(ក្រុងឡុងដ៍)៖ សមាជិកក្លឹប FC Barcelona រួមមាន Lionel Messi និង Luis Suarez បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេសហើយថ្ងៃចន្ទ ទី២៥ ខែកក្កដាម្សិលមិញនេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុម Celtic របស់ស្កុតឡេន រាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា ក្រុមជើងឯកអេស្ប៉ាញ Barcelona នឹងចំណាយពេល៦ថ្ងៃនៅអង់គ្លេស ក្នុងជំរុំហ្វឹកហាត់ St George’s Park ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis Enrique និងសហការី មុនប្រកួតមិត្តភាព ទល់នឹងក្រុម Celtic នៅពហុកីឡដ្ឋាន Dublin ដោយពុំមានវត្តមានខ្សែប្រយុទ្ធ Neymar ឡើយ ដោយជាប់បេសកកម្មជួយប្រេស៊ីល ក្នុងការប្រកួតកីឡាអូឡាំពិក Rio 2016 នៅក្នុងប្រទេសរបស់គេ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។
តារាឆ្នើមវ័យ២៩ឆ្នាំ Messi បានកាត់ពេលវិស្សមកាលរបស់គេ ដើម្បីបានមកចូលរួមជាមួយក្លឹបក្នុងការប្រកួតនៅទឹកដីអង់គ្លេស ដែលនេះជាការវិលចូលទីលានជាថ្មី បន្ទាប់ពីជួយអាហ្សង់ទីន ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានប្រចាំទ្វីបអាមេរិក Copa America Centenario 2016 នៅសហរដ្ឋអាមេរិក ទោះចាញ់ឈីលី ៤-២ ដោយបាល់ប៉េណាល់ទីក៏ដោយ៕
Lionel Messi (ស្តាំ) និង Luis Suarez
គ្រូបង្វឹក Luis Enrique
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង