មិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ប៉ុន្ដែចេកក៏ត្រូវបានគេយកមកធ្វើជាវត្ថុធាតុថែទាំសម្ផស្ស ដូចជាបំប៉នសំណើម និងធ្វើឱ្យស្បែកតឹង ជួយឱ្យធ្មេញ. និងបំបាត់មុនទៀតផង។
វត្ថុផ្សំអំពីផ្លែចេក អាចត្រូវបានប្រើប្រាស់សម្រាប់ថែទាំស្បែកគ្រប់ប្រភេទ គ្រប់វ័យ ដោយវាធ្វើឱ្យស្បែកទន់ និងមិនបង្កផលប៉ះពាល់ដល់សុខភាព មិនដូចទៅផលិតផលឧស្សាហកម្ម ហើយពិសេសគឺវាមានប្រយោជន៍ច្រើនដល់ស្បែកស្ងួត។
ចេកធ្វើឱ្យស្បែក.ស និងទប់ទល់ភាពចាស់
គ្រាន់តែយកចេកទុំមួយផ្លែ កិនឱ្យម៉ត់ជាមួយស៊ុតមាន់មួយគ្រាប់ នោះអ្នកនឹងមានម៉ាសធម្មជាតិ ជួយទប់ទល់នឹងការវិវដ្ដទៅរកភាពចាស់។ ចេកដែលនៅក្នុងម៉ាសប្រភេទនេះ វាជួយបំបាត់ក្លិនឆ្អាបរបស់ស៊ុត ព្រមទាំងជួយសម្អាតស្បែក ជួយធ្វើឱ្យរន្ធគល់រោមតូច និងកំចាត់ស្នាមជាំនៅលើស្បែក។ ចំណែកសារជាតិ collagen ក្នុងស៊ុត នឹងជួយរក្សាភាពតឹង ម៉ត់រលោងរបស់ស្បែក កាត់បន្ថយការបែកស្រកានៅលើស្បែក។ វិធីនេះ ក៏នឹងជួយឱ្យស្បែកមុខរបស់អ្នក បានស ខ្ចី គួរជាទីពេញចិត្ត។
វិធីផ្សេងមួយទៀត គឺប្រើប្រាស់ចេកទុំ កិនជាមួយទឹកឃ្មុំ រួចបំពោកលើផ្ទៃមុខ (លើកលែងតែនៅត្រង់ភ្នែក) ។ ម៉ាសប្រភេទនេះ មានប្រសិទ្ធិភាពដូចទៅនឹងម៉ាសខាងលើ។
ចេក បំប៉នសំណើម
ចូរយកចេកមួយផ្លែ និងទឹកដោះគោជូរបន្ដិច កិនជាមួយគ្នា រួចបំពោកលើផ្ទៃមុខ ឱ្យបាន ១៥នាទី ទើបលាងជម្រះដោយទឹកក្ដៅឧណ្ហឧណ្ហ។ ស្បែកស្ងួត ខ្វះថាមពលជីវិតរបស់អ្នកនឹងប្រែក្លាយជាទន់ភ្លន់ តឹងណែនជាងមុន។
ចេក គ្រប់គ្រង់ជាតិខ្លាញ់
ប្រសិនស្បែករបស់អ្នកជាប្រភេទស្បែកខ្លាញ់ច្រើន នោះគួរតែអនុវត្តតាមរូបមន្ដដូចតទៅ ៖ យកទឹកដោះគោ ១ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារ ២ស្លាបព្រា ច្របាច់ជាមួយចេកទុំមួយផ្លែ។ បំពោកវត្ថុផ្សំនេះលើមុខ ២០នាទី រួចលាងជម្រះដោយទឹកក្ដៅឧណ្ហឧណ្ហ។ វិធីនេះនឹងជួយកែលំអស្បែកសម្បូរខ្លាញ់របស់អ្នក បានមួយភាគធំ។
ចេក ព្យាបាលមុន
អ្នកមានស្បែកសម្បូរដោយមុនក្បាលខ្មៅមែនទេ? ចូលយកចេកទុំមួយផ្លែតូច ច្របាច់ជាមួយទឹកឃ្មុំ ១ស្លាប់ព្រា និងទឹកក្រូចឆ្មារ ២ស្លាបព្រា រហូតអាចធ្វើជាម៉ាសបាន។ យកវត្ថុផ្សំនេះ លាបលើតំបន់ស្បែកដែលមានមុនក្បាលខ្មៅ ក្រោយរយៈពេល ២០នាទី ទើបលាងជម្រះដោយទឹកត្រជាក់។ វិធីនេះ អាចធ្វើបាន ២សប្ដាហ៍/ម្ដង។
ប្រសិនមុនខ្សាច់ គឺត្រូវយកចេកទុំច្របាច់ម៉ត់ លាយជាមួយម្សៅអង្ករសាឡី និងទឹកដោះគោស្រស់ ២ស្លាបព្រា។ លាបវាទៅលើស្បែកមានមុន និងលាងសម្អាតដោយទឹកក្ដៅឧណ្ហឧណ្ហ ក្រោយរយៈពេល ១៥នាទី។
ចំពោះមុនអង្កាម គឺត្រូវយកចេកទុំកិនឱ្យម៉ត់ លាយឱ្យសព្វជាមួយទឹកដោះគោជូ ៤ស្លាបព្រា។ ចូរបំពោកវត្ថុផ្សំនេះលើស្បែកមុខ ឱ្យបាន ១៥នាទី។
ចេក ធ្វើឱ្យធ្មេញ.ស
ការប្រើប្រាស់សម្បកចេកដើម្បីធ្វើឱ្យធ្មេញ.ស គឺជាវិធីសុវត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់ ដោយសារតែសម្បកចេក មានផ្ទុកវីតាមីន និងជាតិរ៉ែ ប៉ុន្ដែវាមិនមានផ្ទុកសារធាតុកាត់ដូចផលិតផលឧស្សាហកម្មនោះទេ។ ចូរយកសម្បកចេកទុំ (ផ្នែកខាងក្នុង) ដុសធ្មេញឱ្យបានប្រហែល ២នាទី។ ជាតិរ៉ែក្នុងសម្បកចេកនេះ នឹងជ្រាបចូលទៅក្នុងស្រទាប់លើរបស់ធ្មេញ ធ្វើឱ្យធ្មេញ.ស បែបធម្មជាតិ។ ចុងក្រោយ ដុសធ្មេញដោយថ្នាំដុសធ្មេញដែលអ្នកធ្លាប់ប្រើ។
ដោយ ៖ តារា
ប្រភព ៖ k14