បន្ទាប់ពីហោះហើរទៅក្នុងតំបន់ដែលនៅឆ្ងាយបំផុត ដែលមានចម្ងាយពីភពព្រហស្បតិ៍ ៨លាន
គីឡូម៉ែត្រ យានអវកាស Juno របស់ NASA កំពុងតែទម្លាក់ខ្លួនចុះលើភពនេះ។
យោងតាមទំព័រ Seeker យានអវកាស Juno បានហោះទៅដល់តំបន់ឆ្ងាយបំផុតមានឈ្មោះថា
"apojove" នៅលើគន្លងគោចរជុំវិញភពព្រហស្បតិ៍ កាលពីថ្ងៃទី ៣១កក្កដា។ ក្នុងរយៈពេល ២៧
ថ្ងៃបន្ទាប់ទៀត យានអវកាសនេះនឹងត្រូវទំនាញរបស់ភពព្រហស្បតិ៍ ទាញឱ្យធ្លាក់ចូលទៅក្នុង
បរិយាកាសដែលពេញដោយពពក។ នេះគឺជាតំបន់ដែលនៅជិតភពព្រហស្បតិ៍បំផុត ដែលគេហៅ
ថា "perijove"។
Juno បានទៅក្បែរភពព្រហស្បតិ៍កាលពីថ្ងៃទី ៤កក្កដា ក្រោយពីបានបញ្ឆេះម៉ាស៊ីន ៣៥នាទី ដើម្បី
ចូលទៅកាន់គន្លងគោចររបស់ភពនេះ។ នេះគឺជាលទ្ធផលនៃការធ្វើដំណើររយៈពេល ៥ឆ្នាំ ហោះ
ជុំវិញប្រព័ន្ធព្រះអាទិត្យ របស់យានអវកាស Juno គិតចាប់តាំងពីថ្ងៃទី ៥សីហា ឆ្នាំ ២០១១។
ទំព័រ Seeker ដកស្រង់សំដីរបស់ Scott Bolton មេដឹកនាំអ្នកស្រាវជ្រាវរបស់គម្រោង Juno នៅមន្ទីរ
Southwest នៃក្រុង San Antonio អាមេរិក ឱ្យដឹងថា “ក្នុងរយៈពេល ៥ឆ្នាំ យើងខ្ញុំបានផ្ដោតលើការ
ទៅជិតភពព្រហស្បតិ៍។ នៅពេលទៅដល់ យើងខ្ញុំបានផ្ដោតលើការហោះហើរនៅក្បែរភពនេះ ដើម្បី
សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ”។
បើទោះជាបណ្ដាឧបករណ៍វិទ្យាសាស្ដ្ររបស់ Juno ត្រូវរងឥទ្ធិពល ក្រោយពីឆ្ពោះទៅកាន់គន្លង
គោចរ ប៉ុន្តែ យាននេះ នៅតែអាចត្រៀមខ្លួនដើម្បីហោះទៅកាន់តំបន់ perijove នៅថ្ងៃទី ២៧សីហា
ខាងមុខ។ ក្រុមអ្នកស្រាវជ្រាវ កំពុងមានគម្រោងសាកល្បងម៉ាស៊ីនថតរូបនៅលើ Juno ដើម្បីពិនិត្យ
ស្ថានភាព មុននឹងចាប់ផ្ដើមសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រទៅក្នុងតំបន់ខ្សែក្រវ៉ាត់វិទ្យុសកម្មរបស់ភព
ព្រហស្បតិ៍។
ជាមួយនឹងទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងការផលិត បេសកកម្មរបស់ Juno គឺស្វែងយល់អំពីផ្នែក
ខាង ក្រោមនៃបរិយាកាសរបស់ភពព្រហស្បតិ៍ មានដូចជា ការវាស់ស្ទង់នូវទំនាញរបស់ភពនេះជា
ដើម។ យានអវកាសនេះក៏នឹងស្វែងយល់អំពីធាតុផ្សំ និងការវិវត្តន៍របស់បរិយាកាស ដើម្បីដឹងថា
តើភពព្រហស្បតិ៍ កើតឡើងដោយរបៀបណា។
ប្រែសម្រួល ៖ បុត្រា