(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស និងឥន្រ្ទីដែកអាល្លឺម៉ង់ សុទ្ធតែរកបាន៣ពិន្ទុដូចគ្នានៅ ថ្ងៃបើកឆាកប្រកួតជម្រុះ World Cup 2018 នៅរុស្ស៊ី ប្រចាំទ្វីងអឺរ៉ុប (UEFA) នារាត្រីយប់មិញក្នុងថ្ងៃបើកឆាកដំបូង។
តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា អង់គ្លេសបានប្រើពេលរហូតដល់ជិតចប់ការប្រកួតពេញម៉ោង ទើបអាច យកឈ្នះម្ចាស់ផ្ទះស្លូវ៉ាគី ១-០ ក្នុងខណៈដែលស្លូវ៉ាគីនៅសល់សមាជិកតែ១០នាក់ចាប់ពីនាទីទី៥៧មក ដោយសារតែ ប្រធានក្រុម Martin Skrtel ត្រូវបានពិន័យកាតក្រហម (កាតលឿង ២ដង) ស្របពេលដែលក្រុមម្ចាស់ជើងឯក World Cup 2014 អាល្លឺម៉ង់ បានបំបាក់ម្ចាស់ផ្ទះន័រវ៉េ ៣-០ ដើម្បីឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន។
១គ្រាប់របស់ក្រុមដែលមានរហស្សនាមថា «តោ៣» គឺរកបានដោយកីឡាករមកពីក្លឹប Liverpool, Adam Lallana នៅនាទីទី ៩០+៥ ហើយក៏ជាប្រកួតជ័យជំនះលើកដំបូងរបស់គ្រូបង្វឹកថ្មី Sam Allaryce ផងដែរ ក្នុងការចូលដឹកនាំ ជំនួសកៅអីលោក Roy Hogdson ដែលបានលាឈប់។
ងាកទៅមើលក្រុមដែលជ្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពី Euro 2016 ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះបារាំងនោះ បានបំបាក់ក្រុមន័រវ៉េ ៣-០ ដាច់ ដើម្បីឡើងទៅឈរនៅកំពូលតារាងនៃពូល C បណ្តោះអាសន្ន ដែលជាការធ្វើបានសម្រេចដោយកីឡាករ Thomas Mueller មកពីក្លឹប Bayern Munich រកបាន២គ្រាប់នៅនាទីទី១៦ និងនាទីទី៦០ ជាមួយនឹងមិត្តរួមក្រុមខ្សែការពារ Joshua Kimmich រកបាន១គ្រាប់ដែរនៅនាទីទី៤៥៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង