(បាងកក)៖ អគារខ្ពស់បំផុតថ្មីមួយទៀត របស់ទីក្រុងបាងកកប្រទេសថៃ ដែលមានកម្ពស់រហូតដល់ទៅ ៧៧ជាន់ ត្រូវបានដាក់ សម្ពោធជាផ្លូវការ នៅយប់ថ្ងៃពុធ ប៉ុន្តែក្រោយមកប៉ុន្មានម៉ោងប៉ុណ្ណោះ វាបានទទួល ពាក្យបណ្តឹងពីអាជ្ញាធរថា បានរំលោភសិទ្ធិពលកររបស់ប្រទេសថៃ។ នេះបើតាមការចេញផ្សាយ នៅមុននេះ បន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។
អគារខ្ពស់កប់ពពក ដែលមានឈ្មោះថា MahaNakhon គឺត្រូវបានរចនាប្លង់ ដោយស្ថាបត្យករអាល្លឺម៉ង់ លោក Ole Scheeren។ ការដែលខុសច្បាប់ខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធទៅនឹង ការធ្វេសប្រហែសរបស់ អាជ្ញាធរថៃ ដែលអនុញ្ញាតឲ្យលោក Sheeren ធ្វើការសាងសង់អគារ ខ្ពស់កប់ពពក ខណៈដែលលោកមិនមែន ជាជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិ តែមួយគត់លើស្ថាបត្យកម្មធំៗបែបនេះ។
គួរបញ្ជាក់ថា ការដាក់ពាក្យបណ្តឹង លើរឿងកសាងអគារខ្ពស់ ដោយមិនមានការពិនិត្យការអនុញ្ញាតផ្នែកច្បាប់ ឲ្យបានត្រឹមត្រូវនេះ គឺយោងទៅលើច្បាប់កាលពី ១៩៩៩ ដែលតម្រូវឲ្យស្ថាបត្យករ ឬក្រុមហ៊ុន បរទេសត្រូវតែ ស្វែងរកការទទួលស្គាល់លើ ៣៩ចំណុចចំណុច ទាក់ទងនឹងជំនាញ វិសកម្ម, សិប្បកម្ម, និង ស្ថាបត្យកម្ម ពីមន្ត្រីជំនាញរដ្ឋាភិបាលជាមុនសិន ទើបអាចធ្វើការសាងសង់សំណង់ នានាលើទឹកដីថៃបាន។
យ៉ាងណាក៏ដោយលោក Jedkamchorn Phromyothi ប្រធានក្រុមប្រឹក្សាស្ថាបត្យកម្មនៃប្រទេសថៃ (ACT) បានបកស្រាយថា «ច្បាប់ទាំងឡាយដែលត្រូវបានកំណត់ខាងលើនេះ វាគ្រាន់តែ ជារឿងកាលពី អតីតកាល តែប៉ុណ្ណោះ ប៉ុន្តែវាពិតជារឿងដ៏លំបាកមួយ ដែលយើងត្រូវទៅធ្វើការរឹតបន្តឹង ចំពោះអ្នកជំនាញដែលមាន ការទទួលស្គាល់ជាលក្ខណៈសកលទៅហើយនោះ»។
ចំពោះលោក Scheeren គឺត្រូវបានទទួលស្គាល់ថា ជាស្ថាបត្យករជំនាញរួចមកហើយ ដោយយោងទៅលើ ស្នាដៃ និងបទពិសោធន៍ដ៏យូរឆ្នាំរបស់លោក ដូចជាការសាងសង់ ទីស្នាក់កណ្តាល នៃទូរទស្សន៍រដ្ឋចិន CCTV ក្នុងទីក្រុងប៉េកាំង និង អគារ Angkasa Raya ក្នុងទីក្រុងគូឡាឡាំពួរជាដើម៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី