ក្រុមអ្នកសិក្សាស្រាវជ្រាវអន្តរជាតិ បានដកស្រង់ភពចំនួន ២០ ដែលដូចទៅនឹងផែនដី ពីបញ្ជីដែល
មានភពចំនួន ៤.០០០ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលរកឃើញដោយកែវពង្រីកភព Kepler។
International Business Times បានចេញផ្សាយថា ពីទិន្នន័យដែលកែវពង្រីកភព Kepler ប្រមូល
បាន ក្រុមអ្នកវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ San Francisco អាមេរិក កាលពីថ្ងៃទី ២សីហា បាន
ប្រកាសនូវបញ្ជីឈ្មោះនៃភពចំនួន ២០ ដែលដូចផែនដី ក្នុងចំណោមភពចំនួន ២១៦ ដែលអាចមាន
ទឹកក្នុងសភាពរាវ ជួយដល់សភាវមានជីវិត។
សាស្ដ្រាចារ្យ Stephen Kane ដែលជាអ្នកដឹកនាំក្នុងស្រាវជ្រាវ ថ្លែងថា ៖ “នេះគឺជាភពដែលបានសម្រាំង
ចេញពីបញ្ជីឈ្មោះនៃភពទាំងឡាយដែលស្ថិតក្នុងតំបន់ដែលអាចមានជីវិតរស់នៅ។ ប្រការនេះ មាន
ន័យថា យើងអាចផ្ដោតទៅលើបណ្ដាភពនៅក្នុងបញ្ជីនេះ និងចាប់ផ្ដើមសិក្សាស្រាវជ្រាវស៊ីជម្រៅ
ជាងមុន ដើម្បីឱ្យដឹងថា តើពួកវាសមស្របនឹងមានជីវិតរស់នៅដែរឬអត់។”
ការស្រាវជ្រាវក៏បានរកឃើញថា បណ្ដាភពដែលកែវយឹត Kepler បានរកឃើញ គឺមាននៅទាំងក្នុង និង
ក្រៅតំបន់ដែលអាចមានជីវិតរស់នៅ ហើយវាបង្ហាញថា ភព ឬព្រះចន្ទជាច្រើនក្នុងអវកាស អាចនឹង
មានសត្វ ឬមនុស្សភពក្រៅរស់នៅ។
បណ្ដាភពខាងលើ ត្រូវបានបែងចែកជាប្រភេទ ដោយយោងទៅតាមទីតាំង ទំហំ និងធាតុផ្សំ។ ទីតាំង
របស់ភព ធៀបនឹងផ្កាយមេ គឺជាចំនុចសំខាន់បំផុត។ បើសិនភពណាមួយនៅឆ្ងាយពីផ្កាយមេពេក
នោះទឹកនឹងកកដូចនៅលើភពអង្គារ ប៉ុន្តែ បើសិនវានៅជិតពេក នោះវានឹងក្ដៅខ្លាំងដូចទៅនឹងភព
សុក្រ (Venus)។
បញ្ជីឈ្មោះ ត្រូវបានបែកចែកជា ៤ប្រភេទ ដើម្បីជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ។ សាស្ដ្រាចារ្យ
Stephen Kane កំពុងតែស្រាវជ្រាវលើភពចំនួន ២០ ដែលអាចនឹងមានសត្វ ឬមនុស្សភពក្រៅរស់
នៅ ក្នុងភាគរយច្រើនបំផុត។
គម្រោងនៃការបែកចែកប្រភេទនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំ ដោយមានការចូលរួមពីក្រុម
អ្នកសិក្សាស្រាវជ្រាវមកពីមន្ទីរបច្ចេកវិទ្យា California (Caltech), សកលវិទ្យាល័យ Bordeaux, សកល
វិទ្យាល័យ Arizona, សកលវិទ្យាល័យ Cornell, មជ្ឈមណ្ឌលតារារូបវិទ្យា Harvard-Smithsonian និង
NASA។
ប្រែសម្រួល ៖ បុត្រា