CamNews

យល់ដឹង 

ហេតុអ្វីប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ?

ទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមីនាដើម្បីអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់ស្ត្រីទូទាំងប្រវត្តិសាស្ត្រ និងទូទាំងប្រទេសលើពិភពលោក។ ទិវានេះ ត្រូវបានគេស្គាល់ផងដែរថា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ។


ប្រវត្តិ 

វឌ្ឍនភាពជាច្រើន ត្រូវបានធ្វើឡើងដើម្បីការពារ និងលើកកម្ពស់សិទិ្ធរបស់ស្រ្តី នាពេលថ្មីៗនេះ។ យោងតាមអង្គការសហប្រជាជាតិ ពុំមានកន្លែងណា ក្នុងពិភពលោក ដែលស្ត្រីអាចទាមទារសិទ្ធិ និងឱកាសដូចបុរសឡើយ។ ប្រជាជនក្រីក្រ ១,៣ ពាន់លាននាក់ នៅលើពិភពលោក ភាគច្រើនគឺជាស្ត្រី។ ជាមធ្យមស្ត្រីទទួលបានប្រាក់ខែតិចជាងបុរសពី ៣០ ទៅ ៤០  ភាគរយសម្រាប់ការបំពេញការងារដូចគ្នា។ ស្ត្រីក៏នៅតែបន្តរងគ្រោះនៃអំពើហិង្សាដូចជា អំពើរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារ ដែលត្រូវបានចុះបញ្ជីជាមូលហេតុចំបង ដែលធ្វើឱ្យមានពិការភាព និងមរណភាពក្នុងចំនោមស្ត្រី នៅទូទាំងពិភពលោក។


ទិវាសិទ្ធិនារីអន្តរជាតិជាលើកដំបូង បានកើតឡើង នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩១១ ។ ព្រឹត្តិការណ៍សម្ពោធឱ្យមានទិវា ដែលរួមមានការប្រមូលផ្តុំគ្នា និងកិច្ចប្រជុំ ដែលបានរៀបចំជាមុននេះ គឺជាជោគជ័យដ៏ធំធេង នៅក្នុងបណ្ដាប្រទេសជាច្រើនដូចជាអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វ៊ីស។ ថ្ងៃ ១៩ មីនា ត្រូវបានគេជ្រើសរើសយកជាថ្ងៃប្រារព្ធ ដោយសារតែវាជាការរំលឹកដល់ថ្ងៃ ដែលព្រះមហាក្សត្រប្រ៊ូស៊ាន សន្យាថា នឹងអនុម័តច្បាប់បោះឆ្នោតសម្រាប់ស្ត្រី នៅក្នុងឆ្នាំ ១៨៤៨ ។ ការសន្យានេះ បានផ្តល់ក្តីសង្ឃឹមថា នឹងមានសមភាពរវាងបុរស និងស្រ្ដី ប៉ុន្តែព្រះអង្គ មិនបានគោរពតាមការសន្យាឡើយ ។ កាលបរិច្ឆេទប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានប្តូរមកថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩១៣ វិញ ។

អង្គការសហប្រជាជាតិ បានទាញការយកចិត្តទុកដាក់របស់ពិភពលោក ចំពោះការព្រួយបារម្ភរបស់ស្ត្រី ក្នុងឆ្នាំ ១៩៧៥ ដោយអំពាវនាវឱ្យមានទិវាសិទ្ធិនារីអន្តរជាតិ។ អង្គការនេះក៏បានរៀបចំសន្និសីទលើកដំបូងស្តីពីស្ត្រី នៅក្នុងទីក្រុងម៉ិកស៊ីកូ នៅឆ្នាំនោះផងដែរ។ ក្រោយមក មហាសន្និបាតអង្គការសហប្រជាជាតិ បានអញ្ជើញរដ្ឋជាសមាជិកឱ្យប្រកាសថ្ងៃ ៨ មីនា ជាទិវាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធិស្ត្រី និងសន្តិភាពអន្តរជាតិ ក្នុងឆ្នាំ ១៩៧៧។ ទិវានេះ មានគោលបំណងដើម្បីជួយដល់ប្រទេសទាំងអស់ នៅទូទាំងពិភពលោក ក្នុងការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី។ ទិវានេះ ក៏ផ្តោតលើការជួយស្ត្រីឱ្យទទួលបានការចូលរួមពេញលេញ និងស្មើភាពគ្នា នៅក្នុងការអភិវឌ្ឍជាសកលផងដែរ។ ទិវាសិទ្ធិនារីអន្តរជាតិ ក៏ត្រូវបានប្រារព្ធផងដែរ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ timeanddate


Tags: Local news Social news