CamNews

កីឡាជាតិ 

FFC បើក​ការ​ដ្ឋាន​សាង​សង់​ពហុកីឡ​ដ្ឋាន​ស្មៅ​សិប្ប​និម្មិត្ត ក្រោម​គម្រោង ៦០ម៉ឺន​ដុល្លារ​ពី FIFA

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​បើក​ការ​ដ្ឋាន​សាង​សង់​កីឡ​ដ្ឋាន​បាល់​ទាត់ ក្រាល​ស្មៅ​សិប្បនិ​ម្មិត្ត ដែល​ត្រៀម​ចំណាយថវិកា ៦០​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ FIFA នេះ​បើ​យោង​​តាម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​កម្សាន្ត Khmertalking ។

សូមបញ្ជាក់ផងដែរថា នេះជាកីឡដ្ឋានស្មៅសិប្បនិមិ្មត្តទី២ ដែល FFC បានធ្វើការសាង់សង់ ក្រោមជំនួយឧបត្ថម្ភពី FIFA បន្ទាប់​ពី​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ត្រូវ​បាន​ឈូស​ស្មៅ​ធម្មជាតិ​ចេញ និង​ក្រាល​ស្មៅ​សិប្បនិមិ្មត្ត​វិញ​រួច​រាល់​កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រកួត​បាល់​ទាត់​លីក​អាជីព មិត្ត​ភាព​អន្តរ​ជាតិ​ផ្សេងៗ និង​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះកីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​ផង​ដែរ ។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់នេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា មិនបានប្រាប់ពីការបញ្ចប់គម្រោងសាងសង់​នេះ​ទេ តែ​គ្រាន់​ឲ្យ​ដឹង​ថា កីឡដ្ឋាន​ស្មៅ​សិប្បនិម្មិត្ត​ថ្មី​នេះ គឺ​គោរព​ទៅ​តាម​បទ​ដ្ឋាន​ស្តង់​ដារ​អន្តរជាតិ (ISO) ដើម្បី​ប្រកួត ១១​នាក់​ក្នុង​១​ក្រុម ទៅ​លើ​កីឡដ្ឋាន​ចាស់​ដែល​ក្រាល​ស្មៅ​ធម្មជាតិ និង​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ជា​ច្រើន​នា​ពេល​កន្លង​មក ៕

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: FIFA FFC Local sport news