រុស្ស៊ីកំពុងអនុញ្ញាតឱ្យអ្នកអវកាសហ្វឹកហាត់ជាមួយនឹងឧបករណ៍ក្លែងធ្វើជាទំនាញនៅលើព្រះចន្ទ
ដើម្បីត្រៀមសម្រាប់ឡើងទៅកាន់ឋាននេះនៅឆ្នាំ ២០៣០។
ឧបករណ៍ខាងលើនេះ ត្រូវបានក្រុមហ៊ុន RSC Energia ជាអ្នកបង្កើតឡើង ដោយប្រើបច្ចេកវិទ្យា
Selen កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីពិនិត្យអំពីភាពលំបាកនៃការដើរនៅលើឋានព្រះចន្ទ និង
ការចាកចេញពីយានរបស់ក្រុមអវកាសចរ នេះបើតាមទំព័រ Mirror។
ក្រុមអ្នកជំនាញរបស់ RSC Energia ក៏កំពុងតែរចនាឈុតសម្លៀកបំពាក់ថ្មី ដែលអាចជួយឱ្យការ
ដើរនៅលើឋានព្រះចន្ទ បានងាយស្រួយជាងមុន។
Alexander Poleshuk អនុប្រធានការិយាល័យស្រាវជ្រាវរបស់ក្រុមហ៊ុន RSC Energia ថ្លែងថា “ការ
ដើរនៅលើឋានព្រះចន្ទ មិនងាយស្រួលនោះទេ យើងត្រូវការឧបករណ៍បម្លាស់ទីពិសេស ហើយអ្នក
ត្រូវការអង្គុយក្នុងយានបានស្រួល ក្រោយមកស្វែងរកកន្លែងសមស្របដើម្បីទុកដាក់ឧបករណ៍
នេះ”។
Alexander Poleshuk បន្ថែមថា “ដើម្បីធ្វើឱ្យបានល្អចំពោះការងារទាំងនេះ យើងត្រូវការការហ្វឹក
ហាត់”។
ក្រោយពីការសាកល្បង ពួកគេនឹងធ្វើការសិក្សាស្រាវជ្រាវអំពីបេសកកម្មដឹកជញ្ជូន មុនពេលបង្កើត
ទីជម្រកនៅលើឋានព្រះចន្ទ យានសម្រាប់បម្លាស់ទី ផ្លូវ រួមនឹងផ្នែកសំខាន់ៗផ្សេងទៀត។
ទីភ្នាក់ងារអវកាសរុស្ស៊ី (Roscosmos) នឹងបញ្ជូនយានអវកាសមួយគ្រឿងឡើងទៅឋានព្រះចន្ទនៅ
ឆ្នាំ ២០២៤ ដើម្បីកំណត់ទីតាំងដែលអាចធ្វើជាមូលដ្ឋាន នៅមុនពេលបញ្ជូនមនុស្ស ១២នាក់ឡើង
ទៅឋាននេះ នៅឆ្នាំ ២០៣០៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ Mirror