ដោយគ្រាន់តែចុចជាបន្ដបន្ទាប់ទៅលើគ្រាប់ចុច spacebar និង enter នៅលើក្ដារចុច កុមារាវ័យ
៥ឆ្នាំ មានឈ្មោះថា Kristoffer Von Hassel ក៏អាចហែកលេខកូដសម្ងាត់ នៅលើ Xbox One របស់
Microsoft ។
ថ្មីៗនេះ មានករណីដ៏អស្ចារ្យមួយ បានកើតឡើង ចំពោះម៉ាស៊ីនលេងហ្គេម Xbox One របស់ក្រុម
ហ៊ុន Microsoft ។ កុមារាម្នាក់អាយុ ៥ឆ្នាំ ឈ្មោះ Kristoffer Von Hassel បានរកឃើញកំហុសផ្នែក
ការពារលេខកូដសម្ងាត់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មិនបាច់បំពេញលេខកូដសម្ងាត់របស់
console នេះ ហើយអាចចូលទៅលេងហ្គេម។
ករណីនេះ ត្រូវបានរកឃើញ បន្ទាប់ពីពុករបស់ Kristoffer Von Hassel មើលឃើញថា កូនប្រុស
របស់ខ្លួន បានចូលទៅក្នុងគណនីរបស់គាត់បានសម្រេច បើទោះគាត់បានដាក់លេខកូដសម្ងាត់។
វិធីដែល Kristoffer Von Hassel អាចហែកចូលប្រើគណនីនៅលើ Xbox One នេះ បានធ្វើឱ្យអ្នក
ប្រើប្រាស់ព្រួយបារម្ភ ព្រោះវាសាមញ្ញខ្លាំងពេក គឺបន្ទាប់ពីបញ្ចូលលេខកូដសម្ងាត់ខុស កុមារម្នាក់
នេះ បានចុចផ្ទួនៗ ទៅលើ spacebar រួចចុចលើ Enter ។
Kristoffer Von Hassel និងពុកខ្លួន បានរាយការណ៍ដល់ Microsoft អំពីកំហុសនេះ។ ជាការដឹងគុណ
Microsoft បានជូនប្រាក់ចំនួន ៥០ដុល្លារ ហ្គេមចំនួន ៤ប្រភេទ និងការប្រើប្រាស់ Xbox Live ១ឆ្នាំ
ដោយមិនគិតថ្លៃ។
អ្នកប្រហែលជាចង់សាកល្បងហែកគណនីតាមរបៀបនេះ? ប៉ុន្ដែ គួរឱ្យស្ដាយ បន្ទាប់ពីទទួលបាន
របាយការណ៍ភ្លាម Microsoft បានកែលំអកំហុសនេះទៅហើយ! ហើយការហែក Xbox One ទៅ
តាមវិធីខាងលើ ក៏លែងមានប្រសិទ្ធិភាព។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឹថា នេះមិនមែនជាលើកទីមួយនោះទេ ដែល Kristoffer Von Hassel
ហែកលេខកូដសម្ងាត់បានសម្រេច។ ពុករបស់ Kristoffer Von Hassel ថ្លែងនៅលើទំព័រ 10news ថា
កាលពីទើបអាយុ ១ឆ្នាំ Kristoffer Von Hassel ក៏ធ្លាប់បានរកឃើញវិធីហែកចូលទូរស័ព្ទដៃផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ 10news/Youtube/ Gamespot