CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទំនើបណាស់ឥឡូវ! ឧបករណ៍ប្រើប្រាស់ ក្នុងលំនៅឋាន និង Office អាចបញ្ជាពីចម្ងាយដោយ Internet of Things

មនុស្សគ្រប់គ្នា កំពុងសម្លឹងមើលរកភាពងាយស្រួលកាន់តែធំធេង បន្ទាប់ពីមានការរីកចម្រើនផ្នែកអ៊ីនធឺណិត ដែលនឹងធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង ។ ពិភពលោក មិនបានស្ថិតនៅដដែលនោះទេ បន្ទាប់ពីមានវត្ដមាន សេវាអ៊ិនធឺណិត។ បណ្ដាអ្នកវិនិយោគធំៗ និងអ្នកវិភាគស្ថិតិល្បីៗ អាចនឹងបង្កើតផែនការជាច្រើន ក៏ប៉ុន្ដែអ្វីដ៏អស្ចារ្យ  ដែលកើតឡើង នៅក្នុងសតវត្សរ៍នេះ នឹងផ្អែកលើសេវាអ៊ីនធឺណិត និងបច្ចេកវិទ្យា ដែលបានភ្ជាប់មកជាមួយ ។ មែនហើយ យើងអាចនិយាយម្យ៉ាងទៀតបានថា និយមន័យនៃពាក្យ Internet of Things គឺជាសំនួនវោហា ដែលទាក់ទាញការចាប់អារម្មណ៍ពីបណ្ដាអ្នកវិនិយោគ និងអ្នកប្រើប្រាស់ទូទៅនាពេលបច្ចុប្បន្ន។ អ្វី ដែលយើងធ្វើ របៀបដែលយើងធ្វើ ហើយពេលវេលា ដែលយើងធ្វើ គឺមិនមែនជារឿងដដែលៗនោះទេ ស្របពេលមជ្ឈដ្ឋានជាក់ស្ដែង នៅជុំវិញខ្លួនយើង មានភាពរស់រវើក និងចាប់ផ្តើម មានការប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរឡើង។


Internet of Things (IoT)  កំពុងមានវត្ដមាន នៅក្នុងទីផ្សារបច្ចេកវិទ្យាហើយ និងកំពុងក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសហគមន៍ អាជីវកម្ម។ ការនិយាយបំផ្លើស​ លែងអាចប្រើការបានទៀតហើយ ខណៈពេល ដែលមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រដល់ភាពជោគជ័យនៃ Internet of Things  នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Gartner បានឱ្យដឹងថា នឹងមានការកើនឡើងឧបករណ៍តភ្ជាប់អ៊ីនធឺណិតប្រមាណ ៣០%  នៅឆ្នាំ ២០១៦  បើប្រៀបនឹងឆ្នាំ ២០១៥ ដោយមានឧបករណ៍ IoT ប្រមាណ ៦,៤ ពាន់លានគ្រឿង ចូលទៅក្នុងអាណាចក្រ Internet of Things ។ ចំនួននេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតរហូតដល់ ២៦ ពាន់លានគ្រឿង នៅឆ្នាំ ២០២០។


នៅឆ្នាំ 2020 គេរំពឹងទុកថា  ឧបករណ៍ប្រមាណ ២៦ ពាន់លានគ្រឿង នឹងក្លាយជាផ្នែកមួយនៃ Internet of Things
ដូច្នេះ អាចនឹងមានមនុស្សលើកជាសំនួរថា៖  "អ្វីទៅជា Internet of Things " ហើយតើវា នឹងមានឥទ្ធិលពលដល់ជីវិត និងឱកាសការងាររបស់យើងរបៀបណា។ នៅកន្លែងការងារ អ្នកនឹងជួបប្រទះបច្ចេកវិទ្យា និងវាក្យស័ព្ទលំបាកៗជាច្រើន នៅក្នុងពិភព IoT  ប៉ុន្ដែនៅទីនេះ ខ្ញុំនឹងព្យាយាមរក្សាអ្វីៗឱ្យមានលក្ខណៈសាមញ្ញដើម្បីពន្យល់ពីខ្លឹមសារនៃ Internet of Things ឱ្យងាយយល់ ។


