នៅក្នុងពេលវេលាយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោក Donald Trump បានរំលឹកដល់ឈ្មោះ Apple មិនតិចដងនោះឡើយ។ កត្តានេះបានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីអាមេរិចដែលទើបតែជាប់ឆ្នោតរូបនេះ បានចាប់អារម្មណ៍ខ្លាំងកម្រិតណា ដល់ក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកមួយនេះ ហើយនៅក្នុងពេលអនាគត អាចនឹងមានគោលនយោបាយជាច្រើន ដែលជះឥទ្ធិពលដល់ Apple នឹងដាក់ចេញមក។ ក្នុងចំណោមនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ថ្លៃចំណាយផលិត iPhone មួយគ្រឿងអាចនឹងកើនឡើង ៥០ដុល្លារ ដោយសារបណ្តាគោលនយោបាយថ្មីៗទាំងនោះ។
នៅក្នុងពេលវេលាយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោក Donald Trump បានប្រាប់ Apple ឲ្យនាំយកបណ្តារោងចក្រផលិត iPhone របស់ក្រុមហ៊ុនខ្លួន ត្រឡប់មកសហរដ្ឋអាមេរិចវិញទាំងអស់។ បច្ចុប្បន្ន iPhone ត្រូវបានដំឡើងនៅប្រទេសចិន ជាមួយនឹងបណ្តាក្រុមហ៊ុនផ្គត់ផ្គង់មកពីអាស៊ី ហើយលោក Trump បានចាត់ទុកថា នោះគឺជាសកម្មភាពមួយ ដែលបានឆក់យកការងារធ្វើ នៅក្នុងសហរដ្ឋអាមេរិច។
“ខ្ញុំនឹងនាំយកការងារត្រឡប់មកវិញ” លោក Trump បាននិយាយការខែមីនា ឆ្នាំ២០១៦ កន្លងមក។ “ខ្ញុំនឹងធ្វើឲ្យ Apple ត្រូវចាប់ផ្តើមនាំយកបណ្តារោងចក្រផលិត iPhone និងកុំព្យូទ័រ របស់ពួកគេ ត្រឡប់មក សហរដ្ឋអាមេរិចវិញ។ ធ្វើយ៉ាងណា Apple អាចជួយពួកយើងបានទៅ បើពួកគេគិតតែផលិត iPhone នៅប្រទេសចិននោះ?”។
បើទោះជាការប្តេជ្ញាចិត្តរបស់លោក Donald Trump មានភាពខ្លាំងក្លា ប៉ុន្តែយើងក៏មិនអាចបដិសេធបាននូវការលំបាកដែលកើតមានឡើងចំពោះ Apple ពេលដែលផ្លាស់ប្តូររោងចក្រផលិត មកសហរដ្ឋអាមេរិចវិញនោះ។ ដំបូងគឺយើងត្រូវនិយាយដល់ថ្លៃចំណាយលើការផលិត ដែលនឹងកើនឡើង ហើយធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន ថមថយនូវលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។ បើតាមការប៉ាន់ប្រមាណ ថ្លៃចំណាយផលិត iPhone មួយគ្រឿងនៅសហរដ្ឋអាមេរិច នឹងខ្ពស់ជាង ៥០ដុល្លារ បើប្រៀបធៀប នឹងការផលិតនៅក្នុងប្រទេសចិន។ នេះនៅមិនទាន់គិតដល់រឿង ដែលអាចស្វែងរកបាន បណ្តា ក្រុមហ៊ុនផ្គត់ផ្គង់មានគុណភាព និងស្ថិតក្នុងស្រុកដូចទៅនឹង Foxconn ឬក៏ Sharp ដែលបច្ចុប្បន្នពិតជា ពិបាក ក្នុងការស្វែងរកណាស់។
ជាក់ស្តែងលោក Trump នៅតែមានវិធីដើម្បីធ្វើឲ្យ Apple ត្រូវធ្វើការពិចារណា ស្តីពីការដែលត្រូវ ដំឡើងរោងចក្រផលិត នៅសហរដ្ឋអាមេរិច។ វិធីមួយក្នុងចំណោមនោះគឺ ការបង់ពន្ធដល់ទៅ ៤៥% សម្រាប់បណ្តាផលិតផលដែលនាំចូលពីប្រទេសចិន រួមទាំង iPhone ដែលផលិតនៅក្នុងប្រទេស នោះ។ បើសិនជា លោក Donald Trump ប្តេជ្ញាអនុវត្តនូវសម្តីដែលបានសន្យាដល់ទីបំផុតនោះ Apple នឹងត្រូវឈឺក្បាល ក្នុងការពិចារណាថ្លឹងថ្លែងរវាង ថ្លៃចំណាយផលិត iPhone និងហានិភ័យបាត់បង់ទីផ្សារនៅអាមេរិច៕
- ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន
- លេចចេញឈ្មោះកូដរបស់ Samsung Galaxy S8 ដែលមានការផ្លាស់ប្តូរ និងម៉ូដែលត្រកូល Galaxy Note ថ្មីមួយ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Vreview