CamNews

ព័ត៌មានអន្តរជាតិ 

មនុស្សរាប់ពាន់នាក់ ផ្អើលរត់ចលាចល ក្រោយពីឮគ្រាប់កាំភ្លើងផ្ទុះ ក្នុងពិធីបុណ្យមួយ នៅអាមេរិច (មានវីដេអូ)

គ្រាប់កាំភ្លើងបានផ្ទុះកាលពីមុនម៉ោង ៥ល្ងាច កាលពីថ្ងៃទី ២០ ខែមេសា បានធ្វើឲ្យបុរសម្នាក់
និងស្ត្រីម្នាក់បានរងរបួស ប៉ុន្តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ហើយប៉ូលិសកំពុងតាម
ស្វែងរកចាប់ ជនសង្ស័យម្នាក់ ឬក៏ពីរនាក់ដែលសង្ស័យជាអ្នកបាញ់កាំភ្លើង។ នេះបើប្រភពពី AP
នាំសំដីពីប៉ូលិស Denver Sonny Jackson ដែលបានប្រាប់ឲ្យដឹង។

ប៉ូលិសបានស្នើសុំឲ្យបណ្តាអ្នកដែលបានចូលរួមក្នុងពិធីបុណ្យ ជួយផ្តល់ឲ្យនូវរូបភាព ឬវីដេអូ
ដែលថតបានពីការផ្ទុះគ្រាប់កាំភ្លើងនេះ។

បណ្តាអ្នកដែលបានចូលរួម និងបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ថា ទិដ្ឋភាពនៅ
សួន Civic Center Park នៅទីក្រុង Denver រដ្ឋ Colorado ពេលនោះពិតជាគួរឲ្យភិតភ័យយ៉ាង
ខ្លាំង។ តាមរយះវីដេអូដែលថតបានពីទីខ្ពស់ ឲ្យឃើញថា ហ្វូងមនុស្សរាប់ពាន់នាក់ បានផ្អើល
ចលាចលរត់ចេញមកក្រៅសួន។

មនុស្សជាច្រើនបានក្រាបចុះ និងរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីសម្លេងគ្រាប់កាំភ្លើង
ផ្ទុះឡើង ក្នុងពិធី "បុណ្យកញ្ឆា" នៅសួន Civic Center Park នៅទីក្រុង Denver
រដ្ឋ Colorado សហរដ្ឋអាមេរិច

ក្រោយពីឮសម្លេងផ្ទុះ មនុស្សមួយចំនួនស្មានតែជាសម្លេងផាវ ប៉ុន្តែក្រោយមក បុរសម្នាក់ក៏មាន
ឈាមហូរចេញ កូនឆ្កែរបស់គាត់ ក៏ត្រូវបានបាញ់ដែរ។ "ខ្ញុំបានឃើញគាត់ដួល ដៃឱបជើង",
Travis Craig, 28 ឆ្នាំ, អ្នកបានឃើញការបាញ់នោះ និយាយឲ្យដឹង។

បន្ទាប់ពីសម្លេងផ្ទុះនៃគ្រាប់កាំភ្លើងបានកើតឡើង ភាពចលាចលក៏កើតមានឡើងផងដែរ ដោយ
មនុស្សរាប់ពាន់នាក់ មានការភិតភ័យ ហើយនាំគ្នារត់ចេញពីទីធ្លានៃសួននោះ។

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ Sky News

ដោយ៖ សិលា
ប្រភព៖ VE


Tags: people riot U.S. festival social international news