វេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា៖ ការសាកល្បងវ៉ាក់សាំងពិសោធន៏ Ebola នឹងចាប់ផ្តើម នៅក្នុងសប្តាហ៏នេះ នៅឯវិទ្យាស្ថានសុខាភិបាលជាតិ ។ បន្ទាប់ពីការរំលឹកសារឡើងវិញយ៉ាងហ្មត់ចត់ ដោយរដ្ឋបាលចំណីអាហារ និងថ្នាំនៃសហរដ្ឋអាមេរិក អ្នកស្រាវជ្រាវ បានទទួលការអនុញ្ញាត ឲចាប់ផ្តើមធ្វើការសាកល្បងសំរាប់សុវត្ថិភាពមនុស្ស។
វាគឺជាការសាកល្បងដំបូងនៃប្រភេទវ៉ាក់សាំងនេះទៅលើមនុស្ស។ វ៉ាក់សាំងពិសោធន៏ ដែលបង្កើតដោយ ក្រុមហ៊ុន GlaxoSmithKline និង NIAID នឹងត្រូវចាក់ទៅលើមនុស្សដែលមានសុខភាពល្អ ចំនួនបីនាក់ ដើម្បី មើលថាតើ ពួកគេទទួលរងផលប៉ះពាល់អ្វីខ្លះ។ ប្រសិនបើវាមានសុវត្ថិភាព វ៉ាក់សាំងទាំងនោះ នឹងត្រូវ ផ្តល់ទៅឲអ្នកស្ម័គ្រចិត្ត មួយក្រុមតូចផ្សេងទៀត ដែលមានអាយុចាប់ពី ១៨ ដល់៥០ឆ្នាំ ដើម្បីមើលថា តើវាអាចបង្កើតភាពស៊ាំខ្លាំងក្លា សំរាប់ប្រឆាំងនឹងមេរោគនេះរឺមួយយ៉ាងណានោះ។ ហើយមនុស្ស ទាំងអស់នោះ នឹងត្រូវបានត្រួតពិនិត្យមើលយ៉ាងហ្មត់ចត់។
វេជ្ជបណ្ឌិត Fauci និយាយថា៖ វ៉ាក់សាំងនេះ ទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការសាកល្បងទៅលើ សត្វស្វា នាពេលថ្មីៗនេះ។ គាត់កត់សំគាល់ថា វិធីសាស្ត្រកំពុងប្រើនេះ នាំឲភាពស៊ាំប្រឆាំងនឹង មេរោគ Ebola ដែលមិនអាចឲមនុស្សមានសុខភាពល្អ ឆ្លងមេរោគនេះបានឡើយ។
បើយោងតាម NIH វ៉ាក់សាំងនេះ នឹងត្រូវបានសាកល្បងលើ អ្នកស្ម័គ្រចិត្ត ដែលមានសុខភាពល្អ នៅក្នុង ចក្រ ភពអង់គ្លេស ប្រទេសហ្កេមបៀ និងម៉ាលី នៅពេលដែលពត៌មានលំអិតទាំងអស់បានបញ្ចប់ ដោយមន្ត្រី សុខាភិបាល នៅក្នុងប្រទេសទាំងនោះ។
វេជ្ជបណ្ឌិត Fauci បានរៀបរាប់ថា៖ ការសាកល្បង មិនអាចធ្វើនៅប្រទេសកំពុងរាតត្បាតដោយ មេរោគដ៏សាហាវនេះទេ ដែលមានដូចជា ប្រទេស ហ្គីណេ សេរ៉ាលីអន លីបេរីយ៉ា និងនីហ្សេរីយ៉ា ដោយសារតែកង្វល់ហេដ្ឋរចនាសម្ព័ន្ធសុខាភិបាល មិនអាច ទ្រទ្រង់បាន។ ប្រទេសហ្កេមបៀ និងម៉ាលី ត្រូវបានជ្រើសរើស ពីព្រោះតែ NIH មានសម្ព័ន្ធភាពសហការយូរអង្វែង ជាមួយអ្នកស្រាវជ្រាវនៅក្នុងប្រទេស ទាំងនោះ។
NIH ឲដឹងថា មន្ត្រីផ្លូវការមកពីមជ្ឈមណ្ឌល ការពារ និងគ្រប់គ្រងជំងឺ កំពុងពិភាក្សាជាមួយ មន្ត្រីសុខាភិបាល មកពីប្រទេសនីហ្សេរីយ៉ា អំពីការធ្វើការសាកល្បងសុវត្ថិភាពថ្នាំនៅទីនោះ។
វ៉ាក់សាំង ដែលបង្កើតដោយ GSK និង NIAID គឺជាវ៉ាក់សាំងមួយដែលនាំមុខគេ ក្នុងចំណោមវ៉ាក់សាំងពីរ ប្រភេទ។ វ៉ាក់សាំង មួយប្រភេទទៀតនោះ ត្រូវបានបង្កើតដោយ ភ្នាក់ងារសុខាភិបាលសាធារណៈ នៃ ប្រទេសកាណាដា និងបានផ្តល់សិទ្ធិឲក្រុមហ៊ុន NewLink Genetics នាពេលថ្មីៗនេះ។
នៅដើមខែនេះ រដ្ឋភិបាលកាណាដា បានបញ្ជូន វ៉ាក់សាំង ចំនួន ៨០០ ទៅ១,០០០ ទៅកាន់ប្រទេស លីបេរីយ៉ា ដូចដែលបាននិយាយកាលពីមុន។ វាមិនប្រាកដទេថា វ៉ាក់សាំងនោះ បានផ្តល់ឲទៅបុគ្គលិក សុខាភិបាល រឺក៏ នរណាម្នាក់ដែលនៅទីនោះ។
វ៉ាក់សាំងប្រភេទទីបី បង្កើតដោយ NIH ត្រូវបានធ្វើតេស្តលើថនិកសត្វ ហើយបានរកឃើញថា វាអាចការពារ ពួកវាពីការឆ្លងមេរោគនោះ ដោយវាត្រូវបានបញ្ចូលគ្នា ជាមួយ Depovax ដែលជាថ្នាំជំនួយ ដែលត្រូវបានប្រើ ជាមួយ វ៉ាក់សាំងដទៃទៀត និងវិធីព្យាបាលជំងឺមហារីក ដើម្បីបង្កើន ភាពស៊ាំក្នុងសារពាង្គកាយ។
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ cnn