CamNews

ជីវិត និងការងារ 

អ្នកមាន​បំផុត​ទី​ពីរ នៅ​អាស៊ី រកបាន មួយ​ពាន់​លាន​ដុល្លារ ក្នុង​មួយថ្ងៃ

ទ្រព្យសម្បត្តិ​សកម្ម​សុទ្ធ​របស់​មហា​ស​ដ្ឋី Lui Che-Woo ស្ថាបនិក​ក្រុមហ៊ុន​គ្រប់គ្រង​បន​ស្បែង Galaxy Entertainment Group បាន​កើនឡើង​បន្ថែម ១ម៉ឺន ២ពាន់​លាន ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ ធ្វើឱ្យ​គាត់​ក្លាយជា​អ្នកមាន​បំផុត​លំដាប់​ទី​ពីរ​នៅ​អាស៊ី។ ដោយឡែក​នៅក្នុង​ថ្ងៃទី ៣ខែតុលា ឆ្នាំ ២០១៣ នេះ លោក Lui Che-Woo រកបាន ១ពាន់​លាន​ដុល្លារ។

មហា​ស​ដ្ឋី Lui Che-Woo ស្ថាបនិក​ក្រុមហ៊ុន​គ្រប់គ្រង​បន​ស្បែង Galaxy Entertainment Group

យោងតាម​គេហទំព័រ Bloomberg កម្រិត​នៃ​ការ​មានបាន​របស់លោក Lui Che-Woo បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​បែបនេះ គឺ​ដោយសារ កាស៊ីណូ នៅ Macau រកប្រាក់​ចំណូល​បាន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក នាំឱ្យ​តម្លៃ​ភាគហ៊ុន​របស់ Galaxy Entertainment ឡើង​ខ្ពស់។

បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី Bloomberg Billionaires Index បាន​បង្ហាញថា តម្លៃ​ទ្រព្យសកម្ម​សុទ្ធ​របស់លោក Lui Che-Woo បច្ចុប្បន្ន មាន​ចំនួន ២២,១០០លាន​ដុល្លារ។ នៅក្នុង​តំបន់​អាស៊ី មានតែ​មហាសេដ្ឋី​មួយរូប​ប៉ុណ្ណោះ​ដែលមាន​ទ្រព្យ​ច្រើនជាង លោក Lui Che-Woo នោះ​គឺ មហាសេដ្ឋី Li Ka-Shing ចិន​ហុងកុង។ ដោយឡែក​ក្នុងឆ្នាំនេះ លោក Lui Che-Woo បាន​លោត​ទៅ​ឈរ​លំដាប់​ខ្ពស់ជាង​មហាសេដ្ឋី​មួយចំនួន របស់​អាស៊ី អំពី​ទ្រព្យសម្បត្តិ រួមមាន​មហាសេដ្ឋី Lee Shau-Kee និង Cheng Yu-Tung របស់​ហុងកុង កំពូល​អ្នកមាន Mukesh Ambani របស់​ឥណ្ឌា និង​មហា​សេដ្ឋីនី Gina Rinehart របស់ Australia ។

នៅក្នុង​លំដាប់​ពិភពលោក មានតែ​មហាសេដ្ឋី​ពីរ​រួប​ប៉ុណ្ណោះ គឺ​លោក Mark Zuckerberg ស្ថាបនិក Facebook និង Ingvar Kamprad ស្ថាបនិក​របស់​បណ្ដាញ​លក់រាយ​គ្រឿង​សង្ហា​រឹម Ikea ដែល​រកបាន​ប្រាក់​ច្រើនជាង លោក Lui Che-Woo ក្នុង​រយៈពេល​ពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ។

សូមបញ្ជាក់ថា ឆ្នាំនេះ លោក Lui Che-Woo មាន​អាយុ ៨៤ឆ្នាំ ជា​មហាសេដ្ឋី​ម្នាក់​ដែល​កំពុង​កាន់កាប់​អាជ្ញា​បណ្ណ​បន​ល្បែង​ចំនួន ៦ នៅ Macau ហើយ​គាត់​ក៏​ជា​គូប្រជែង​ដ៏​ធំ របស់​មេបន​ល្បែង​លំដាប់​កំពូល​នានា​ក្នុង​តំបន់​នេះ រួមមាន Steve Wynn, Sheldon Adelson, ពុក និង​កូន Stanley Ho និង Lawrence Ho រួម​នឹង James Packer ផងដែរ។ លោក  Lui Che-Woo និង​កូនប្រុស Francis កំពុង​ពង្រីក​បណ្ដាញ​បន​ល្បែង​ធំ​បំផុត​របស់ Galaxy Entertainment នោះ​គឺ​Galaxy Macau នៅ Cotai ក្នុង​តំបន់ Macau ដើម្បី​ឆ្លើយតប​នឹង​ចំនួន​ភ្ញៀវ​ដែល​បាន​កើនឡើង​ខ្ពស់បំផុត ក្នុងនោះ ភាគច្រើន​គឺ​ភ្ញៀវ​មកពី​ចិនដីគោក។