និយមន័យរបស់ Internet of Things
IoT គឺគ្រាន់តែជាឧបករណ៍តភ្ជាប់ជាបណ្ដាញ ដែលបង្កប់មកជាមួយនូវឧបករណ៍ចាប់សញ្ញា(Sensor) កម្មវិធី Software ការតភ្ជាប់បណ្តាញ និងឧបករណ៍អេឡិចត្រូនិកចាំបាច់ជាច្រើនទៀតដែលអនុញ្ញាតឱ្យវាអាចប្រមូល និងផ្លាស់ប្តូរទិន្នន័យ ដោយធ្វើឱ្យវាមានប្រតិកម្មឆ្លើយតប។

លើសពីនេះទៀត Internet of Things គឺជាក្របខ័ណ្ឌស្ថាបត្យកម្មដ៏ចាំបាច់មួយ ដែលអនុញ្ញាតឱ្យមានការរួមបញ្ចូលគ្នា និងការផ្លាស់ប្តូរទិន្នន័យរវាងពិភពលោកជាក់ស្ដែង និងប្រព័ន្ធកុំព្យូទ័រតាមរយៈហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដែលមានស្រាប់។

សមាសភាគសំខាន់របស់ Internet of Things

មនុស្សជាច្រើនគិតទាំងភ័ន្ដច្រឡំថា IoT គឺជាបច្ចេកវិទ្យាឯករាជ្យមួយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា Internet of Things  ត្រូវបានអនុញ្ញាតឱ្យដំណើរការទៅបាន តាមរយៈវត្តមានរបស់បច្ចេកវិទ្យាឯករាជ្យផ្សេងទៀត ដែលបង្កើតបានជាសមាសភាគជាមូលដ្ឋាននៃ IoT ។
សមាសភាគជាមូលដ្ឋាន ដែលបង្កើតឱ្យមានវត្ដមាន Internet of Things យ៉ាងពិតប្រាកដនោះមានដូចជា៖

Hardware មានតួនាទីធ្វើឱ្យវត្ថុជាក់ស្ដែងឆ្លើយតប ផ្តល់វត្ថុទាំងនោះនូវសមត្ថភាព ក្នុងការទាញយកទិន្នន័យ និងឆ្លើយតប ទៅនឹងសេចក្ដីណែនាំ។

កម្មវិធី Software អនុញ្ញាតឱ្យមានប្រមូលទិន្នន័យ រក្សាទុកទិន្នន័យ ដំណើរការទិន្នន័យ រៀបចំទិន្នន័យ និងផ្ដល់ការណែនាំ។

ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង- រឿងដ៏សំខាន់បំផុត ក្នុងចំណោមឧបករណ៍ទាំងអស់នោះ គឺហេដ្ឋារចនាសម្ព័ន្ធការទំនាក់ទំនង ដែលមានពិធីការ និងបច្ចេកវិទ្យា ដែលអាចធ្វើឱ្យវត្ថុជាក់ស្ដែងទាំងពីរ មានសមត្ថភាពផ្លាស់ប្តូរទិន្នន័យ ទៅវិញទៅមកបាន។

ហេតុអ្វីបានជា Internet of Things នឹងទទួលបានជោគជ័យ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ?

ខណៈពេលដែល វិស័យទូរគមនាគមន៍ កាន់តែមានភាពទូលំទូលាយ និងមានប្រសិទ្ធភាពនោះ   ប្រដប៊ែនរបស់អ៊ីនធឺណិត គឺអាចរកមកប្រើប្រាស់បាន យ៉ាងទូលំទូលាយផងដែរ។ តាមរយៈការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ វាកាន់តែចំណាយប្រាក់តិច ដើម្បីផលិតឧបករណ៍ចាប់សញ្ញា(Sensors) ចាំបាច់មួយចំនួន ដោយភ្ជាប់ជាមួយនឹងសមត្ថភាព Wi-Fi ដែលបានបង្កើតរួច(Built-in Wi-Fi)  ដោយធ្វើឱ្យឧបករណ៍តភ្ជាប់កាន់តែមានតម្លៃថោក។

