នៅថ្ងៃនេះ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់អាមេរិច បានធ្លាក់នៅជិតព្រំដែនរវាង កូរ៉េខាងត្បូង
និងកូរ៉េខាងជើង ក្នុងពេលកំពុងហាត់សម រវាងទាហានអាមេរិច និងកូរ៉េខាងត្បូង។
យោធាអាមេរិចម្នាក់ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ ជាប្រភេទ CH-53 របស់កងទ័ព
ជើងទឹក។ ហេតុការណ៍កើតឡើងនៅស្រុក Cheolwon ជិតព្រំដែនប្រទេសកូរ៉េខាងជើង និងមាន
ចម្ងាយពីសេអ៊ូល ៨៨ គ.ម ពីភាគខាងជើង។ ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ក្នុងពេលកំពុងរៀបចំចុះ
ចត ហើយក៏បានឆេះតែម្តង។
មូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ច្បាស់នៅឡើយ។ ក្នុងពេលកំពុងជួបគ្រោះថ្នាក់ ឧទ្ធម្ភាគចក្រ
នោះ បានផ្ទុកយោធាចំនួន ១៣នាក់ និងអ្នកបើកនាវា ចំនួន ៣នាក់ ហើយអ្នកទាំងអស់នេះ មិនបាន
ជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ហេតុការណ៍នេះ បានកើតឡើងក្នុងពេលដែល កំពុងមានស្ថានភាពតានតឹង ជាមួយការគំរាមរបស់
កូរ៉េខាងជើង។ កូរ៉េខាងជើងបាននិយាយថា ការហាត់សមរបស់យោធាអាមេរិច និងកូរ៉េខាងត្បូងនេះ
គឺជាការរៀបចំនៃការឈ្លានពានមួយ ហើយក៏បានឆ្លើយតបទៅវិញដោយសំដីគំរាម ក្នុងវាយប្រហារ
ផងដែរ។
ចាប់តាំងពីដើមខែមុន អាមេរិច និងកូរ៉េខាងត្បូង បានធ្វើការហាត់សមយោធារួមគ្នា ជាបន្តបន្ទាប់ ដែល
បានធ្វើឲ្យកូរ៉េខាងជើង មានការខឹងសម្បារយ៉ាងខ្លាំង។ បច្ចុប្បន្នមានកងទ័ពអាមេរិចចំនួន ២៨.៥០០
នាក់ កំពុងឈរជើងនៅ កូរ៉េខាងត្បូង៕
ដោយ៖ សិលា
ប្រភព៖ VExpress