ប្ដីប្រពន្ធ Roni និង Ken Di Lullo រកបានប្រាក់ ៣លានដុល្លារ កាលពីឆ្នាំទៅ ដោយសារការកែច្នៃវ៉ែនតាកីឡា ទៅជាផលិតផលការពារកំដៅថ្ងៃ សម្រាប់សុនខដែលត្រូវការទប់ទល់នឹងពន្លឺព្រះអាទិត្យ។
កាលពីប៉ុន្មានឆ្នាំមុន Roni និង Ken Di Lullo បានរកឃើញបញ្ហាខុសពីធម្មតា នៅពេលសុនខ Midknight របស់ពួកគេ តែងចាប់មិនបាននូវរបស់ដែលពួកគេបោះទៅ។ Roni និយាយថា ក្នុងពេលពួកគេទៅកាន់ឧទ្យានមួយ ក្បែរ San Jose, California អាមេរិក អ្នកទាំងពីបានឃើញសុនខរបស់ខ្លួន តែងព្រិចភ្នែក ដោយសារតែចាញ់កំដៅថ្ងៃ។
ក្រោយមក Roni បានកែច្នៃវ៉ែនតារបស់ខ្លួន ឱ្យល្មមនឹងសុនខ Midknight ។ រូបភាពសុនខពាក់វ៉ែនតា បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ខណៈដែល Roni និង Ken Di Lullo រួមនឹងសម្លាញ់សុនខ នាំគ្នាទៅលេងឧទ្យាន។ ជាងនេះទៀត Roni ថែមទាំងបានបង្កើតគេហទំព័រមួយ ដើម្បីបង្ហោះរូបថតសុនខពាក់វ៉ែនតា។
ប៉ុន្ដែ ប្រការដ៏គួរភ្ញាក់ផ្អើលបានកើតឡើង នោះគឺមានមនុស្សជាច្រើន បានផ្ញើសារមក ស្នើឱ្យ Roni ជួយធ្វើវ៉ែនតាឱ្យសុនខរបស់ពួកគេ។ Roni ពេលនោះមិនទាន់មានបំណងនឹងរកស៊ីនៅឡើយ ព្រោះពេលនោះ កំពុងមានការងារជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ ប៉ុន្ដែ នៅពេលប្រាក់ចំណូលបានមកពីការកែច្នៃ និងលក់វ៉ែនតាសុនខ បានកើនឡើងច្រើន ហើយខ្លួនក៏មិនអាចផលិតវ៉ែនតា "Doggles" បានទាន់ពេល ក៏សម្រេចចិត្តស្វែងរកក្រុមហ៊ុនមួយចំនួន ដើម្បីផលិតវ៉ែនតានេះ ប៉ុន្ដែ មិនបានសម្រេច។
ក្រោយមក ក្រុមហ៊ុនមួយរបស់តៃវ៉ាន់ បានយល់ព្រមផលិតប្រភេទវ៉ែនតាដូចការស្នើរបស់ Roni ។ ឆ្នាំ ២០០២ ប្ដីប្រពន្ធមួយគូនេះ ទទួលបានបានការបញ្ជាទិញជាលើកដំបូង ចំនួន ៣០,០០០ គូ។ បន្ទាប់មក បណ្ដាញលក់រាយនូវផលិតផលសត្វចិញ្ចឹម PetSmart ក៏បានយល់ព្រមទទួលលក់ប្រភេទវ៉ែនតាពិសេសនេះដែរ។
Doggles មានពីរម៉ូដែល គឺ Originalz និង ILS ។ ផលិតផលនេះ ត្រូវបានរចនាឡើង ដោយវត្ថុធាតុពិសេសៗ ដើម្បីទប់ទល់នឹងការប្រេះបែក ទប់ទល់ទឹកសន្សើម និងទប់ស្កាត់កំដៅព្រះអាទិត្យ បាន ១០០% ។ ទន្ទឹមនឹងនេះ Doggles ក៏អាចរឹតបន្ដឹង ឬបន្ធូរ ដើម្បីឱ្យសមស្របនឹងមុខសុនខនិមួយ។
Doggles ត្រូវបានដាក់លក់នៅក្នុងបណ្ដាញផ្សារទំនើប PetSmart , Petco, Amazon, Target រួមនឹងហាងលក់សម្ភារៈសម្រាប់សត្វចិញ្ចឹមជាង ៣,៥០០កន្លែងផ្សេងទៀត។ កាលពីឆ្នាំកន្លង Doggles ទទួលបានប្រាក់ចំណូល ៣លានដុល្លារអាមេរិក។ ក្រៅពី វ៉ែនតា Doggles ក្រុមហ៊ុនរបស់ Roni ថែមទាំងផលិតរបស់លេង ខោអាវ និងសម្ភារៈជាច្រើនទៀត សម្រាប់សុនខផងដែរ៕
ដោយ ៖ តារា
ប្រភព ៖ entrepreneur