សំខាន់ជាងនេះទៅទៀត ការប្រើប្រាស់ទូរស័ព្ទទំនើប បានធ្វើឱ្យកើនឡើងខ្ពស់នូវកម្រិត ដែលបានព្យាករណ៍ទុកមុនទាំងអស់ ហើយវិស័យទូរគមនាគមន៍ កំពុងធ្វើប្រតិបត្ដិការក្នុងកម្រិតនៃការយកចិត្ដទុកដាក់ខ្ពស់ ដើម្បីរក្សាឱ្យអតិថិជនរបស់ខ្លួន នៅតែពេញចិត្តចំពោះការប្រើប្រាស់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ខណៈឧបករណ៍ IoT  មិនត្រូវការទំនាក់ទំនងដោយឡែក ពីទំនាក់ទំនង ដែលមានស្រាប់នោះ ទើបធ្វើឱ្យបច្ចេកវិទ្យា IoT នេះមានតម្លៃថោក និងអាចសម្រេចបានផលខ្ពស់។

ផលប៉ះពាល់នៃ Internet of Things ចំពោះអ្នក
ដើម្បីធ្វើអ្វីមួយឱ្យមានលក្ខណៈសាមញ្ញ វត្ថុណាមួយ ដែលអាចតភ្ជាប់បាន នឹងត្រូវតភ្ជាប់ដោយ IoT ។ ជំហានដំបូង អ្នកអាចពិបាកយល់បន្ដិច ប៉ុន្តែវាមានគុណតម្លៃខ្ពស់ សម្រាប់ការប្រើប្រាស់។ តាមរយៈឧបករណ៍ ដែលត្រូវបានតភ្ជាប់ទៅវិញទៅមក អ្នកអាចរៀបចំជីវិតរបស់អ្នកបានប្រសើរជាងមុន និងកាន់តែមានផលិតភាព សុវត្ថិភាព ឆ្លាតវៃ និងទទួលបានដំណឹងរហ័សជាងមុន។

តើការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក នឹងងាយស្រួលម្ដេចទៅ ប្រសិនបើនាឡិការោទិ៍របស់អ្នក មិនត្រឹមតែអាចដាសអ្នកឱ្យភ្ជាក់ពីគេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រាស្រ័យទាក់ទង ជាមួយម៉ាស៊ីនឆុងកាហ្វេរបស់អ្នកដើម្បីផ្ដល់ដំណឹង ដល់ម៉ាស៊ីនឆុងកាហ្វេថា អ្នកភ្ញាក់ពីគេង នៅក្នុង ពេលជាមួយគ្នា ដែលវាផ្ដល់ដំណឹងឱ្យម៉ាស៊ីនកាហ្វេរបស់អ្នកចាប់ផ្តើមកម្ដៅទឹកឱ្យក្ដៅ។  ឬក៏នាឡិកាគ្រប់គ្រងសុខភាពរបស់អ្នក តាមដានសរីរាង្គសំខាន់ៗរបស់អ្នក ដើម្បីផ្ដល់ដំណឹងឱ្យអ្នកថា ពេលណា អ្នកមានថាមពលច្រើនបំផុត ក្នុងអំឡុងពេលថ្ងៃ។ ទាំងនេះ គ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ប៉ុន្តែកម្មវិធី  Internet of Things នៅមានជាច្រើនទៀត។

ការដឹកជញ្ជូនទ្រង់ទ្រាយធំ ការថែទាំសុខភាព ការការពារ ការត្រួតពិនិត្យបរិស្ថាន ការផលិត និងគ្រប់វិស័យផ្សេងទៀត អ្នកអាចស្រមៃថា​ អាចនឹងទទួលបានអត្ថប្រយោជន៍ពីសេវា Internet of Things ។ វាជារឿងនឹកស្មានមិនដល់ ចំពោះ Domain កម្មវិធីទាំងស្រង់របស់ Internet of Things នាពេលនេះ ប៉ុន្តែអ្នកអាចយល់បានយ៉ាងច្បាស់ ពីមូលហេតុ ដែលវាគឺជាប្រធានបទគួរឱ្យចាប់អារម្មណ៍ និងជាប្រធានបទក្តៅនៅពេលនេះ។

