CamNews

កីឡាអន្តរជាតិ 

Messi វិល​មក​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់​ទីន​​វិញ ក្រោយ​​ចូល​​និវត្តន៍​បាន ១​សប្តាហ៍

(ក្រុងអាយរេស)៖ កាសែតក្នុងស្រុក La Nacional របស់អាហ្សង់ទីន បានចេញផ្សាយព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដាថា កីឡាករ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Lionel Messi បាន​សម្រេច​វិល​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​វិញ​ហើយ បន្ទាប់ពីប្រកាស ចូលនិវត្តន៍ពីជម្រើសជាតិ​បាន ១​សប្តាហ៍​។

សារព័ត៌មានដ៏ល្បីរបស់អាហ្សង់ទីន ដដែលបានបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំ ដែលកំពុងប្រកបអាជីពក្នុងយក្ស អេស្ប៉ាញ FC Barcelona វិល​មក​វិញ​ជា​លើក​ទី​២​នេះ គឺ​ដើម្បី​ជួយ​ក្រុម​រង​ជើង​ឯក World Cup 2014 លេងក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី និង​ត្រៀម​ធ្វើ​ការ​ប្រកួត​ជម្រុះ​ពាន ៤​ឆ្នាំ​ម្តង​នេះ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​បន្ត​ទៀត​។

សូមរំលឹកផងដែរថា បុរសកូន ២នាក់ Lionel Messi បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីមិនអាចជួយក្រុមពពកស អាហ្សង់ទីន ឈ្នះ​ពាន​ជើង​ឯក​ប្រចាំ​ទ្វីប​អា​មេ​រិក Copa America Centenarion 2016 បន្ទាប់ពីចាញ់ ក្រុមមកពីតំបន់អាមេរិកឡាទីនដូចគ្នា ឈីលី ដោយ​បាល់​ប៉េណាល់ទី​កាត់​សេច​ក្តី ៤-២ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦ ដែល​មាន​អាមេ​រិក​ធ្វើ​ម្ចាស់​ផ្ទះ។

តែយ៉ាងណាក៏ដោយ កាសែត La Nacional មិនបានបញ្ជាក់ថា Messi នឹងមកចូលរួមក្រុមហ្វឹកហាត់ជុំគ្នាពេលណានោះទេ ដើម្បីធ្វើជាប្រធាន​ក្រុម​ដឹក​នាំ​អាហ្សង់​ទីន លេង​ជម្រុះ World Cup 2018 ជា​បន្តទៀតប្រចាំតំបន់អាមេរិកខាង ត្បូង តែច្បាស់ថា Messi បាន​សម្រេច​ចិត្ត​មិន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ឡើយ បន្ទាប់​ពី​ទទូច​សុំ​ពី​ប្រធា​នាធិប​តី​​អាហ្សង់​ទីន Mauricio Macri និងអតីតគ្រូបង្វឹករបស់ខ្លួន Diego Maradona និង​បង​ប្អូន​ជន​រួម​ជាតិ​អាហ្សង់​ទីន​ថែម​ទៀត​នោះ ព្រោះថារូបគេ ជា​កីឡាករ​ស្នូល​ក្នុង​ក្រុម និង​ជា​បច្ច័យ​អាក្រក់​ផង​ដែរ សម្រាប់​កីឡាករ​ឯ​ទៀត ក្នុង​ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ទាំង​ឆាប់​រហ័ស​បែប​នេះ​៕

 

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Messi