CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាវ Cavalier ៖ ប្រើបច្ចេកវិទ្យាមិនជ្រាបទឹក មិនជាប់ធូលី មិនហប់ តម្លៃ ៦៥ដុល្លារ

ក្រុមហ៊ុនរចនាសម្លៀកបំពាក់ និងបច្ចេកវិទ្យា នៅ Melbourne (អូស្ដ្រាលី) Threadsmiths បានច្នៃ
ចេញនូវប្រភេទអាវយឺតពិសេស មិនជ្រាបទឹក និងមិនជាប់ធូលី តម្លៃថោក។

ផលិតផល ដែលមានឈ្មោះថា Cavalier នេះ ត្រូវបានផលិតឡើងពីសំឡីកប្បាស ១០០% ។
អាថ៌កំបាំងរបស់វា គឺស្ថិតនៅត្រង់បច្ចេកវិទ្យា nano ក្នុងដំណាក់កាលតម្បាញ ដូច្នេះ វាអាចទប់
ស្កាត់ការជ្រាបទឹក និងរារាំងធូលី។

អាវ Cavalier នេះ ត្រូវបានបង្កើតឡើង ទៅតាមសមត្ថភាពនៃការរារាំងទឹកនៃស្លឹកឈូក ម្យ៉ាង
ទៀត អាវប្រភេទនេះ មិនមានផ្ទុកធាតុគីមីនោះទេ ដូច្នេះ វាពិតជាមានសុវត្ថិភាពសម្រាប់អ្នក
ប្រើប្រាស់។ ក្រៅពីនេះ Cavalier ថ្វីបើមិនជ្រាបទឹក មិនជាប់ធូលី ប៉ុន្ដែ វាក៏មិនហប់ដូចអាវភ្លៀង
ផ្ទុយទៅវិញ វាអាចឱ្យខ្យល់ចេញចូលបាន ដូចទៅនឹងអាវធម្មតា។

ទំព័រ Daily Mail ដកស្រង់សម្ដីអ្នកគ្រប់គ្រង Lewis Pitchford ឱ្យដឹងថា បច្ចេកវិទ្យាទប់ទល់នឹង
ការជ្រាបទឹក nano នេះ ខុសទៅនឹងផលិតផលដែលប្រើបច្ចេកវិទ្យាស្រោប ឬបាញ់សារធាតុទប់
ជាតិសំណើម ដែលកំពុងមាននៅអាមេរិក ដូចជា Ultra-Ever Dry ជាដើម។

ការពិសោធបង្ហាញថា Cavalier នៅតែរក្សាបាននូវសមត្ថភាពទប់ជាតិទឹក បន្ទាប់ពីត្រូវបោក
គក់ដោយម៉ាស៊ីន ចំនួន ៨០ដង។ តាមការព្យាករណ៍ ក្នុងពេលអនាគត ប្រភេទក្រណាត់នេះ
នឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជា ធ្វើជាសម្លៀកបំពាក់គ្រប់ធុន កម្រាលតុក្នុង
ភោជនីយដ្ឋាន ឬក៏ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ដ្រ។ល។

បច្ចុប្បន្ន អាវពិសេស Cavalier នេះ ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងទីផ្សារអូស្ដ្រាលី ដោយតម្លៃ
៦៥ដុល្លារ ក្នុងអាវមួយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Threadsmiths Cavalier អាវ មិនជ្រាបទឹក