លោកយាយម្នាក់អាយុ ៩៩ឆ្នាំ រស់នៅក្នុងរដ្ឋ Iowa អាមេរិក ទើបទទួលបានសញ្ញាបត្រ មធ្យមសិក្សារបស់សាលាវិទ្យាល័យ East Waterloo ក្រោយរយៈពេល ៨០ឆ្នាំ បានឈប់រៀន។
លោកយាយ Audrey ញញឹម នៅពេលត្រូវបាននាយិការសាលាមធ្យមសិក្សា East Waterloo បំពាក់មេដាយ Homecoming។
“ខ្ញុំយល់ថា ខ្លួនឯងមានភាពឆ្លាតវៃជាងមុនច្រើនណាស់” នេះជាសំដីរបស់លោកយាយ Audrey Crabtree ដែលត្រូវបានទំព័រសារព័ត៌មាន AP ដកស្រង់ ក្នុងពេលថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ កាលពីថ្ងៃទី ២៣កញ្ញា។
ឆ្នាំ ១៩៣២ លោកយាយ Audrey Crabtree ធ្លាប់បានឈប់រៀនប៉ុន្មានថ្ងៃ ដោយសារតែត្រូវរបួសក្នុងពេលមុជទឹក។ ក្រោយមក លោកយាយក៏បានឈប់រៀនតែម្ដងដើម្បីថែទាំយាយរបស់គាត់ដែលកំពុងមានជម្ងឺ។ បន្ទាប់មកទៀត លោកយាយក៏បានរៀបការ ប្រការនេះ ធ្វើឱ្យគាត់លែងមានឱកាសវិលចូលសាលា ទៅតាមគម្រោងរបស់ខ្លួន។
ស្វាមីដំបូងរបស់លោកយាយ បានស្លាប់កាលពីឆ្នាំ ១៩៥៧ បន្ទាប់ពីអ្នកទាំងពីរទើបបានទិញហាងលក់ផ្កាមួយកន្លែង។ លោកយាយ Audrey Crabtree បានគ្រប់គ្រងហាងផ្កានេះ អស់រយៈពេល ២៨ឆ្នាំ និងមានស្វាមីដល់ទៅពីរដងទៀត។ បច្ចុប្បន្ន លោកយាយមានចៅ ៥នាក់ និងចៅទួត ៤នាក់។
Shelley Hoffman ដែលជាចៅស្រីរបស់លោកយាយ Audrey Crabtree ឱ្យដឹងថា ៖ “លោកយាយរបស់ខ្ញុំតែងនិយាយថា គាត់មានការសោកស្ដាយ ដោយមិនទាន់បានបញ្ចប់ការសិក្សាទុតិយភូមិ។
ដឹងដូច្នេះ Shelley Hoffman ក៏បានទាក់ទងមកសាលាមធ្យមសិក្សា East Waterloo ស្នើសុំគណៈគ្រប់គ្រងសាលា រៀបចំពិធីមួយដើម្បីប្រគល់សញ្ញាបត្រថ្នាក់ទី ១២ ដល់លោកយាយ។ ក្រុមមន្ដ្រីរបស់សាលា ញាតិមិត្ត ព្រមទាំងកូនចៅ បានចូលរួមអបអរលោកយាយ Audrey ក្នុងពិធីនោះ។
លោកយាយ Audrey ទទួលបានបញ្ជីលទ្ធផលនៃការសិក្សា និងវត្ថុអនុស្សាវរិយផ្សេងៗទៀតដែលទាក់ទិននឹងសាលារៀន រួមមានអាវធំ និងមេដាយនៃព្រឹត្តិការណ៍ Homecoming (គឺជាព្រឹត្តិការណ៍ប្រពៃណីប្រចាំឆ្នាំនៅអាមេរិកខាងជើង ទទួលអបអរប្រជាជនត្រឡប់មកស្រុកកំណើត និងសិស្ស និស្សិត ត្រឡប់មកសាលារៀនវិញ)។ ក្រៅពីនេះ លោកយាយថែមទាំងបានទទួលសំបុត្រជាង ១០០ ពីសិស្សទាំងឡាយក្នុងតំបន់ផងដែរ។
ដោយ ៖ តារា
ប្រភព ៖ Dailymail/AP