CamNews

កីឡាអន្តរជាតិ 

Messi និង​ឪពុក ត្រៀម​ប្តឹង​ជំទាស់ ជុំវិញ​​ការ​​សម្រេច​​របស់​​តុលា​​ការ កាត់​ក្តី​ឲ្យ​ជាប់​គុក​២១​ខែ

(បាសេឡូណា)៖ តារាបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីន Lionel Messi រួមជាមួយឪពុកបង្កើតរបស់គេលោក Jorg Messi បាន​បដិ​សេធ និង​ត្រៀម​ប្តឹង​វាយ​បក​ចំពោះ​តុលា​ការ​នៅ​ទីក្រុង Barcelona ដែលបានកាត់ក្តីឲ្យពួកគេទាំងពីរ ជាប់ពន្ធនាគារចំនួន​២១​ខែ​ដូច​គ្នា នេះ​បើ​យោង​តាម​មេធាវី​ការ​ពារ​ក្តី​របស់ Messi ថ្លែង​ប្រាប់ BBC។

តែយ៉ាងណាក៏ដោយ ដោយស្ថិតក្នុងប្រព័ន្ធច្បាប់នៃប្រទេសអេស្ប៉ាញ ការជាប់ពន្ធនាគារក្រោម២ឆ្នាំ ត្រូវបានព្យួរ និងតម្រូវឲ្យ​កីឡាករ​វ័យ​២៩​ឆ្នាំ របស់​ក្លឹប FC Barcelona និង​ឪពុក​របស់គេ បង់ប្រាក់ ២,២លានដុល្លារ ដើម្បីនៅក្រៅឃុំ និងទុកឱកាសប្តឹងជំទាស់បន្តទៀត ពីបទកេងបន្លំប្រាក់បង់ពន្ធជូនប្រទេសអេស្ប៉ាញ នៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៩ ក្នុងនាមជាកីឡាករដែលមកប្រកប អាជីពក្នុងប្រទេសមួយនេះ។

សូមរំលឹកផងដែរថា ករណីបន្លំប្រាក់បង់ពន្ធ (tax fraud) របស់ Messi ត្រូវបានគេរកឃើញដំបូង តាំងពីដើមឆ្នាំ២០១៥ ក្រោយពីសង្ស័យចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក ហើយ​តុលា​ការ​ប្រទេស​អេស្ប៉ាញ ក៏បានធ្វើការកោះហៅ Messi ចូលបំភ្លឺ៣ដងមកហើយដែរ ជុំវិញ​ការ​ប្រើ​ប្រាស់​គណនី​ក្លែង​ក្លាយ​ដល់​ទៅ​៣ ក្នុងការបន្លំបង់ពន្ធ ចំពោះប្រាក់ចំណូលដែលបាន ពីការលក់សិទ្ធិរូបភាពទៅឲ្យក្រុមហ៊ុន Balize និងប្រទេសអ៊ុយរ៉ាហ្គាយនោះ។

មេធាវី Messi បានបញ្ជាក់យ៉ាងខ្លី «ក្រោយបិទសវនការល្ងាចម្សិលមិញថា ការកាត់ក្តីនេះ មិនយុត្តិធម៌នោះទេ ហើយពួកយើងមាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ជំទាស់ ដើម្បី​​ការ​​ពារ​​នូវ​ភាព​ស្អាត​ស្អំរបស់ពួកយើង»

ស្របគ្នានោះដែរ ក្លឹបបាល់ទាត់ Barcelona ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រ Messi និងឪពុករបស់គេដែរ ថាគ្មានផ្លូវ Messi ធ្វើរឿងបែបនេះឡើយ និង​បាន​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ ចាប់តាំងពីបានមករស់នៅក្នុងប្រទេសអេស្ប៉ាញ ពីឆ្នាំ១៩៩៥ មក ក្នុងនាមជាកីឡាករយុវជនក្នុងក្លឹប Barcelona៕

-អាន ៖ Messi និង​ឪពុក ត្រូវ​បាន​តុលា​ការ​អេស្ប៉ាញ កាត់​ទោស​ឲ្យ​ជាប់​​គុក ២១​ខែដោយ​សារ​បន្លំ​ប្រាក់​បង់​ពន្ធ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Messi