​ចំណាត់លេខ១ គឺនៅតែជាក្រុមហ៊ុន Apple បន្ទាប់មកលេខ២គឺ Google និងលេខ៣គឺ Cocacola។

ក្នុងនោះ​ចំណាត់ថ្នាក់ពីរលេខកំពូលតារាង មានតម្លៃម៉ាកយីហោខ្ពស់ខ្លាំង បើប្រៀបធៀបទៅនឹងបណ្តា​ម៉ាកយីហោ​ នៃបណ្តាក្រុមហ៊ុនដទៃផ្សេងទៀត នៅក្នុងតារាងចំណាត់ថ្នាក់របស់ Interbrand 2016។ ជាក់ស្តែង Apple ទទួលបានតម្លៃម៉ាកយីហោ ១៧៨ពាន់លានដុល្លារអាមេរិច, Google បាន ១៣៣ពាន់​លានដុល្លារ​អាមេរិច ចំណែកឯ Cocacola គឺ ៧៣ពាន់លានដុល្លារអាមេរិច ប៉ុណ្ណោះ។


ដូចបណ្តាឆ្នាំមុនៗ​ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែដណ្តើមបានចំណាត់ថ្នាក់​ជាច្រើន​ នៅក្នុងតារាងចំណាត់ថ្នាក់តម្លៃម៉ាកយីហោនេះ។ ក្រៅពីក្រុមហ៊ុន Cocacola និង Toyota ក្រុមហ៊ុនចំនួន ៦ទៀត នៅក្នុង Top 8 គឺសុទ្ធតែជាបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។ អ្វីដែលគួរឲ្យកត់​សំគាល់​ជាងគេនោះគឺ ក្រុមហ៊ុន Facebook មានសន្ទុះនៃការកើនឡើងយ៉ាងខ្លាំង ដល់ទៅ ៤៨% នៃតម្លៃម៉ាកយីហោ។​ ចំណែក Samsung វិញ ក៏នៅតែមានការកើនឡើងច្រើនគួរសម គឺចំនួន ១៤% ផងដែរ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៧ បើទោះបីជាក្រុមហ៊ុនត្រូវខាតបង់ច្រើន ស្តីពីបញ្ហាថ្ម​របស់​ Galaxy Note 7 ហើយត្រូវប្រមូលចូល និងប្តូរថ្មីឲ្យអតិថិជនវិញ យ៉ាងណាក្តី។​  ​

ឈរបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា គឺជាបណ្តាក្រុមហ៊ុនរថយន្ត ដែលមានសន្ទុះកើនឡើងច្រើន ក្នុងនោះ​មានក្រុមហ៊ុន Mercedes ​ដណ្តើមបានលេខរៀងទី៩ និង BMW បានលេខរៀងទី១១។ នៅក្នុង​ចំណោម Top 20 នៃតារាងចំណាត់ថ្នាក់ តម្លៃម៉ាកយីហោថ្លៃជាគេរបស់ Interbrand 2016 មាន​ក្រុមហ៊ុន​រថយន្ត​ចំនួន​៣ ​ក្រុមហ៊ុនអាហារចំនួន២ (McDonald, Cocacola), ក្រុមហ៊ុនកំសាន្ត Entertainment ចំនួន១ (Disney), ក្រុមហ៊ុន Fashion ចំនួន៣ (Nike, LV, H&M), និងក្រុមហ៊ុនបច្ចេកវិទ្យា​ចំនួន១១៕

- DxOMark វាយតម្លៃកាមេរ៉ារបស់ Google Pixel ជាកាមេរ៉ាស្មាតហ្វូន ល្អជាងគេបំផុតលើពិភពលោក ពេលបច្ចុប្បន្ននេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Interbrand, Tinhte


Tags: Apple Google Cocacola Samsung Interbrand Hightech