បញ្ហាប្រឈមនៃ Internet of Things

វាមានលក្ខណៈដូចជាបច្ចេកវិទ្យាផ្សេងទៀតដែរ ពីព្រោះថា វាមានបញ្ហាប្រឈមមួយចំនួន ដែលធ្វើឱ្យលទ្ធភាពជោគជ័យនៃសេវា Internet of Things  ស្ថិត នៅក្នុងមន្ទិលសង្ស័យ។ ផ្នែកសន្ដិសុខ គឺជាផ្នែកមួយគួរឱ្យព្រួយបារម្ភ ក្នុងចំណោមផ្នែកទាំងឡាយសម្រាប់អ្នកជំនាញទាំងឡាយណា ដែលជឿថា ឧបករណ៍ ដែលបានតភ្ជាប់ស្ទើរតែគ្មានទីបញ្ចប់ និងការចែករំលែកព័ត៌មាននេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព និងសុខុមាលភាពរបស់មនុស្សម្នាក់ៗ ។

កំហុសមួយបែបនេះ ត្រូវបានធ្វើបទបង្ហាញផងដែរ ដោយលោក Andy Greenberg នៅលើគេហទំព័រ wired.com ជាកន្លែង ដែលលោកបានធ្វើការជាមួយពួក Hacker ដើម្បីពន្លត់ម៉ាស៊ីនរថយន្ត Jeep របស់លោកពីចម្ងាយ ដែលកំពុងធ្វើចរាចរណ៍ នៅលើដងផ្លូវ។ ឧទាហរណ៍ពាក់ព័ន្ធ មួយផ្សេងទៀត ត្រូវបានផ្ដល់ដោយលោក W. David Stephenson នៅក្នុងអត្ថបទរបស់លោក ដែលបានបង្ហោះក្រោមចំណងជើងថា៖ “ Amazon Echo: is it the smart home Trojan Horse?។ អ្នកអាច ធ្វើការប៉ាន់ស្មានពីទំហំនៃទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យឯកជន ដែលឧបករណ៍តភ្ជាប់នេះ នឹងផលិត នៅពេលដែលវា មានវត្ដមាន នៅលើបណ្តាញ។ បញ្ហាប្រឈមចម្បង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា IoT គឺត្រូវដោះស្រាយពីរបៀប ដែលការទំនាក់ទំនង នៅក្នុង អាណាចក្រ Internet of Things អាចត្រូវបានបង្កើតឡើង ប្រកបដោយសុវត្ថិភាពពិតប្រាកដ។

អ្វីដែលត្រូវរំពឹង

 វត្ថុណាមួយ ដែលអាចត្រូវបានតភ្ជាប់ នឹងត្រូវតភ្ជាប់ដោយ IoT ។

Internet of Things គឺពិតជាគំនិតប្រកបដោយលក្ខណៈផ្លាស់ប្តូរមួយ ហើយអ្វី ដែលជាបញ្ហាប្រឈម នឹងត្រូវបានបង្ហាញ ព្រមទាំងនឹងមានកំណើនយ៉ាងឆាប់រហ័សនៃចំនួនឧបករណ៍ ដែលត្រូវបានតភ្ជាប់។ ទោះជាយ៉ាងណា ក៏នៅតែមានតម្រូវការសម្រាប់យើង ក្នុងការស្វែងយល់អំពីគំនិតនៃសេវា IoT និងគុណវិបត្តិ ដែលត្រូវប្រឈម។ ស្របពេលដែលឧបករណ៍កាន់តែច្រើន ចាប់ផ្តើមតភ្ជាប់នោះ តម្រូវការនឹងបង្ខំឱ្យអ្នកបច្ចេកទេសរិះរកគំនិត និងវិធីសាស្រ្តកម្រិតខ្ពស់បំផុតដើម្បីធានាឱ្យបាននូវកំណើននៃបច្ចេកវិទ្យានេះ។

នៅពេលនេះ អ្វីដែលយើងអាចធ្វើបានល្អបំផុតនោះ គឺត្រូវអប់រំខ្លួនយើង ស្ដីពីបច្ចេកវិទ្យា IoT និងធ្វើការដកពិសោធន៍ជាមួយនឹងអ្វី ដែលថ្មី ៕


ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ internetofthingswiki


Tags: Mekongnet