ព័ត៌មានអន្តរជាតិ ៖ មរណទុក្ខដ៏ក្រៀមក្រំ នៃការសោយទិវង្គត ស្តេចថៃ កាលពីថ្ងៃទី ១៣ តុលា កន្លង ទៅនេះ នាំមកនូវភាពរង្គោះរង្គើ ទុក្ខសោកទូទាំងប្រទេសថៃ ក្នុងការបាត់បង់មហាក្សត្រ របស់ខ្លួន ដែលធ្លាប់ តែគ្រងរាជ្យរយៈពេលយូរ ៧០ឆ្នាំ កន្លងមកនេះ ។
ក្រោយមរណទុក្ខដ៏ក្រៀមក្រំនៃការសោយទិវង្គតរបស់ស្តេចថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត អាជ្ញាធរប្រចាំប្រទេសដែលមានលោក ប្រាយុទ្ធ ជាប្រមុខនោះ បានធ្វើសេចក្តីប្រកាសឲ្យមានការកាន់ទុក្ខរយៈពេល ១ឆ្នាំ ដោយតម្រូវឲ្យស្លៀកពាក់ខ្មៅ ក្នុងនោះ រាល់កម្មវិធីកំសាន្ត ក៏ត្រូវ បាន ណែនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន។ ជាការពិត សេចក្តីប្រកាសនៃការកាន់ទុក្ខ ស្តេចថៃ ដែល តម្រូវឲ្យស្លៀកពាក់ខ្មៅនៅទូទាំងប្រទេសនោះ បានបណ្តាលឲ្យ ស្តុកខោអាវខ្មៅ អស់ពីស្តុកតែម្តង ក្នុងនោះ រាល់ស្តុកខោអាវខ្មៅដែលនៅសេសសល់ បានតម្លើងថ្លៃយ៉ាងគំហុក ។
តម្រូវការកើនខ្ពស់ ស្របពេលដែលមានការផ្គត់ផ្គង់សម្លៀកបំពាក់ខ្មៅទាប នាំមកនាំតម្លៃកើនឡើងជា បន្តបន្ទាប់ តួយ៉ាង អាវយឺតដែលគ្មានស្លាកយីហោ ដែលធ្លាប់តែលក់ក្នុងតម្លៃ ៨០ ទៅ ១២០ បាត (២ដុល្លារទៅ៣ដុល្លារ) នោះ បានឡើងថ្លៃ ដល់ទៅ ៣០០ បាត ឯណោះ (៨,៥ដុល្លារ) នៅផ្សារ Bobae ។ ខណៈអាវយឺតខ្មៅដែលមានស្លាកយឺហោច្បាស់លាស់ ដែលជាទូទៅធ្លាប់តែលក់ក្នុងតម្លៃ ៨០បាត (២ដុល្លារ) នោះ បានឡើងថ្លៃដល់ទៅ ១៥០ បាត (៤ដុល្លារ) ឬថ្លៃជាងនេះ អាស្រ័យទៅតាមហាង លក់ទំនើបៗឬក៏យ៉ាងណា ។
ជាការឆ្លើយតប ក៏ដូចជា ចំណាត់ការជាក់ស្តែង ក្រសួងពាណិជ្ជកម្មថៃ បានចេញសេចក្តីណែនាំដល់ សាធារណជនឲ្យធ្វើសេចក្តីរាយការណ៍ប្តឹង ក្នុងករណីពួកគេ ទិញអាវខ្មៅដែលគ្មានស្លាកយីហោមួយ ក្នុងតម្លៃលើសពី ២៥០បាត (៧ដុល្លារ) ។ តាមរយៈសេចក្តីរាយការណ៍ពាក្យបណ្តឹង ទិញអាវខ្មៅ ក្នុងតម្លៃ ចាប់ពី ៧ដុល្លារ អ្នកលក់ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ ១៤០,០០០បាត ៕
-BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA