CamNews

ទូរស័ព្ទ 

ពិតជាអស្ចារ្យក្រុមហ៊ុនជប៉ុន ផលិតស្រោមទូរស័ព្ទ បញ្ឈប់ការញៀនស្មាតហ្វូនរបស់កុមារ

បច្ចេកវិទ្យា ៖ ក្រុមហ៊ុនជប៉ុនមួយ បានបង្កើតស្រោមទូរស័ព្ទស្មាតហ្វូន ដើម្បីជំនួយដល់ឪពុកម្ដាយ ក្នុងការបង្ការកូនៗរបស់គាត់ ពីការញៀនឧបករណ៍ចល័ត។

ស្រោមទូរស័ព្ទ ដែលអាចដោះចេញពីទូរស័ព្ទបាន ដោយប្រើទួរណឺវីសនេះ អនុញ្ញាតឱ្យឪពុកម្ដាយ អាចដាក់កំហិតពេលវេលា ចំពោះការប្រើស្មាតហ្វូនរបស់កូនៗ តាមរយៈកម្មវិធី ដែលភ្ជាប់មកជាមួយ។

ឧបករណ៍រាវរកចលនា(Motion detectors) ដែលត្រូវបានបំពាក់ចូលទៅក្នុងស្រោមទូរស័ព្ទ ឈ្មោះថា OTOMOS នោះ  ក៏មានសមត្ថភាពអាចបញ្ឈប់ដំណើរការទូរស័ព្ទដោយស្វ័យប្រវត្តិផងដែរ នៅពេលដែលកុមារកំពុងដើរតាមផ្លូវ ដើម្បីបញ្ចៀសការឆែកមើលឧបករណ៍ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរ ។

ស្រោមទូរស័ព្ទ ដែលបង្កើតឡើងដោយក្រុមហ៊ុន Momo Ltd ជាក្រុមហ៊ុនបណ្តាក់ទុនមួយរបស់ជប៉ុន ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង Kobe នៅភាគខាងលិចប្រទេសជប៉ុន អាចផ្ញើសារផ្ទាល់ ដោយស្វ័យប្រវត្តិ ទៅកាន់ទូរស័ព្ទរបស់ឪពុកម្តាយ ប្រសិនបើឧបករណ៍នេះ ចាប់បាននូវការរន្ធត់តក់ស្លុតផ្នែករាងកាយណាមួយដូចជា គ្រោះថ្នាក់ចរាចរណ៍ជាដើម។



លោក Masato Otsu ប្រធានក្រុមហ៊ុន Momo Ltd បានប្រាប់ទីភ្នាក់ងារក្យូដូឱ្យដឹងថា៖  "យើងបានបង្កើតផលិតផលនេះឡើង បន្ទាប់ពីឮទស្សនៈ និងកង្វល់របស់ឪពុកម្តាយ ដែលមានកូន ប្រើប្រាស់ស្មាតហ្វូន" ។ ឪពុកម្តាយជនជាតិជប៉ុន នឹងអាចទិញឧបករណ៍នេះ ពីហាងលក់ទូរស័ព្ទដៃ នៅក្នុងខែសីហា ដោយភ្ជាប់ជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំ និងត្រូវបង់កម្រៃថ្លៃស្រោមទូរស័ព្ទ និងកម្មវិធី ដែលមានតម្លៃ ៣.៥០ ផោន ចន្លោះប្រហែល (៥០០ យ៉េន) ក្នុងមួយខែ។

លោកបន្ថែមថា៖” អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ បំពាក់ស្រោមទូរស័ព្ទជាប់នឹងទូរស័ព្ទ ដូច្នេះវាងាយស្រួលណាស់ ក្នុងការប្រើប្រាស់”។

ក្រុមហ៊ុនសកលកាន់តែច្រើន កំពុងបង្កើតកម្មវិធី និង Software ដើម្បីជួយឪពុកម្តាយឱ្យអាចគ្រប់គ្រង និងកំណត់ការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារ។ កម្មវិធីមួយនេះ អាចជូនដំណឹងដល់ឪពុកម្តាយពីរូបភាពមិនសមរម្យ និងរូបថតសែលហ្វី(Selfie) ដែលកំពុងត្រូវបានផ្ញើ ឬទទួលបាន នៅលើឧបករណ៍។

តួលេខថ្មី ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន ដោយភ្នាក់ងារប៉ូលិសជាតិជប៉ុន បានបង្ហាញថា ចំនួនកុមារជប៉ុន ​ដែលបានកត់ត្រាទុក បានក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដូចជាការរំលោភផ្លូវភេទ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។  ឧបករណ៍ថ្មី នៅក្នុងប្រទេសជប៉ុន មិនត្រឹមតែដោះស្រាយការព្រួយបារម្ភរបស់ឪពុកម្តាយ ចំពោះផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដោះស្រាយបញ្ហាគ្រោះថ្នាក់ ដែលអាចកើតមាន លើកូនៗរបស់ពួកគាត់ ដោយសារការប្រើទូរស័ព្ទដៃច្រើនជ្រុលទៀតផង។



កុមារអាយុក្រោម ១៨ ឆ្នាំសរុប ១,៧៣៦ នាក់ បានទទួលរងគ្រោះកាលពីឆ្នាំមុន ដែលចំនួននេះ មានការកើនឡើងទ្វេដង ធៀបនឹងឆ្នាំ ២០០៨ នៅពេលការកត់ត្រានេះ បានចាប់ផ្ដើម ដោយកុមារប្រមាណជាង ៨៦ % បានទទួលរងគ្រោះ តាមរយៈការប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេ ដែលពួកគេភាគច្រើន បានប្រើប្រាស់អ៊ីនធឺណិតច្រើន។ កាលពីឆ្នាំមុន របាយការណ៍មួយចំនួន នៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ការប្រើប្រាស់ស្មាតហ្វូនច្រើនជ្រុល ដោយកុមារ បានបណ្ដាលឱ្យពួកគេស្រឡេវភ្នែក៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ The Telegraph


Tags: Smartphone