Tim Holmes, អតីតបុគ្គលិករបស់ Apple ទើបតែបង្ហោះនូវរូបភាពមួយចំនួន ដែលបានថតតាំងពី
ថ្ងៃទី 20/12/1996 ពេលដែល Steve Jobs ត្រូវបានអញ្ជើញវិលត្រលប់មក Apple វិញ បង្កឲ្យមាន
ការភ្ញាក់ផ្អើល ពេញពិភពបច្ចេកវិទ្យា។
ម្ចាស់រូបភាពដ៏កម្រទាំងនេះ បានសរសេរក្នុង Flickr របស់ខ្លួនថា ថ្ងៃ Steve Jobs វិលត្រលប់មក
ក្រុមហ៊ុន អ្នកគ្រប់គ្រងរបស់ Tim Holmes បានដើរចូលយ៉ាងប្រញាប់ទៅបន្ទប់ធ្វើការរបស់ Tim
និងបានប្រាប់ថា ប្រញាប់ទៅ Town Hall (បន្ទប់ប្រជុំធំរបស់ Apple)។
Steve Jobs វិលត្រលប់មក Apple វិញនៅចុងខែធ្នូ
"វាប្រាកដជា មិនមែនជាការប្រជុំឡើយ។ ខ្ញុំបានហៅប្រពន្ធរបស់ខ្ញុំភ្លាម (គាត់ក៏ធ្វើការនៅ Apple
កាលពីពេលនោះ) មកបន្ទប់ប្រជុំ។ យើងខ្ញុំទាំងពីរនាក់ មិនដឹងថាមានរឿងអ្វីកើតឡើងទេ" Tim
Holmes និយាយ។
បើទោះជាមិនច្បាស់ថា មានអ្វីកើតឡើង ប៉ុន្តែលោកនៅតែសំរេចចិត្តយកម៉ាស៊ីនថតរូប Apple
QuickTake ទៅតាម។ ផលិតផលនេះ ក្រោយមកត្រូវបាន Steve Jobs ឈប់ឲ្យផលិត។
Steve Jobs បង្ហាញខ្លួនជាមួយនាយកបច្ចេកទេស Apple Gil Amelio នៅ Town Hall
ពេលបង្ហាញខ្លួន Steve Jobs ពាក់អាវក្រៅពណ៌ខ្មៅ។ ជាក់ស្តែង ដោយសារតែបច្ចេកវិទ្យាកាមេរ៉ា
ថតរូបនៅឆ្នាំ 1996 មិនទាន់រីកចំរើន ទើបរូបដែលថតបាននោះ ពណ៌អាវប្រែទៅជា ពណ៌ស្វាយ
ទៅវិញ។
Tim Holmes បានឲ្យដឹងថា បណ្តារូបភាពស្តីពី Steve Jobs ដែលលោករកឃើញនេះ គឺជាការចៃដន្យ
ប៉ុណ្ណោះ។ "ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលបណ្តារូបភាព ដែលបានរក្សាទុកជាយូរណាស់
មកហើយ បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងដូច្នេះ។ តាមពិតទៅពេលនោះ ខ្ញុំកំពុងតែស្វែងរកការងារ
នៅលើបណ្តាញសង្គម LinkedIn ហើយក៏ប្រទះឃើញរូបភាពទាំងនេះដោយចៃដន្យ។ ខ្ញុំក៏សំរេចចិត្ត
បង្ហោះវានៅលើ Flickr តែម្តងទៅ"។
ពីរបីឆ្នាំក្រោយពីការវិលត្រលប់មកវិញ Steve Jobs ចាប់ផ្តើមណែនាំនូវផលិតផល "hot"
មួយចំនួនដូចជា iPod, iPhone ជាដើម
ដោយ៖ សិលា
ប្រភព៖ VE