CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឮថា Samsung ចង់រចនាម៉ូត និងផលិតគំរូ Tablet អាចបត់បានទៀត?

Samsung បានធ្វើការតាំងពិព័រណ៍នូវគំរូ Tablet មួយ ដែលអាចបត់បាននៅក្នុងព្រឹត្តិការណ៍ MWC 2014, ហើយបើតាមទម្លាប់ Samsung នឹងធ្វើការផលិត បញ្ចេញនូវគំរូ Tablet មួយដែលអាចបត់បាន នៅក្នុង ឆ្នាំ ២០១៥។

តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា Tablet នេះនឹងមានអេក្រង់ OLED ទំហំពី ៨ ដល់ ៩ អ៊ីន កំរិតរីសូលុយហ្សិន full HD។ វាអាចបង្រួមខ្នាតទំហំបាន តាមរយះការបត់ជាបីកង់ ដូចជាកាបូបដៃមួយ ដូច្នេះដែរ។ នេះគឺជាការច្នៃប្រឌិតមួយ ដែលត្រូវការពេលយូរបន្តិច ទើបអាចលេចចេញជាការពិត ប៉ុន្តែ អ្វីៗអាចនឹងមានការផ្លាស់ប្តូរទាំងស្រុង នៅក្នុងបណ្តាខែខាងមុខនេះ ដោយសារតែមានរបាយការណ៍ ជាច្រើនរបស់ Samsung បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែបោះជំហានកាន់តែកៀក នឹងផលិតផលជាក់ ស្តែងមួយ ដែលអាចធ្វើការបត់បាន។

លទ្ធភាពច្រើន Tablet ដែលអាចបត់បាន នឹងត្រូវបានផលិតចេញមក មានការកំណត់ និងលក់ក្នុងតំលៃ មួយខ្ពស់ ដែលអ្នកប្រើប្រាស់មួយចំនួនធំ អាចនឹងមិនមានលទ្ធភាពទិញប្រើ។ ជាក់ស្តែង ការផ្លាស់ប្តូរថ្មី នេះ វានឹងលុបបំបាត់នូវអារម្មណ៍ធុញទ្រាន់ ស្តីពីរូបរាងរបស់ ស្មាតហ្វូន ទូរស័ព្ទ និង Tablet ដែលស្ទើរតែ ទាំងអស់ សុទ្ធតែការរចនាម៉ូត ស្រដៀងៗគ្នា ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅតែពី Samsung Galaxy Round និង LG G Flex។ ដូច្នេះគំរូ Tablet ដែលអាចធ្វើការបត់បាន គឺជាផលិតផលមួយ ដែល ធ្វើឲ្យគ្រប់គ្នាមានការរំភើប ពេញចិត្ត បើទោះបីជាពួកគេមិនមានលទ្ធភាពទិញវាប្រើក៏ដោយ។ 

កាលពីពេលថ្មីៗនេះ Nokia ក៏បានធ្វើការបង្ហាញណែនាំនូវអេក្រង់អាចបត់បានដូច្នេះដែរ។ ដូច្នេះយើង សង្ឃឹមថា​ ការប្រជែងគ្នានេះ វានឹងនាំឲ្យមាន លេចចេញនូវផលិតផលពិតជាក់ស្តែង ក្នុងអនាគតដ៏ឆាប់ៗ ខាងមុខនេះមិនខាន៕

 

ប្រែសម្រួល៖​ សិលា
ប្រភព៖ vreview


Tags: tablet foldable Samsung Hightech