(ប៉ារីស)៖ ក្រុមបាល់ទាត់មាន់គកបារាំង រំពឹងស្តារមុខមាត់ឡើងវិញ ក្នុងការទទួលបាន៣ពិន្ទុ ពេលជួបក្រុមភ្ញៀវបុលហ្គារី ក្នុងវគ្គជម្រុះ World Cup 2018 រាត្រីនេះ បន្ទាប់ពីលេងបានស្មើលទ្ធផល ០-០ ក្នុងទឹកដីរបស់បែលឡារុសក្នុង១ប្រកួត បើកឆាកពូល A ប្រចាំទ្វីបអឺរ៉ុប។
២ប្រកួតផ្លូវការរបស់ក្រុមម្ចាស់ជើងឯកពិភពលោក ឆ្នាំ១៩៩៨ ក្នុងទឹកដីរបស់ខ្លួនមួយនេះ ពុំទាន់ទទួលបានជ័យជំនះ ក្រៅពីប្រកួតបានស្មើ ០-០ ទល់នឹងក្រុមភ្ញៀវព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដែលជាការអាម៉ាស់បំផុត មុនមកលេងវគ្គជម្រុះស្មើ ០-០ ជាមួយនឹងម្ចាស់ផ្ទះបែលឡារុសថែមទៀតនោះ។
បារាំង ជាក្រុមមួយដែលសំបូរទៅដោយកីឡាករក្មេងៗលេងល្អជាច្រើន ជាមួយនឹងតម្លៃខ្លួនថ្លៃផងដែរដែលកំពុងប្រកប អាជីពនៅក្នុងក្លឹបល្បីក្នុងតំបន់អឺរ៉ុបបច្ចុប្បន្នមានដូចជា Bacary Sagna លេងឲ្យ Man City, Giroud លេងឲ្យ Arsenal, Antoine Griezmann លេងឲ្យ At.Madrid, Rafael Varane លេងឲ្យ Real Madrid និង Paul Pogba លេងឲ្យ Manchester United ជាដើម។
បច្ចុប្បន្នបារាំង ជាក្រុមស្ថិតនៅក្នុងលេខរៀងទី៨ ក្នុង FIFA Ranking របស់ពិភពលោក ដែលត្រូវប្រជែងទល់នឹងក្រុម ឈរនៅចំណាត់ថ្នាក់លេខ៧៤ បុលហ្គារី នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្នុងចំណោម ៨ប្រកួតផ្សេងដែលសុទ្ធសឹងតែចាប់ផ្តើមនាម៉ោងខាងលើដូចគ្នា៕
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបុលហ្គារី
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង