យោងតាមគេហទំព័រជប៉ុន Macotakara បានបង្ហើបឲ្យដឹងថា iPhone 7s អាចនឹងត្រូវបន្ថែមនូវជម្រើស ពណ៌ក្រហមមួយទៀត ទន្ទឹមនឹងពណ៌ដែលមានស្រាប់គឺ ពណ៌ខ្មៅគ្រើម ទឹកប្រាក់ ផ្កាឈូក មាស និងខ្មៅរលោង។ ក្នុងនោះ ក្រុមហ៊ុនវិភាគ KGI បានជឿជាក់ថា iPhone នឹងមានដល់ទៅបីម៉ូដែល នៅក្នុងឆ្នាំក្រោយ។ មួយម៉ូដែលគឺ iPhone 8 អេក្រង់ OLED មិនមានប៊ូតុង Home និងមានការរចនាម៉ូតថ្មីស្រឡាង ឯពីរម៉ូដែលទៀតគឺជា iPhone 7s ជាមួយនឹងការរចនាម៉ូតមិនផ្លាស់ប្តូរអ្វីឡើយ បើធៀបនឹង iPhone 7 ហើយតម្លៃលក់ គឺថោកជាង iPhone 8។
Macotakara បានឲ្យដឹងបន្ថែមថា ស៊េរី iPhone 7s នឹងមិនមានបច្ចេកវិទ្យាសាកថ្មរហ័ស ឬសំបកកញ្ចក់ដូចនឹង iPhone 8 ទេ ដោយក្រុមហ៊ុន Apple ផ្តោតតែលើការអាប់ឌេតលក្ខណៈសម្បត្តិផ្នែកខាងក្នុងស្មាតហ្វូន ឧទាហរណ៍ដូចជា Chip ឡើងពី A10 ទៅ A11។
បច្ចុប្បន្ននេះ វាហាក់ដូចជាឆាប់នៅឡើយ សម្រាប់ព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹង ស្មាតហ្វូនស៊េរីថ្មីៗរបស់ Apple ហើយគ្រប់ព័ត៌មានចចាមអារ៉ាមទាំងអស់ អាចនឹងមានការផ្លាស់ប្តូរ នៅពេលខាងមុខទៀត៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Macotakara, Tinhte