(អាហ្សង់ទីន)៖ តារាបាល់ទាត់ឆ្នើម លំដាប់លេខ១ របស់ពិភពលោក Lionel Messi បានផ្លាស់ប្តូរចិត្តត្រឡប់ ជួយក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីនវិញហើយ បន្ទាប់ពីចូលនិវត្តន៍បានជិត២ខែ មកនេះ។
សារព័ត៌មាន BBC បានដកស្រង់សំដីកីឡាករខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំដែលកំពុងលេងឲ្យក្លឹបអាជីព Barcelona របស់អេស្ប៉ាញថា «រឿងរ៉ាវជាច្រើន បានធ្វើឲ្យចិត្តខ្ញុំផ្លាស់ប្តូរ ដោយខ្ញុំពិតជាស្រឡាញ់ជាតិ និងឯកសណ្ឋាននេះខ្លាំងណាស់ ជាមួយរឿងជាច្រើនទៀត ដែលពួកយើងត្រូវធ្វើរួមគ្នា»។
កីឡាករដែលបានចូលលេង ក្នុងក្រុមជម្រើសជាតិពពកស អាហ្សង់ទីនបាន ១៣៣ប្រកួត និងស៊ុតបញ្ចូលទីបាន៥៥គ្រាប់ច្រើនជាងគេ បានប្រកាសចូលនិវត្តន៍ភ្លាមៗ នៅពេលខឹងចិត្តទាត់ចាញ់ឈីលី ៤-២ ដោយបាល់ប៉េណាល់ទី វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអាមេរិក Copa America Centenario 2016 ដែលមានអាមេរិក ធ្វើម្ចាស់ផ្ទះថ្ងៃទី០៥-២៧ ខែមិថុនា ឆ្នាំ២០១៦។
Messi ត្រៀមជួយអាហ្សង់ទីន ជម្រុះ World Cup 2018 ជាបន្តទៀត ដោយជួបក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងវេណេស៊ុយអេឡា នៅដើមខែកញ្ញាខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង