ជាមួយនឹងកុមារមួយចំនួននៅក្បែរវាលសំរាម Dandora នៅ Kenya អាហារសំណល់នៅទីនេះ
គឺជាចំណីតែមួយគត់របស់ពួកគេ ដូច្នេះ សាលាមិនមានមូលហេតុអ្វីដើម្បីដាក់ទោស នៅពេល
ពួកគេគេចសាលាដើម្បីចេញទៅវាលសំរាមនោះឡើយ។
ប្រមាណជា ៥គម ពីរដ្ឋធានី Nairobi វាលសំរាម Dandora គឺជាកន្លែងរកទទួលទានរបស់ប្រជា
ជនជាច្រើននៅ Kenya។ Dandora គឺជាវាលសំរាមមួយក្នុងចំណោមវាលសំរាមធំបំផុតនៅទ្វីប
អាហ្វ្រិក។ ជារៀងរាល់ថ្ងៃ មនុស្សរាប់ពាន់នាក់បានមកកាន់ទីនេះដើម្បីរើសសំរាម ពួកគេត្រូវ
ចំណាយពេលប្រមាណជា ៣ម៉ោង ទើបអាចរកបានប្រហែល ២.០០០រៀល។
លោហធាតុ កៅស៊ូ ជ័រ គ្រឿងអេឡិចត្រូនិច ជាដើម គឺជារបស់ដែលត្រូវបានអ្នករើសសំរាមនៅ
ទីនេះស្វែងរកជាងគេ។ យោងតាមច្បាប់បរិស្ថានអន្ដរជាតិ វាលសំរាមនេះត្រូវបានបិទទ្វារកាលពី
១៥ឆ្នាំមុន។ គណកម្មការទីក្រុង Nairobi បានអោយដឹងថា ពួកគេកំពុងមានគម្រោងនឹងរើកន្លែង
ចាក់សំរាមនេះទៅកាន់ទីតាំងផ្សេង។
បច្ចុប្បន្ន គេបានដឹងថា មានមនុស្សប្រមាណជា ៦.០០០នាក់កំពុងធ្វើការអោយក្រុមហ៊ុនកែច្នៃ
សំរាមនៅទីនេះ។ ពួកគេ មមាញឹកជាមួយនឹងសំរាមនៅលើតំបន់ដែលមានទំហំ ១២ហិចតា
និងមានក្លិនស្អុយស្ទើរដកដង្ហើមមិនរួច។ ប្រសិនមានសំណាង អ្នករើសសំរាមនៅទីនេះ អាចរក
ប្រាក់បានប្រហែល ២,៥០ដុល្លារ(១ម៉ឺនរៀល)ក្នុងមួយថ្ងៃ។
Julius Macharia មានឈ្មោះហៅក្រៅថា "កូនខ្លា" គឺជាអ្នកយាមទ្វារម្នាក់ក្នុងចំណោមអ្នកយាម
ទ្វារនៅវាលសំរាម Dandora។ រថយន្ដដឹកទំនិញនឹងត្រូវបង់ប្រាក់អោយក្រុមរបស់ Macharia ដើម្បីបានយកសំរាមមកចាក់ចោលទីនេះ។ បើទោះជាអាជ្ញាធរ Nairobi បានប្រកាសថា វាល
សំរាមនេះបានហួសចំណុះចាប់ពីឆ្នាំ ២០០១ ប៉ុន្ដែជារៀងរាល់ថ្ងៃ នៅតែមានសំរាមប្រមាណជា
២.០០០តោន ត្រូវបានគេយកមកចាក់នៅទីនេះ។
បុរសឈ្មោះ Julius Macharia នេះ មានការព្រួយបារម្ភខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់
ប្រជាជនដែលអាស្រ័យលើវាលសំរាម Dandora ប្រសិនរដ្ឋាភិបាលបិទទ្វារវាលសំរាមនេះ។
លោកនិយាយថា ៖ "ប្រសិនពួកគេរើវាលសំរាមនេះទៅ យើងខ្ញុំនឹងមិនមាននៅសល់អ្វីទៀត
នោះទេ"។
ការពិសោធមួយកាលពីឆ្នាំ ២០០៧ របស់ទីភ្នាក់ងារបរិស្ថាននៃអង្គការសហប្រជាជាតិ បាន
អោយដឹងថា វាលសំរាមនៅទីនេះមានផ្ទុកសារធាតុសំណច្រើន ដែលអាចធ្វើអោយមនុស្ស
ស្លាប់បាន។
ជួនកាលគេឃើញមានរថយន្ដដឹកអាហារសំណល់មកចាក់ចោលនៅវាលសំរាម Dandora។
ពេលរថយន្ដនេះមកដល់ភ្លាម ក៏មានមនុស្សជាច្រើននាំគ្នាមកប្រមូលយកទៅធ្វើជាអាហារប្រចាំ
ថ្ងៃ។
បុរសដែលមានកម្លាំងនឹងអាចដណ្ដើមអាហារសំណល់នេះបានច្រើន ខណៈដែលមានមនុស្ស
ជាច្រើនទៀត រង់ចាំមិត្តភ័ក្ដរបស់ខ្លួនបោះពីលើរថយន្ដនោះមកអោយខ្លួន។
បុរសម្នាក់រកឃើញទឹកដោះគោជូខូចគុណភាពមួយកំប៉ុង គាត់ក៏បានហូបវាភ្លាម។
ការចេញទៅវាលសំរាម គឺជាការងារប្រចាំថ្ងៃរបស់កុមារចំនួន ១/៤ ក្នុងចំណោមសិស្សសាលា
ចំនួន ៨៥០នាក់នៅសាលា St John ក្បែរ Dandora។
Rahab Ruguru អាយុ ៤២ឆ្នាំ គឺជាស្ដ្រីម្នាក់ដែលមានកូនចំនួន ៦នាក់។ នាងត្រូវចេញទៅរើស
សំរាមនៅវាល Dandora ដើម្បីរកប្រាក់មកទិញអាហារ បង់ថ្លៃសាលា និងទិញសៀវភៅអោយ
កូនរៀន។ Rahab Ruguru ប្រាប់ថា ប្រសិនវាលសំរាមនេះត្រូវគេរើទៅឆ្ងាយ នាងក៏ចាកចេញ
ពីទីនេះ ព្រោះថា វាលសំរាមមួយនេះគឺជាកន្លែងតែមួយគត់សម្រាប់គ្រួសារនាងរស់នៅ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing