CamNews

ទូរស័ព្ទ 

Samsung កាត់បន្ថយការផ្ទុះឆេះនៅលើ Galaxy Note 7 ដោយកំណែអាបដេតបណ្ដោះអាសន្ន

កំណែបន្ទាន់សម័យថ្មី អនុញ្ញាតឱ្យ Galaxy Note 7 សាកថ្មបានត្រឹមតែ ៦០% បើធៀបនឹងធម្មតា ហើយនេះគឺជាដំណោះស្រាយបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការផ្ទុះឆេះនៅលើស្មាតហ្វូននេះ។

Samsung ទើបតែបានបញ្ចេញកំណែបន្ទាន់សម័យ សម្រាប់ Galaxy Note 7 តាមរយៈរូបភាព OTA (Over-the-Air) ដើម្បីកាត់បន្ថយការផ្ទុះឆេះដោយសារថ្មនៅលើស្មាតហ្វូនថ្មី។ យោងតាម Korea Times ជំហានដំបូង កំណែបន្ទាន់សម័យនេះនឹងអនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាអាចនឹងមានវត្តមាននៅក្នុងតំបន់នានានៅលើពិភពលោក លើកលែងតែប្រទេសចិន (ដោយសារប្រទេសនេះ មិនទទួលឥទ្ធិពល)។

បន្ទាប់ពីបានអាបដេតដោយជោគជ័យ ថ្មរបស់ Galaxy Note 7 នឹងទទួលថាមពលត្រឹមតែ 2.100 mAh ពោលគឺ ៦០% បើធៀបនឹងថាមពល 3.500 mAh ដែលវាមាន។ ក្រោយពីបានបញ្ចូលថាមពលបាន ៦០% ស្មាតហ្វូន Galaxy Note 7 នឹងបិទដោយស្វ័យប្រវត្ត ដើម្បីមិនឱ្យថ្មទទួលថាមពលបន្ត។

ការអនុញ្ញាតឱ្យ Galaxy Note 7 បញ្ចូលថាមពលថ្មមានកម្រិតបែបនេះ គឺជាសកម្មភាពមួយជួយឱ្យថ្មចៀសវាងបាននូវបញ្ហាឆ្លងភ្លើង ដែលជាមូលហេតុសំខាន់មួយ បង្កឱ្យថ្មផ្ទុះឆេះ។ ប៉ុន្តែ ក្រុមហ៊ុន Samsung នៅតែផ្ដល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់ទៅប្ដូរយកផលិតផលថ្មី កាន់តែឆាប់ កាន់តែល្អ។

ក្រុមអ្នកជំនាញការយល់ថា កំណែបន្ទាន់សម័យគឺជាជំហានមួយផ្សេងទៀតរបស់ Samsung ក្នុងការ “បង្ខំ” ឱ្យអតិថិជនប្ដូរស្មាតហ្វូន ព្រោះថា នឹងមានមនុស្សតិចតួចណាស់ដែលសុខចិត្តប្រើផលិតផលដែលមានថ្មកាន់ភ្លើងបានតិច បើធៀបនឹងអ្វីដែលពួកគេត្រូវបាន។

Samsung នៅតែខិតខំដើម្បីដោះស្រាយបញ្ហាដែលកើតឡើងចំពោះ Galaxy Note 7។ នៅក្នុងតំបន់ដែលបានលក់ចេញផលិតផលនេះ ទន្ទឹមនឹងការប្ដូរយកប្រាក់ ១០០% ឬប្ដូរយកស្មាតហ្វូនប្រើបណ្ដោះអាសន្ន ក្រុមហ៊ុន Samsung ក៏បានដាក់ចេញនូវកម្មវិធីផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យអតិថិជនទៅប្ដូរស្មាតហ្វូន ដូចជា ផ្ដល់ជូននូវកាត់ផ្ដល់អំណោយ មិនគិតថ្លៃការដឹកជញ្ជូន ទិញឧបករណ៍ដែលប្រើបណ្ដោះអាសន្នក្នុងតម្លៃទាបជាងទីផ្សារ។ល។

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNBC


Tags: Samsung Samsung Note 7 ផ្ទុះឆេះ ដោះស្រាយ បញ្ហាថ្ម