អាមេរិក៖ បណ្ដាញសង្គមយក្ស Facebook បានសហការជាមួយក្រុមហ៊ុន ផ្កាយរណបបារាំង Eutelsat ដើម្បី ដំណើរការ ផ្ដាយរណបថ្មីមួយ ដែលនឹងផ្ដល់នូវការប្រើប្រាស់អ៉ីនធើណែតឥតគិតថ្លៃ សម្រាប់ពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែតុលានេះ។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ផ្ដាយរណបនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំក្រោយ ចំណែកការផ្ដល់សេវាកម្ម អ៉ីនធើណែត នឹងត្រូវដាក់ឲ្យប្រើនៅពាក់កណ្ដាលឆ្នាំ ២០១៦ ដោយក្នុងនោះ មានប្រទេសចំនួន១៤ នៅក្នុងទ្វីប អាហ្វ្រិក ត្រូវបានដាក់ឲ្យប្រើប្រាស់អ៉ីនធើណែត។
Facebook បានបញ្ជាក់ថា ផ្កាយរណបនេះ នឹងត្រូវដាក់ប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋនៅតាម តំបន់ ជនបទ ហើយនេះក៏ជាបេសកកម្មធំចម្បងមួយរបស់លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ដែលបានប្រកាសថា លោកនឹងនាំយកអ៉ីនធើណេតទៅកាន់ពិភពលោក ដើម្បីឲ្យមនុស្សទូទាំងសកលលោក បានភ្ជាប់ នូវទំនាក់ទំនងគ្នា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Facebook បាននាំយក និងផ្ដល់ជូនសេវាកម្មអ៉ីនធើណែតឥតគិតថ្លៃដល់ប្រទេសចំនួន ២០នៅក្នុងសកលលោក សម្រាប់ប្រើប្រាស់៕
ប្រភព ៖ ប៊ីប៊ីស៊ី