យោងតាម​ការព្យាករណ៍​របស់​ធនាគារ Deutsche Bank AG នៅ​ហុងកុង ប្រាក់ចំណូល​ក្នុង​វិស័យ​បន​ល្បែង​នៅ Macau ឆ្នាំនេះ​នឹង​កើនឡើង ១៧% ធៀប​នឹង​ឆ្នាំ​កន្លង ដោយមាន​ប្រាក់ចំណូល ៤៤,៥០០ លាន​ដុល្លារ ខ្ពស់ជាង​ច្រើន ធៀប​នឹង ៣៨,០០០លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១២ ។

មហាសេដ្ឋី Lui Che-Woo កើត​ឆ្នាំ ១៩២៩ ក្នុង​ក្រុង Jiangmen ខេ​ត្រ Guangdong ប្រទេស​ចិន​បន្ទាប់ពី​គ្រួសារ​របស់គាត់​ត្រឡប់​មកពី San Francisco អាមេរិក ជា​កន្លែង​ដែល​គ្រួសារ​គាត់​រកបាន​ប្រាក់​មួយចំនួន​ពី​មុខរបរ​បោកគក់។ ឆ្នាំ ១៩៣៤ លោក​ក៏បាន​មកកាន់​ហុងកុង​ជាមួយ​គ្រួសារ។ នៅពេល​លោក​មាន​អាយុ ១៣ឆ្នាំ លោក​បាន​ជួយ​គ្រួសារ​ដោយ​ការលក់​អាហារ​នៅតាម​ដងផ្លូវ។

នៅពេល​សង្គ្រាមលោកលើកទី​ពីរ​បានបញ្ចប់ លោក Lui Che-Woo ក៏បាន​ទិញយក​ឧបករណ៍​សាងសង់ចាស់ៗពី​កងទ័ព​អាមេរិក នៅ Okinawa ប្រទេស​ជប៉ុន នាំមក​ហុងកុង ដើម្បី​លក់ ខណៈដែល​តម្រូវការ​នៃ​ការសាងសង់​កើនឡើង​ខ្ពស់។ លោក​ក៏បាន​ចាប់ផ្ដើម​មាន​ប្រាក់ចំណូល​ច្រើន ចាប់ពីពេលនោះ។ ពេល​មាន​ទុន លោក​ក៏បាន​បែរមក​សាងសង់​គម្រោង​អចលនទ្រព្យ ដូចជា​ផ្ទះ និង​សណ្ឋាគារ។

ឆ្នាំ ២០០២ ពេលដែល Macau បានបញ្ចប់​សិទ្ធិផ្ដាច់មុខ​រយៈពេល ៤ទសវត្ស​របស់​បន​ល្បែង Stanley Ho ក្រុមហ៊ុន Galaxy Casino របស់លោក Lui Che-Woo រួម​នឹង Las Vegas Sands របស់ Adelson សហ​ការណ៍​គ្នា និង​ទទួលបាន​អាជ្ញា​បណ្ណ កាស៊ីណូ មួយ។ បី​ឆ្នាំក្រោយ សម្ព័ន្ធមិត្ត​នេះ បាន​បែកបាក់ ដោយសារតែ Lui Che-Woo និង Adelson ខ្វែងគំនិត​គ្នា។

មហា​សេដ្ឋី​ Lui Che-Woo (ឆ្វេង​) អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន​ Galaxy Entertainment Group និង​កូន​ប្រុស Francis Lui ជា​អគ្គ​នាយក​រង

ឆ្នាំ ២០០៦ Lui Che-Woo បាន​បើក កាស៊ីណូ StarWorld Macau នៅក្បែរ​បន​ល្បែង Grand Lisboa របស់ Stanley Ho ។ មកដល់​ឆ្នាំ ២០១១ លោក​ក៏បាន​ពង្រីក​បន្ថែម បន​ល្បែង និង​សណ្ឋាគារ ២,២០០បន្ទប់ ដែលមាន​តម្លៃ ១,៩០០លាន​ដុល្លារ ឈ្មោះ Galaxy Macau ។

ក្នុង​រយៈពេល ១២ខែ​កន្លង តម្លៃ​ភាគហ៊ុន​របស់ Galaxy Macau បាន​កើនឡើង ១២២% ។ កាលពី​ថ្ងៃទី ៣ ខែតុលា​ឆ្នាំ ២០១៣ តម្លៃ​ភាគហ៊ុន​នេះ បាន​កើន​ខ្ពស់បំផុត ជួយ​ឱ្យ​លោក Lui Che-Woo រកបាន ១ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ។ បច្ចុប្បន្ន Lui Che-Woo កាន់កាប់​ភាគហ៊ុន ចំនួន ៦៥% នៅ Galaxy Casino ។



ដោយ ៖ តារា
ប្រភព ៖ Bloomberg


Tags: Lui Che-Woo Macau Bloomberg Billionaires Index Mark Zuckerberg Galaxy Entertainment Group