CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាមេរិកផលិតអាវក្រោះធ្វើអំពីសរសៃសូត្រពីងពាង និងដង្កូវនាង

កងទ័ពអាមេរិក គ្រោងនឹងចំណាយប្រាក់មួយលានដុល្លារ ដើម្បីអភិវឌ្ឍប្រភេទអាវក្រោះដែល
ធ្វើអំពីសរសៃសូត្រដង្កូវនាង រួមនឹងសរសៃសូត្ររបស់ពីងពាង ដែលមានទម្ងន់ស្រាល ប៉ុន្តែមាន
ភាពមាំមួនជាងដែកថែប។

ដង្កូវ​នាងដែលគេចិញ្ចឹមដើម្បីយកសូត្រ

ទំព័រ Popular Mechanics បានចេញផ្សាយថា កងទ័ពអាមេរិក ប្រើប្រាស់អាវក្រោះ Kevlar អស់
រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ បច្ចេកវិទ្យាថ្មី អាចនឹងផ្លាស់ប្ដូរអាវក្រោះខាងលើ ដោយបង្កើត អាវក្រោះមួយប្រភេទដែលមានចំនុចលេចធ្លោ គួរចាប់អារម្មណ៍។

ក្រុមហ៊ុន Kraig Biocraft ដែលមានទីតាំងនៅ Michigan អាមេរិក បានធ្វើការបំប្លែងហ្សែនរបស់
ដង្កូវនាង ដើម្បីផលិតសរសៃសូត្រដែលមានលក្ខណៈដូចសរសៃសូតរបស់ពីងពាង។ កាលពីថ្ងៃ
ទី ១២កក្កដាកន្លងទៅ ក្រុមហ៊ុន Kraig Biocraft បានចុះហត្ថលេខាជាមួយកងទ័ពអាមេរិក ដើម្បី
អភិវឌ្ឍប្រភេទសូតមួយដែលហៅថា Dragon Silk (សូត្រនាគ) ដើម្បីផលិតអាវក្រោះការពារគ្រាប់
កាំភ្លើង។

សរសៃសូត្រពីងពាង គឺជាប្រភេទសូត្រមួយដែលមានភាពស្វិតល្អ ប៉ុន្តែពិបាកក្នុងការផលិតក្នុង
បរិមាណច្រើន ព្រោះថា ពីងពាងប្រភេទនេះ តែងតែស៊ីសាច់គ្នាវា។ ដើម្បីដោះស្រាយបញ្ហានេះ
Kraig Biocraft បានបញ្ចូលហ្សែនរបស់ពីងពាងចូលទៅក្នុងដង្កូវនាង។ លទ្ធផលទទួលបាននោះ
គឺ សរសៃសូត្រដែលស្វិតដូចសរសៃពីងពាង ប៉ុន្តែងាយផលិតដូចសរសៃសូត្រដង្កូវនាង។

Jon Rice អគ្គនាយករបស់ក្រុមហ៊ុន Kraig Biocraft ឱ្យដឹងថា “សរសៃសូត្រនាគ (Dragon Silk)
មានភាពស្វិតល្អ ហើយវាក្លាយជាសរសៃសូត្រដែលស្វិតជាងគេ គិតមកដល់ពេលនេះ។ នេះគឺ
ជាវត្ថុធាតុដ៏អស្ចារ្យមួយរបស់មនុស្ស”។

អង្គភាពសម្ភារៈឯកជន និងការពារទាហាន (PM-SPIE) របស់កងទ័ពអាមារិក បានយល់ព្រម ផ្ដល់
ប្រាក់ចំនួន ១០០.០០០ដុល្លារ ទៅឱ្យក្រុមហ៊ុន Kraig Biocraft ដើម្បីសាកល្បងផលិតអាវក្រោះ
ដែលធ្វើពីសរសៃសូត្រនាគ។ បើសិនជាលទ្ធផលបង្ហាញថាល្អ នោះ កងទ័ពអាមេរិកនឹងបន្ថែម
ប្រាក់ឡើងដល់ ១០០០.០០០ដុល្លារ ដើម្បីផលិតអាវក្រោះបន្ថែមទៀត។

ប្រែសម្រួល ៖ បុត្រា


Tags: អាមេរិក សរសៃសូត្រ ពីងពាង ដង្កូវនាង អាវក្រោះ ទាហាន