HTC គឺជាក្រុមហ៊ុនដំបូងគេ បញ្ចេញស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះ ដើម្បីថតរូប 3D ខណៈដែល LG, Huawei បានបញ្ចេញផលិតផលគុណភាពខ្ពស់ ដូចជា G5 ឬ P9 ជាដើម។
HTC Evo 3D
HTC គឺជាក្រុមហ៊ុនដំបូងដែលបញ្ចេញលក់ស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះ គឺស្មាតហ្វូន Evo 3D ឆ្នាំ ២០១១។ ផលិតផលនេះ មានកាមេរ៉ាពីរដែលថតជ្រុងផ្សេងពីគ្នា អនុញ្ញាតឱ្យម៉ាស៊ីននេះបង្កើតនូវរូបភាព 3D បាន។ អ្នកប្រើប្រាស់អាចមើលតាមរយៈកញ្ចក់ជំនួយ ឬមើលផ្ទាល់នៅលើអេក្រង់ជំនួយ 3D របស់ក្រុមហ៊ុន។ ថ្វីបើផលិតផលនេះ មិនទទួលបានជោគជ័យប៉ុន្មាន ប៉ុន្តែ វាក៏ជួយឱ្យ HTC តាមទាន់សម័យកាល នៅពេលបច្ចេកវិទ្យា 3D ចាប់ផ្ដើមផ្ទុះឡើងក្នុងទីផ្សារ។
Huawei P9
Huawei P9 បានចេញលក់ក្នុងទីផ្សារ កាលពីដើមឆ្នាំនេះ បានបង្កការចាប់អារម្មណ៍ច្រើន នៅពេលសហការណ៍ជាមួយ Leica ដើម្បីផលិតកាមេរ៉ាភ្លោះ។ មានរីសូលូសឹន 12 megapixel ដូចគ្នា ប៉ុន្តែ ក្រៅពីសេនសឺរ RGB ស្ដង់ដា ស្មាតហ្វូននេះ ក៏មានសេនសឺរទីពីរដែលមានតួនាទីទទួលពន្លឺ។ បច្ចេកវិទ្យានេះ ជួយឱ្យកាមេរ៉ាទទួលបានពន្លឺច្រើន និងច្បាស់ជាងមុន។
HTC One M8
បន្ទាប់ពី Evo 3D ក្រុមហ៊ុន HTC ក៏មានកំពូលស្មាតហ្វូនមួយទៀត ដែលមានកាមេរ៉ាភ្លោះ គឺ One M8 ។ ប៉ុន្តែ មិនដូចទៅនឹង Evo 3D នោះទេ ម៉ូដែលនេះប្រើប្រាស់កាមេរ៉ាទីពីរដើម្បីទទួលព័ត៌មានអំពីជម្រៅនៃវត្ថុទាំងឡាយនៅក្នុងរូបថត។ ដូច្នេះហើយ ទូរស័ព្ទនេះ នឹងដឹងបានថា វត្ថុណានៅមុខ វត្ថុណានៅក្រោយ ដើម្បីបង្កើត bokeh ស្រមោលដ៏ទាក់ទាញ នៅពេលថតជាមួយនឹងម៉ាស៊ីនជំនាញ។
LG G5
G5 ក៏ដូចជា V20 គឺជាស្មាតហ្វូនដ៏លេចធ្លោរបស់ក្រុមហ៊ុន LG ដែលមានប្រព័ន្ធកាមេរ៉ាភ្លោះ។ ទាំងពីរ សុទ្ធតែមានកាមេរ៉ាទីពីរដែលមានឡែនសមស្របនឹងការថតរួមជាក្រុម។ ប៉ុន្តែ កាមេរ៉ាពីរនៅលើ G5 ដំណើរការផ្សេងពីគ្នា ហើយអ្នកប្រើប្រាស់អាចប្ដូរទៅមកអាស្រ័យលើតម្រូវការជាក់ស្ដែង។
ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress