CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចិននឹងបញ្ជូនរ៉ូបូតស៊ើបអង្កេតឡើងភពព្រះអង្គារ នៅឆ្នាំ ២០២០

ប្រទេសចិនបានប្រកាសបង្ហាញនូវរូបភាពដំបូងរបស់រ៉ូបូតមួយដែលតាមគម្រោងនឹងចុះចត និង
ស្រាវជ្រាវភពអង្គារនៅក្នុងឆ្នាំ ២០២០។

ទំព័រ BBC កាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយថា រ៉ូបូតស្រាវជ្រាវភពអង្គាររបស់ចិន មានទម្ងន់
២០០គីឡូក្រាម បំពាក់កង់ចំនួន ៦ និងផ្ទាំងសូឡាចំនួន ៤ ដំណើរការប្រហែល ៩២ថ្ងៃ។ រ៉ូបូតនេះ
ក៏នឹងបំពាក់ឧបករណ៍សំខាន់ៗចំនួន ១៣ មានដូចជា កាមេរ៉ា រ៉ាដាមើលឃើញក្រោមដី ដើម្បីធ្វើ
ការពិសោធមើលផ្ទៃដី បរិស្ថាន និងរចនាសម្ព័ន្ធខាងក្នុងរបស់ភពព្រះអង្គារ ទន្ទឹមនឹងការស្រាវជ្រាវ
រកដាននៃទឹក និងទឹកកក។

ប្រទេសចិន កំពុងតែវិនិយោគច្រើនទៅលើកម្មវិធីអវកាស ដើម្បីតាមឱ្យទាន់អាមេរិក និងអឺរ៉ុប។
កាលពីខែមេសា ចិនបានប្រកាសនូវគម្រោងបាញ់បង្ហោះយានអវកាសដែលហោះហើរជុំវិញភព
អង្គរ និងឱ្យរ៉ូបូតចុះចត និងធ្វើដំណើរនៅលើផ្ទៃដីរបស់ភពអង្គារនៅឆ្នាំ ២០២០។

យោងតាម Ye Peijian ទីប្រឹក្សានៃកម្មវិធីអវកាសរបស់ចិន ឱ្យដឹងថា កាំជ្រួច Long-March 5 នឹង
ចេញដំណើរពីមជ្ឈមណ្ឌលបាញ់បង្ហោះ នៅភាគខាងត្បូងកោះហៃណាន ដោយនាំទៅជាមួយនូវ
រ៉ូបូតមួយ។ រ៉ូបូតនេះ នឹងផ្ដាច់ខ្លួនចេញពីយានអវកាសនៅដំណាក់កាលចុងក្រោយនៃការធ្វើដំណើរ
រយៈពេល ៧ខែ និងចុះចតនៅក្បែរខ្សែអេក្វាទ័ររបស់ភពអង្គារ។

សូមរំលឹកថា ការព្យាយាមដំបូងរបស់ចិន ដើម្បីនាំផ្កាយរណបឡើងទៅកាន់គន្លងគោចររបស់ភព
ព្រះអង្គារ បានបរាជ័យកាលពីឆ្នាំ ២០១១ នៅពេលកាំជ្រួចរុញច្រានដែលផលិតដោយរុស្ស៊ី មិនអាច
ចាកចេញផុតពីគន្លងគោចររបស់ផែនដី។ បើសិនគម្រោងថ្មីទទួលបានជោគជ័យ ប្រទេសចិននឹង
ក្លាយជាប្រទេស/អង្គការទី ៥ ដែលមានយានអវកាសហោះហើរជុំវិញភពព្រះអង្គារ បន្ទាប់ពីអាមេរិក
រុស្ស៊ី អឺរ៉ុប និងឥណ្ឌា។

ប្រែសម្រួល ៖ តារា
ប្រភព ៖ techcrunch


Tags: Long-March 5 ចិន យានអវកាស រ៉ូបូត ភពអង្គារ